រដ្ឋាភិបាលក៏បានប្រកាសហាមឃាត់មិនឲ្យប្រជាពលរដ្ឋប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីចាប់ត្រីនោះទេ ប៉ុន្តែនៅបញ្ហាប្រើប្រាស់ឧបករណ៍ខុសច្បាប់នេះនៅតែកើតមានបន្ត។ បញ្ហានេះកំពុងធ្វើឲ្យគេមានការព្រួយបារម្ភខ្លាំងថែមទៀត ចំពោះការហិនហោចធនធានមច្ឆាជាតិ។
ក្រុមអ្នកភូមិចោទថា ក្រុមមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តបាត់ដំបង ពុំបាននាំគ្នាចុះបង្ក្រាបបទល្មើសនេសាទឲ្យមានប្រសិទ្ធភាពទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបានឃុបឃិតគ្នាជាមួយជនល្មើស បើកដៃឲ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅក្នុងទឹកបឹងទន្លេសាប។ សកម្មភាពទាំងនោះមានមោងព្រយុង បរណរ៉ាវ ប្រវែងជាច្រើនរយម៉ែត្រកំពុងដាក់ចាប់ត្រីនៅឡូត៍លេខ២ និងឡូត៍លេខ៤ នៃទឹកបឹងទន្លេសាប។
ក្រុមអ្នកភូមិសុំមិនបញ្ចេញឈ្មោះបានថ្លែងនៅថ្ងៃចន្ទ ទី២៤ ធ្នូ ថា បទល្មើសកំពុងកើតមានឡើងនេះ បានផ្ទុយពីយុទ្ធសាស្ត្រកែទម្រង់ធនធានមច្ឆាជាតិរបស់រដ្ឋាភិបាលកម្ពុជា។ មន្ត្រីជំនាញស្ទើរគ្រប់ស្ថាប័ន បានចុះបង្ក្រាបបទល្មើសដែរ ប៉ុន្តែជនប្រព្រឹត្តិបទល្មើសបានផ្ដល់ប្រាក់ ក៏នាំគ្នាដកថយវិញ ទុកឲ្យបទល្មើសបរណរ៉ាវ កើតមានពាសពេញទឹកបឹងទន្លេសាប៖ «បរិស្ថាន ជលផល ក្រុមចម្រុះប្រាំខេត្ត ប៉ូលិសស្រុក ឃុំ ចរាចរណ៍ជើងទឹក ធនធានទឹកអ៊ីចឹង ខ្ញុំសុំជម្រាបលោកពូថា ពួកគាត់ចេញទៅបង្ក្រាបបទល្មើសតំបន់ទន្លេសាប អត់បានធ្វើតាមលក្ខណៈផ្លូវច្បាប់ទេ ព្រោះអីគាត់ទៅយកតែលុយគេ ហើយគាត់កាប់បំផ្លាញរបស់គេ រួចហើយធ្វើបាបតែអ្នកតូចៗ អ្នកធំឲ្យលុយច្រើន គឺនៅទាំងអស់»។
សកម្មភាពនេះកំពុងកើតមាន ហើយបានដើរផ្ទុយពីអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់បានអំពាវនាវសុំឲ្យប្រជាពលរដ្ឋ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ រួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទអោយមានប្រសិទ្ធភាព។ ក្រុមអ្នកភូមិបានអះអាងថា ពួកគេបានឆ្លៀតឱកាសគំរាមយកប្រាក់ពីអ្នកប្រព្រឹត្តិបទល្មើសនេសាទ ហើយអនុញ្ញាតឲ្យប្រើស្បៃមងក្រឡាល្អិត ចាប់ត្រីនៅក្នុងទឹកដដែល។
ការប្រព្រឹត្តិបទល្មើសនេសាទនេះ មានសន្ទុះកាន់តែខ្លាំងឡើង។ មន្ត្រីក្រោមឱវាទមិនអនុវត្តទៅតាមច្បាប់ និងតាមអ្វីដែលលោកនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យទប់ស្កាត់នោះឡើយ។ ក្រុមអ្នកភូមិបានឲ្យដឹងថា ក្រោយពីទទួលបានលុយកាក់ ពួកគេបាននាំគ្នាផឹកស៊ីសប្បាយ ពុំបានជួយប្រឹងប្រែងដើម្បីឲ្យប្រជាពលរដ្ឋបានរឹងមាំក្នុងការចូលទប់ស្កាត់បទល្មើសនេសាទនោះទេ។
បញ្ហានេះមិនអាចជួយលុបបំបាត់ភាពក្រីក្របានទេ បើសិនប្រជាជនរកការហូបចុកចិញ្ចឹមជីវភាពគ្រួសារមិនបានផងនោះ៖ «នៅឃុំអន្លង់តាអួ ឃុំកោះជីវាំង ខេត្តបាត់ដំបង ព្រែកទាល់ ប្រជាពលរដ្ឋខ្លាចណាស់រឿងច្បាប់ តែសម្រាប់អ្នកច្បាប់ធ្វើការនៅហ្នឹង ដេកនឹងច្បាប់ អង្គុយនឹងច្បាប់ តែអត់មានធ្វើតាមច្បាប់ហ្នឹងទេ។ អង្គុយចេញធ្វើការឡើង គឺគាបសង្កត់ប្រជាជន ហើយធ្វើបាបប្រជាជនទៀត ធ្វើតាមតូចធំម្នាក់ ១លានរៀល ២លានរៀល ហាហុកសិបម៉ឺនម្នាក់ រាប់ពាន់ដុល្លារ អាណាអោយច្រើនបានដាក់ អាណាអត់ឲ្យច្រើន អញកាប់បំផ្លាញកម្ទេចចោល»។
វិទ្យុអាស៊ីសេរី បានព្យាយាមសុំសេចក្ដីបញ្ជាក់ពីមន្ត្រីស្ថាប័នពាក់ព័ន្ធ ដើម្បីឆ្លើយការចោទប្រកាន់នេះ ប៉ុន្តែមន្ត្រីទាំងនោះបានបដិសេធមិនធ្វើអត្ថាធិប្បាយ។
សមត្ថកិច្ចខ្លះដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា បទល្មើសនេសាទនៅតែកើតមាន អាជ្ញាធរស្ទើរគ្រប់ស្ថាប័នពីមូលដ្ឋានដល់ជំនាញ បានរួមចំណែកក្នុងការទទួលខុសត្រូវទុកឲ្យបទល្មើសនេសាទកើតមានជាហូរហែ។
ក្រុមអ្នកភូមិបញ្ជាក់ថា រាជរដ្ឋាភិបាលមានវិធានការបង្ក្រាបឲ្យមានប្រសិទ្ធភាព ប៉ុន្តែបទល្មើសនៅតែកើតមាន ហើយកើតមានច្រើនថែមទៀត៖ «បទល្មើសធំៗមាន ណរ៉ាវ ហើយពាក់ព័ន្ធទាំងអស់ ទឹកដី ឡូត៍ពីរ តំបន់អភិរក្ស សំណូមពរសុំសម្ដេចតេជោ ជួយធ្វើអន្តរាគមន៍ ដើម្បីបង្ក្រាបបទល្មើសឲ្យបានល្អ ដាក់ប៉ុន្មានក្រសួងមក បទល្មើសនៅដដែល។ ប្រជាជនគាត់អត់មានអារម្មណ៍ជឿជាក់ខាងក្រុមបង្ក្រាបហ្នឹងទេ បើធ្វើអ៊ីចឹង អនាគតនឹងអស់ហើយ កូនចៅជំនាន់ក្រោយត្រីណាហូប»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្ដងហើយម្ដងទៀត បានអំពាវនាវសុំឲ្យប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស រួមគ្នាទប់ស្កាត់បទល្មើសនេសាទ។ ហាមដាច់ខាតការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។ ត្រូវរួមគ្នាការពារតំបន់អភិរក្សត្រីក្នុងបឹងទន្លេសាប និងជួយផ្ដល់ព័ត៌មានអំពីជនខិលខូច ដែលនាំគ្នាចូលទៅបំផ្លាញធនធានមច្ឆាជាតិក្នុងតំបន់អភិរក្ស។ ការកាត់ឡូត៍នេសាទមកដាក់ជាសម្បត្តិរដ្ឋ និងការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងលើកទឹកចិត្តឲ្យមានបទល្មើសកាន់តែច្រើនឡើងទៅវិញ។ បញ្ហានេះក្រុមអ្នកភូមិបារម្ភថា ធនធានមច្ឆាជាតិមិនអាចកកើតច្រើនឡើងវិញដូចការចង់បានរបស់រដ្ឋាភិបាលនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។