ប្រភពព័ត៌មាន រ៉យទ័រ (Reuters) ឲ្យដឹងថា អ្នកស្រី អៀង ធីរិទ្ធ អាយុ ៧៨ឆ្នាំ ភរិយារបស់លោក អៀង សារី ដែលកន្លងមកនេះបានត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនោះ បានត្រូវសាលាក្តីខ្មែរក្រហមកាលពីថ្ងៃច័ន្ទម្សិលមិញនេះធ្វើការចោទប្រកាន់ទោសថ្មីមួយទៀត គឺបទប្រល័យពូជសាសន៍លើជនជាតិភាគតិចវៀតណាមនិងចាម ក្នុងរបបខ្មែរក្រហម។
តុលាការខ្មែរក្រហមកាលពីសប្តាហ៍កន្លងមកនេះ ក៏បានធ្វើការចោទប្រកាន់ជាផ្លូវការទៅលើលោក ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ, លោក នួន ជា អតីតប្រធានរដ្ឋសភា និងលោក អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យពីបទប្រល័យពូជសាសន៍ដូចគ្នានេះដែរ៕
