កិច្ច​ប្រជុំ ICC-Angkor ចាប់​ផ្ដើម​នា​ថ្ងៃ​ទី​២៤ វិច្ឆិកា នៅ​សៀមរាប

មន្ត្រី​រដ្ឋាភិបាល និង​អ្នក​ឯកទេស​ខាង​ថែ​រក្សា​ប្រាសាទ​បុរាណ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ ខេត្ត​សៀមរាប នា​ពេល​ខាង​មុខ​នេះ ដើម្បី​បន្ត​ការ​ជួយ​ថែ​រក្សា​ប្រសាទ​បុរាណ​ចាស់ៗ មិន​ឲ្យ​ខូច​ខាត​ធ្ងន់ធ្ងរ។

0:00 / 0:00

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​នៃ​ប្រទេស​កម្ពុជា មាន​គម្រោង​ការ​រៀបចំ​កិច្ច​ប្រជុំ​លើក​ទី​១៧ នៃ​គណៈកម្មការ​សម្រប​សម្រួល​អន្តរ​ជាតិ​ស្ដីពី​អង្គរ ឬ (ICC-Angkor) នៅ​ក្នុង​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ដើម្បី​ពិភាក្សា និង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន​៧ ផ្ដោត​លើ​ការ​អភិរក្ស និង​ការ​ជួស​ជុល​ប្រាសាទ​បុរាណ​មួយ​ចំនួន ដែល​រង​ការ​ទ្រុឌ​ទ្រោម ដោយសារ​ធម្មជាតិ និង​បែក​បាក់​កន្លង​មក។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឲ្យ​ដឹង​ថា មាន​តំណាង​ប្រទេស​ចំនួន​២៧ ប្រទេស ដែល​ជា​សមាជិក​របស់ ICC-Angkor នោះ និង​មក​ចូល​រួម រាប់​ទាំង​តំណាង​របស់​អង្គការ​យូណេស្កូ (UNESCO) នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង។ មន្ត្រី​ទាំង​នោះ គឺ​ជា​អ្នក​ឯកទេស​ខាង​អភិរក្ស​ប្រាសាទ​បុរាណ។ កិច្ច​ប្រជុំ ICC-Angkor នេះ គេ​តែង​តែ​ធ្វើ​ឡើង​រៀង​រាល់ ២​ដង ក្នុង​១​ឆ្នាំ គឺ​៦​ខែ​ម្ដង ផ្ដោត​លើ​ការ​ថែ​រក្សា​ប្រាសាទ​អង្គរ​វត្ត និង​ប្រាសាទ​បុរាណ​នានា​នៅ​ជុំវិញ។

រដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ជុច ភឿន បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​ថា កិច្ច​ប្រជុំ​នឹង​សើរើ​ពិនិត្យ​មើល​កិច្ច​ព្រមព្រៀង​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​១៦ កន្លង​មក ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​សៀមរាប ដើម្បី​ចុះ​ហត្ថលេខា​ជា​ផ្លូវ​ការ។ លោក​បន្ត​ថា ៖ «ប្រទេស​ចិន​គេ​ថា គេ​សុំ​ជួស​ជុល​ប្រាសាទ​តាកែវ​អ៊ីចឹង គេ​ស៊ីញេ​ដើម្បី​ថា ចិន​ប្រគល់​លុយ​ប៉ុន្មាន ដើម្បី​ធ្វើ​ការ​ជួស​ជុល​ហ្នឹង។ ក្បាច់​ចម្លាក់​ទាំង​ឡាយ​នៅ​អង្គរ​វត្ត ខាង​ភាគី​អាល្លឺម៉ង់ គឺ​ថា​គេ​ត្រូវ​ចុះ​ហត្ថលេខា ដើម្បី​បន្ត​ការ​ជួស​ជុល​ទៀត»

លោក​បន្ថែម​ថា តំណាង​ប្រទេស​បារាំង និង​ប្រទេស​ជប៉ុន នឹង​ធ្វើ​ជា​សហ​ប្រធាន​នៅ​ក្នុង​កិច្ច​ប្រជុំ​ខាង​មុខ​នេះ ក្រោម​អធិបតីភាព​របស់​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា លោក សុខ អាន ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី និង​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី។

ប្រាសាទ​អង្គរ​វត្ត​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក កាល​ពី​ខែ​ធ្នូ ឆ្នាំ​១៩៩២។

រដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ជុច ភឿន បាន​បញ្ជាក់​ថា កន្លង​មក​មាន​សហ​រដ្ឋ​អាមេរិក​បាន​ជួយ​ជួស​ជុល​ប្រាសាទ​បាក់ខែង។ ប្រទេស​ចិន​ជួយ​ជួស​ជុល​ប្រាសាទ​ចៅ​សាយ​ទេវតា និង​ជួយ​ជួស​ជុល​ប្រាសាទ​បាកែវ។ ប្រទេស​បារាំង​ជួយ​ជួស​ជុល​ប្រសាទ​បាពួន។ ប្រទេស​អាល្លឺម៉ង់​ជួយ​ថែ​រក្សា​ចម្លាក់​នានា​នៅ​ប្រាសាទ​អង្គរ​វត្ត។ ប្រទេស​ជប៉ុន​ជួយ​ជួស​ជុល​ប្រាសាទ​បាយ័ន និង​ប្រទេស​ឥណ្ឌា​ជួយ​ជួស​ជុល​ប្រាសាទ​តា​ព្រហ្ម។

ប្រភព​ឲ្យ​ដឹង​ថា អ្នក​ជំនាញ​ទាំង​នោះ និង​សិក្សា​មើល​មិន​ឲ្យ​មាន​ការ​កាប់​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ប្រាសាទ​អង្គរ​វត្ត និង​ប្រាសាទ​តា​ព្រហ្ម និង​ពិនិត្យ​មើល​ផង​ដែរ​អំពី​ស្ថាន​ការណ៍​ទឹក​នៅ​ក្នុង​បារាយ​នាគព័ន្ធ។

សម្បត្តិ​បេតិកភណ្ឌ​ខ្មែរ​ដែល​មាន​ទាំង​រូបី ដូច​ជា​ប្រសាទ​បុរាណ និង​អរូបី​ដូច​ជា​កំណាព្យ តន្ត្រី និង​វោហារ​សាស្ត្រ​ត្រូវ​បាន​ការពារ​ដោយ​អនុសញ្ញា​អន្តរ​ជាតិ​ចំនួន​៧ ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ជា​មួយ​អង្គការUNESCO កន្លង​មក៕