អាជ្ញាធរ​ខេត្ត​ព្រៃវែង​លុប​បំបាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​អនាធិបតេយ្យ

មន្ត្រី​ជាន់​ខ្ពស់​ខេត្ត​ព្រៃវែង​បាន​អះអាង​ថា អាជ្ញាធរ​ខេត្ត​បាន​សម្រេច​ដក​ប៉ុស្តិ៍​នគរបាល​ត្រួត​ពិនិត្យ​ចេញ​ពី​ផ្លូវ​សាធារណៈ បន្ទាប់​ពី​ឮ​ព័ត៌មាន​ថា មាន​ក្រុម​ឆ្លៀត​ឱកាស​បង្ក​ភាពអនាធិបតេយ្យ​បន្លំ​ជំរិត​ទារ​លុយ​ពី​រថយន្ត​ដឹក​ទំនិញ​បើក​ឆ្លង​កាត់​នៅ​តាម​ផ្លូវ​ក្នុង​ខេត្ត​នេះ។

0:00 / 0:00

បន្ទាប់​ពី​វិទ្យុ​អាស៊ី​សេរី​បាន​ចាក់​ផ្សាយ​ពី​ភាពអនាធិបតេយ្យ​នៃ​ការ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ច្រើន​កន្លែង​នៅ​តាម​ផ្លូវ​សាធារណៈ​ក្នុង​ខេត្ត​ព្រៃវែង​ទៅ​តាម​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​រួច​មក បច្ចុប្បន្ន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ទាំង​នេះ​ត្រូវ​បាន​លោក ទឹម ផន ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង មាន​ប្រសាសន៍​ថា លែង​មាន​ច្រើន​កន្លែង​ទៀត​ហើយ ពោល​គឺ​មាន​ពី​២​ទៅ​៣​កន្លែង​នៅ​ទូទាំង​ខេត្ត។

លោក​​ស្នងការ​ឲ្យ​ដឹង​ថា កន្លង​មក​ការ​ដាក់​ប៉ុស្តិ៍​របស់​សមត្ថកិច្ច​នៅ​តាម​ផ្លូវ គឺ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក មិន​មែន​​ដាក់​ប៉ុស្តិ៍​ចាំ​ស្ទាក់​យក​លុយ​ពី​រថយន្ត​ដឹក​ទំនិញ​ដូច​​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​នោះ​ទេ។ លោក​ឲ្យ​ដឹង​ថា ភាពអនាធិបតេយ្យ​កន្លង​មក​ទំនង​កើត​ចេញ​ពី​ជន​ឱកាស​និយម​មាន​ចេតនា​បង្ក​ឲ្យ​ខូច​សណ្តាប់​ធ្លាប់ ឬ​មុខ​មាត់​ថ្នាក់​ដឹក​នាំ​ខេត្ត។

ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង លោក ទឹម ផន ឲ្យ​ដឹង​ដូច្នេះ ៖ «កន្លង​មក​អ៊ីចេះ គឺ​ក្រោយ​ពី​យើង​ត្រួត​ពិនិត្យ​មួក​សុវត្ថិភាព​មក គឺ​ថា យើង​ដាក់​ក៏​រាង​ក្រែល​ដែរ តាម​ស្រុក​តាម​អី​ក៏​គេ​សុំ​ដាក់​ចល័ត ដល់​ឥឡូវ​ខ្ញុំ​ដក​អស់​ហើយ​នៅ​សល់​តែ​២-​៣​គោលដៅ​ទេ ខាង​ខ្លូវ​ជាតិ​លេខ​១ លេខ​១១ និង​លេខ​៨ ក្រៅ​ពី​ហ្នឹង​ដក​អស់​ហើយ»

ទោះ​ជា​មាន​ការ​អះអាង​បែប​នេះ​ក្តី សម្រាប់​ម្ចាស់​រថយន្ត​បើក​ឆ្លង​កាត់​តាម​ផ្លូវ​លេខ​១១ ក្នុង​ស្រុក​ស៊ីធរកណ្តាល នៅ​តែ​អះអាង​ថា ប៉ុស្តិ៍​ត្រួត​ពិនិត្យ​របស់​នគរបាល ក្រៅ​អំពី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ទាំង​នេះ​នៅបន្ត​យក​លុយ​ពី​រថយន្ត​ដឹក​ទំនិញ​និង​ម៉ូតូ ដឹក​មាន់ ទា ត្រី​សាច់​បើក​ឆ្លង​កាត់​ដដែល ៖ «សូម​សំណូមពរ​ដល់​ថ្នាក់​ដឹកនាំ ជា​ពិសេស​ថ្នាក់​ខេត្ត សូម​ឲ្យ​គាត់​ជួយ​មើល​កុងត្រូល​អនាធិបតេយ្យ​ដែល​បង្ក​ការ​លំបាក​ដល់​ប្រជាជន»

សម្រាប់​ពលរដ្ឋ​រស់​នៅ​ឃុំ​បាបោង និង​ឃុំ​ព្រៃកណ្តៀង មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា តាម​ការ​កត់​សម្គាល់​របស់​ពួកគាត់​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ឃើញ​ថា នៅតាមផ្លូវថ្នល់ពីអ្នកលឿង ឆ្ពោះ​ទៅទីរួម​ខេត្តព្រៃ​វែង សមត្ថ​កិច្ច​បាន​ដក​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​អស់​ហើយ។ ពលរដ្ឋ​ឲ្យ​ដឹង​ថា ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នៅ​តាម​ផ្លូវ​ពី​អ្នក​លឿង​ឆ្ពោះ​ទៅ​ខេត្ត​ព្រៃវែង​កន្លង​មក ក៏​ជា​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​មួយ​ក្នុង​ចំណោម​ប៉ុស្តិ៍​ជា​ច្រើន​ទៀត​នៅ​ទូទាំង​ខេត្ត ដែល​បាន​គាប​យក​លុយ​មិន​ថា​រថយន្ត​ដឹក​ទំនិញ ឬ​ម៉ូតូ​ដឹក​ទំនិញ​នោះ​ទេ គឺ​មិន​រើស​មុខ​ឡើយ។

លោក អ៊ុង សាម៉ី អភិបាល​ខេត្ត​ព្រៃវែង មាន​ប្រសាសន៍​ថា ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ពលរដ្ឋ​ថា បាន​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ​ច្រើន​កន្លែង​ចាំ​ទារ​លុយ​ពី​រថយន្ត​ដឹក​ទំនិញ​នា​ខេត្ត​ព្រៃវែង គឺ​មិន​មាន​ឡើយ ៖ «អត់​មាន​ទេ ខ្ញុំ​ឆែក​មើល ត្រួត​ពិនិត្យ​អស់​ហើយ អត់​មាន​ទេ!»

ទោះ​យ៉ាង​នេះ​ក្តី បើ​តាម​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​អំពិលក្រៅ ស្ថិត​ក្នុង​ស្រុក​ស៊ីធរកណ្តាល បាន​ឲ្យ​ដឹង​ថា កន្លង​មក​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១១ សមត្ថកិច្ច​មាន​ឯក​សណ្ឋាន​ខុសៗ​គ្នា​ច្រើន​ជំនាញ បាន​ដាក់​ពង្រាយ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ជា​ច្រើន​កន្លែង។ ពលរដ្ឋ​បញ្ជាក់​ថា ក្នុង​ចម្ងាយ​ដី​មិន​ដល់​១០​គីឡូម៉ែត្រ​ផង មាន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ប្រមាណ​ពី​ប្រាំ​ទៅ​ប្រាំបី​កន្លែង​រង់ចាំ​ជំរិត​ទារ​លុយ​ពី​រថយន្ត​ដឹក​ទំនិញ​បើក​ឆ្លង​កាត់ មិន​តែ​​ប៉ុណ្ណោះ ម្តង​ម្កាល​សមត្ថកិច្ច​ទាំង​នោះ​បាន​បង្ក​ការ​ឈ្លោះ​ប្រកែក​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​រស់​នៅ​ក្នុង​មូលដ្ឋាន​ថែម​ទៀត​ផង៕