អង្គការសមាគមខ្មែរកម្ពុជាក្រោមជាង ១០អង្គការ គ្រោងនឹងដាក់លិខិតស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីសុំគាស់ផ្នូរសពរបស់ព្រះភិក្ខុព្រះនាម អ៊ាង សុខធឿន ដែលសុគតនៅក្នុងវត្តទ្រនំជ្រឹង ហើយត្រូវបានគេយកទៅបញ្ចុះនោះ យកមកបូជាតាមបែបព្រះពុទ្ធសាសនាវិញ។
ការគ្រោងធ្វើលិខិតស្នើសុំទៅក្រសួងមហាផ្ទៃនេះ គេធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១២ ដែលមានអង្គការសមាគមជាង១០ បានជួបប្រជុំគ្នា និងបានឯកភាពគ្នាមួយអំពីការធ្វើលិខិតស្នើសុំនេះ។
ព្រះភិក្ខុ អ៊ាង សុខធឿន បានសុគតនៅក្នុងវត្តទ្រនំជ្រឹង ឃុំបឹងធំ ស្រុកអង្គស្នូល ខែត្រកណ្ដាល កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០៧។ តំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោមបានអះអាងថា ការសុគតរបស់ព្រះភិក្ខុ អ៊ាង សុខធឿន នៅបន្ទាប់ពីព្រះអង្គបានចូលរួមជាមួយព្រះសង្ឃខ្មែរកម្ពុជាក្រោមប្រមាណ ៣០០អង្គ បាននាំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ប្រចាំនៅទីក្រុងភ្នំពេញ ដើម្បីដាក់ញត្តិសុំឲ្យរដ្ឋាភិបាលវៀតណាមឈប់ចាប់ខ្លួនព្រះសង្ឃខ្មែរកម្ពុជាក្រោម និងផ្ដល់សិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋខ្មែរ នៅក្នុងប្រទេសវៀតណាម ប៉ុន្តែនៅយប់ថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០០៧ ដដែល ត្រូវបានឃាតកមិនស្គាល់មុខសម្លាប់។
ប្រធានលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម លោក ស៊ី សំណាង មានប្រសាសន៍ថា មកទល់ពេលនេះ ជាខួប ៥ឆ្នាំហើយ បន្ទាប់ពីព្រះតេជព្រះគុណ អ៊ាង សុខធឿន បានសុគតមិនដឹងមូលហេតុពិតប្រាកដ ហើយសមត្ថកិច្ចមិនទាន់រកមូលហេតុ ឬឃាតកឃើញនៅឡើយទេ។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម លោក យន្ត ថារូ បានលើកឡើងថា ការសុគតរបស់ព្រះភិក្ខុ អ៊ាង សុខធឿន វាជារឿងអាថ៌កំបាំង ពីព្រោះថា នៅក្រោយពេលព្រះអង្គសុគត ខាងសមត្ថកិច្ចមិនអនុញ្ញាតឲ្យក្រុមគ្រួសារ ឬមន្ត្រីអង្គការសិទ្ធិមនុស្សនានាចូលមើលសាកសពរបស់អង្គទេ គឺគេយកទៅបញ្ចុះភ្លាមៗ។ លោកបញ្ជាក់ថា បើសិនជាព្រះតេជព្រះគុណ អ៊ាង សុខធឿន សុគតមិនពាក់ព័ន្ធនិងរឿងអាថ៌កំបាំងអ្វីទេ សមត្ថកិច្ចក៏មិនហាមក្រុមគ្រួសាររបស់ព្រះអង្គដែរ។
លោក យន្ត ថារូ បានបញ្ជាក់ទៀតថា នៅក្រោយពេលព្រះភិក្ខុ អ៊ាង សុខធឿន សុគត ខាងសមត្ថកិច្ចបានសន្និដ្ឋានថា ព្រះសង្ឃអង្គនេះធ្វើអត្តឃាតសម្លាប់ខ្លួនឯង។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី លោក យន្ត ថារូ បានលើកឡើងថា ការសន្និដ្ឋានបែបនេះ វាជារឿងគ្មានភស្តុតាងច្បាស់លាស់ទេ ម្យ៉ាងទៀត បើសិនជាព្រះអង្គធ្វើអត្តឃាតមែន មូលហេតុអី្វបានជាគេមិនអនុញ្ញាតឲ្យក្រុមគ្រួសាររបស់ព្រះអង្គចូលមើលសាកសព?
លោក យន្ត ថារូ បានសង្កត់ធ្ងន់ថា អង្គការសមាគមរបស់លោកនឹងដាក់លិខិតស្នើសុំទៅក្រសួងមហាផ្ទៃ និងសាលាខែត្រកណ្ដាលនៅក្នុងសប្ដាហ៍នេះ ដើម្បីសុំគាស់ផ្នូររបស់ព្រះភិក្ខុ អ៊ាង សុខធឿន យកមកបូជាតាមប្រពៃណីព្រះពុទ្ធសាសនា និងធ្វើពិធីបង្សុកូលឧទ្ទិសដល់ព្រះអង្គ។
លោក ខៀវ សុភ័គ ជាមន្ត្រីនាំពាក្យនៃក្រសួងមហាផ្ទៃ។ លោកមានប្រសាសន៍ថា អង្គការសមាគមខ្មែរកម្ពុជាក្រោម គូរតែយកលិខិតស្នើសុំនោះទៅដាក់នៅអាជ្ញាធរខែត្រកណ្ដាល ពីព្រោះរឿងនេះវាស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខែត្រកណ្ដាល។
លោក ស៊ី សំណាង ប្រធានលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម។ លោកបានបញ្ជាក់ថា កាលពីឆ្នាំ២០០៧ នៅបន្ទាប់ពីគេយកព្រះភិក្ខុ អ៊ាង សុខធឿន ទៅបញ្ចុះភ្លាមនោះ អង្គការសមាគមខ្មែរកម្ពុជាក្រោម ក៏ធ្លាប់ស្នើសុំគាស់ផ្នូរយកសាកសពព្រះភិក្ខុ អ៊ាង សុខធឿន ម្ដងរួចហើយ ដើម្បីយកមកបូជា តែត្រូវបានអាជ្ញាធរខែត្របដិសេធ។
ព្រះភិក្ខុ អ៊ាង សុខធឿន មានព្រះជន្មជាង ៣០ឆ្នាំ ព្រះអង្គមានស្រុកកំណើតនៅឃុំដាយតឹម (Đại Tâm) ស្រុកបាយឆៅ (Mỹ Xuyên) ខេត្តបាសាក់ បច្ចុប្បន្នខេត្តឃ្លាំង ប្រទេសវៀតណាម។
ទោះបីជាយ៉ាងណាក៏ដោយ តំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោមបានលើកឡើងថា ព្រះសង្ឃខ្មែរកម្ពុជាក្រោមគង់នៅកម្ពុជាមួយចំនួន បានប្រឈមនឹងការធ្វើបាបផ្សេងៗ ដូចជាការចាប់ផ្សឹកព្រះតេជគុណ ទឹម សាខន កាលពីឆ្នាំ២០០៧ ករណីចាប់ខ្លួន និងបណ្ដេញព្រះចៅអធិការវត្តនៅខែត្រកណ្ដាល ព្រះនាម ជា សុវណ្ណភូមិ កាលពីខែវិច្ឆិកា ឆ្នាំ២០១១ និងករណីតុលាការនិមន្ត និងចោទប្រកាន់ព្រះតេជគុណ សៀង សុវណ្ណារា កាលពីខែធ្នូ ឆ្នាំ២០១១ ជាដើម។ តំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោម បានលើកហេតុផលថា សកម្មភាពបែបនេះ ជារឿងផ្ទុយទៅនឹងសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម។
ទាក់ទងទៅនិងបញ្ហានេះ បានពន្យល់ថា សកម្មភាពរបស់ព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយចំនួន និងអង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា គឺគ្មានសកម្មភាពអ្វីក្រៅពីធ្វើការទាមទារសិទ្ធិសេរីភាព និងទាមទារសិទ្ធិកាន់កាប់ដីស្រែចម្ការនៅប្រទេសវៀតណាម ពីអាជ្ញាធរវៀតណាមនោះទេ។ ពួកគាត់គ្មានបំណងណាមួយធ្វើការប្រឆាំងនិងរដ្ឋាភិបាលកម្ពុជា ឬរដ្ឋាភិបាលវៀតណាមនោះឡើយ ដូចជាការទាមទារសិទ្ធិសេរីភាពរបស់ព្រះភិក្ខុ អ៊ាង សុខធឿន កាលពីឆ្នាំ២០០៧ នៅមុខស្ថានទូតវៀតណាមជាដើម ផ្ទុយទៅវិញ បែរជាព្រះអង្គត្រូវបានឃាតកមិនស្គាល់មុខសម្លាប់ទៅវិញ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
