សហគមន៍​នេសាទ​នៅ​កំពង់ឆ្នាំង​ជួប​ការ​លំបាក​ក្នុង​ការ​បង្រ្កាប​បទ​ល្មើស​

2009-06-17

សហគមន៍​ការពារ​មច្ឆជាតិ​បឹង​វែង តំបន់​អភិរក្ស​ព្រែក​គន្លង ក្នុង​ខេត្ត​កំពង់ឆ្នាំង បាន​ត្អូញ​ត្អែរ​ថា អំពើ​លួច​ចាប់​ត្រី​ល្មើស​ច្បាប់​ក្នុង​តំបន់​អភិរក្ស​នោះ​បាន​កើន​ឡើង​នា​រដូវ​បិទ​នេសាទ​នេះ ខណៈ​ដែល​សហគមន៍​កំពុង​ខ្វះ​ថវិកា​ចាក់​ប្រេង​ចុះ​ល្បាត ខ្វះ​ទូក កាណូត និង​ខ្វះ​វិទ្យុ​ទាក់ទង​ជា​ដើម។

ប្រធាន​សហគមន៍​នេសាទ​ព្រែក​គន្លង លោក អ៊ុង គង់ មាន​ប្រសាសន៍​ថា សហគមន៍​ប្រឹង​ការពារ​ផល​ត្រី​បាន ៩០% ច្រើន​ឆ្នាំ​ហើយ លើ​ផ្ទៃ​ដី​អភិរក្ស ៥៥២​ហិកតារ​នៅ​ក្នុង​បឹង​វែង​នេះ។ ទើប​តែ ២​ឆ្នាំ​នេះ សហគមន៍​ថយ​ចុះ​ការ​ល្បាត​មក​ពី​ខ្វះ​វិទ្យុ​ទាក់ទង ប្រេង​ចាក់​ទូក កាណូត និង​ថវិកា​ជា​ដើម។

លោក អ៊ុង គង់ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «ខាង​កម្លាំង​ខ្ញុំ​នេះ ក្រុម​ល្បាត ក្រុម​អី​ហ្នឹង ដោយ​គ្មាន​ថវិកា​ក៏​ឲ្យ​គ្នា​ចុះ​ទៅ គ្មាន​បាយ​គ្មាន​ទឹក​ឲ្យ​គ្នា​ហូប អ៊ីចឹង​ក៏​វា​រយាល​ទៅ កម្លាំង​ហ្នឹង​អត់​បាន​យាម​ពិត​ប្រាកដ។ ទៅ​ទាំង​យប់​ទាំង​អធ្រាត្រ ចុះ​ទៅ​មាន ២​ថ្ងៃ​ពីរ​យប់​អី​បាន​មក​ដល់​ផ្ទះ​វិញ ប្រពន្ធ​កូន​នៅ​ផ្ទះ​ក៏​ភ័យ​បារម្ភ ព្រោះ​ទៅ​សុទ្ធ​តែ​ស្លាប់​រស់ មិន​មែន​ទៅ​ស្រួល​ឯណា ចូល​សមរ​ភូមិ»

លោក អ៊ុន គង់ បន្ត​ថា ផល​ត្រី​កាន់​តែ​ថយ​ចុះ​ពី​១​ឆ្នាំ​ទៅ​១​ឆ្នាំ ដោយសារ​អ្នក​លួច​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ផង និង​អ្នក​លួច​នេសាទ​នោះ សុទ្ធ​តែ​មាន​អ្នក​ការពារ​ផង ៖ «សព្វ​ថ្ងៃ​នៅ​មាន​គេ​លួច តំបន់​នេសាទ​ហ្នឹង​នៅ​មាន​គេ​លួច។ គេ​មាន​ខ្នង គ្មាន​នរណា​ក្រៅ គ្មាន​ដង្កូវ​មក​ពី​ឆ្ងាយ​ទេ ដង្កូវ​ចេញ​ពី​សាច់»

មេ​ភូមិ​ព្រែក​គន្លង លោក គឹម សូវាន មាន​ប្រសាសន៍​ដូច​គ្នា​នឹង​ប្រធាន​សហគមន៍​នេសាទ​ថា បទ​ល្មើស​លួច​ឆក់​ត្រី​ក្នុង​តំបន់​អភិរក្ស​ព្រែក​គន្លង​កំពុង​មាន​សកម្មភាព​ក្នុង​ពេល​បិទ​នេសាទ​នេះ។

លោក​ថា កម្លាំង​ការពារ​ផល​ត្រី​ក្នុង​តំបន់​ព្រែក​គន្លង​មាន ២៥​នាក់ ប៉ុន្តែ​ខ្វះ​ខាត​សម្ភារៈ​ចុះ​ល្បាត។ លោក​សំណូមពរ​ថា ៖ «យក​មួយ​ថ្ងៃ ៥​នាក់ ម្ល៉ោះ​ហើយ​គ្នា​អត់​មាន​អង្រឹង​ដេក អត់​មាន​វិទ្យុ​ទាក់ទង ហើយ​និង​ទូក​មួយ និង​ម៉ាស៊ីន​កាណូត​មួយ​មក​បាន​ហើយ ពេល​ណា​ប្រជាជន​ផ្សេងៗ​មក​ធ្វើ​សកម្មភាព អត់​មាន​ការ​ទាក់ទង​មក​មេ​ភូមិ មក​ប្រធាន​សហគមន៍​កើត»

អនុ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម លោក អ៊ិត ណូឌី កាល​ពី​ថ្ងៃ​ច័ន្ទ ទទួល​ស្គាល់​ថា មាន​អំពើ​លួច​នេសាទ​កើត​មាន​ក្នុង​រដូវ​បិទ​នេសាទ។ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ចំនួន​កើត​នោះ​ប៉ុន្មាន​ទេ។ លោក​សុំ​មិន​បំភ្លឺ​សំណូមពរ​ពី​បញ្ហា​ជល​ផល​ទេ ជា​ភារកិច្ច​របស់​រដ្ឋបាល​ជលផល។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង លោក កែវ ថាយ ជាប់​ប្រជុំ​មិន​អាច​ឆ្លើយ​តប​ជុំវិញ​សំណូមពរ​ពី​សហគមន៍​នេសាទ​ដែល​សុំ​វិទ្យុ​ទាក់ទង និង​ថវិកា​សម្រាប់​ចុះ​ល្បាត​នោះ​បាន​ទេ។

ចំណែក​លោក សំ នៅ អនុ​ប្រធាន​រដ្ឋបាល​ជលផល មាន​ប្រសាសន៍​ថា ជុំវិញ​បញ្ហា​នេះ លោក​ចាំ​ត្រួត​ពិនិត្យ​មើល​សិន​ដោយ​លោក​ជាប់​ប្រជុំ។

មេ​ភូមិ​ព្រែក​គន្លង​និង​សហគមន៍​នេសាទ បាន​ឲ្យ​ដឹង​ថា ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​សមត្ថកិច្ច​និង​សហគម​បាន​ដក​ហូត​អាំងវែទ័រ ២​គ្រឿង និង​ស្បៃ​មុង​ក្រឡា​ល្អិត ច្រើន​ម៉ែត្រ ដែល​ជា​ឧបករណ៍​ល្មើស​ច្បាប់​នេសាទ។

សូម​ជម្រាប​ថា រដូវ​បិទ​នេសាទ​បាន​ចាប់​ផ្តើម​ពី​ថ្ងៃ​១​មិថុនា ដល់​ថ្ងៃ​៣០​ខែ​កញ្ញា ដើម្បី​ទុក​ឲ្យ​ត្រី​ពង ហើយ​ការ​ចាប់​ត្រី​ទ្រង់ទ្រាយ​ធំ​មិន​អនុញ្ញាត​ឲ្យ​មាន​ទេ​លើក​លែង​តែ​ការ​នេសាទ​តាម​បែប​គ្រួសារ​សម្រាប់​អាហារ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ប៉ូលិស​ខែត្រ​មណ្ឌលគិរី​តាម​ចាប់​ជន​សង្ស័យ​២​នាក់​ក្នុង​ករណី​ប្លន់

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយសារ​ទាត់​កូន​ស្រី​ឲ្យ​សន្លប់

បុគ្គលិក​អង្គការ​មិត្ត​គ្មាន​ព្រំដែន​អំពាវនាវ​ឲ្យ​ពន្លឿន​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម

ទាហាន​ម្នាក់​រង​របួស​ធ្ងន់​ដោយសារ​មេ​បញ្ជាការ​វាយ​ដំ

ប៉ូលិស​ម្នាក់​នៅ​មណ្ឌលគិរី​រង​ការ​ចោទ​ថា​ប៉ុនប៉ង​ធ្វើ​ឃាត​អ្នក​ភូមិ

ពលរដ្ឋ​ម្នាក់​នៅ​កំពង់ឆ្នាំង​ត្រូវ​អ្នក​យាម​ឡូត៍​នេសាទ​បាញ់​ឲ្យ​ស្លាប់

អតីត​អ្នក​កាសែត​ម្នាក់​ត្រូវ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​គុក​២​ឆ្នាំ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត

បុរស​តៃវ៉ាន់​ម្នាក់​ជាប់​គុក​៣៧​ឆ្នាំ​ពី​បទ​រត់ពន្ធ​គ្រឿង​ញៀន

ជន​ដាណាម៉ាក​ម្នាក់​រង​ការ​ចោទ​ថា​ចាប់​បង្ខំ​រួមភេទ​ជាមួយ​កុមារី​ខ្មែរ

ក្មេង​ស្រី​១៧​នាក់​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​សង្ស័យ​ថា​ប្រកប​របរ​ផ្លូវ​ភេទ