សហគមន៍ការពារមច្ឆជាតិបឹងវែង តំបន់អភិរក្សព្រែកគន្លង ក្នុងខេត្តកំពង់ឆ្នាំង បានត្អូញត្អែរថា អំពើលួចចាប់ត្រីល្មើសច្បាប់ក្នុងតំបន់អភិរក្សនោះបានកើនឡើងនារដូវបិទនេសាទនេះ ខណៈដែលសហគមន៍កំពុងខ្វះថវិកាចាក់ប្រេងចុះល្បាត ខ្វះទូក កាណូត និងខ្វះវិទ្យុទាក់ទងជាដើម។
ប្រធានសហគមន៍នេសាទព្រែកគន្លង លោក អ៊ុង គង់ មានប្រសាសន៍ថា សហគមន៍ប្រឹងការពារផលត្រីបាន ៩០% ច្រើនឆ្នាំហើយ លើផ្ទៃដីអភិរក្ស ៥៥២ហិកតារនៅក្នុងបឹងវែងនេះ។ ទើបតែ ២ឆ្នាំនេះ សហគមន៍ថយចុះការល្បាតមកពីខ្វះវិទ្យុទាក់ទង ប្រេងចាក់ទូក កាណូត និងថវិកាជាដើម។
លោក អ៊ុង គង់ មានប្រសាសន៍យ៉ាងដូច្នេះ ៖ «ខាងកម្លាំងខ្ញុំនេះ ក្រុមល្បាត ក្រុមអីហ្នឹង ដោយគ្មានថវិកាក៏ឲ្យគ្នាចុះទៅ គ្មានបាយគ្មានទឹកឲ្យគ្នាហូប អ៊ីចឹងក៏វារយាលទៅ កម្លាំងហ្នឹងអត់បានយាមពិតប្រាកដ។ ទៅទាំងយប់ទាំងអធ្រាត្រ ចុះទៅមាន ២ថ្ងៃពីរយប់អីបានមកដល់ផ្ទះវិញ ប្រពន្ធកូននៅផ្ទះក៏ភ័យបារម្ភ ព្រោះទៅសុទ្ធតែស្លាប់រស់ មិនមែនទៅស្រួលឯណា ចូលសមរភូមិ»។
លោក អ៊ុន គង់ បន្តថា ផលត្រីកាន់តែថយចុះពី១ឆ្នាំទៅ១ឆ្នាំ ដោយសារអ្នកលួចប្រើឧបករណ៍នេសាទខុសច្បាប់ផង និងអ្នកលួចនេសាទនោះ សុទ្ធតែមានអ្នកការពារផង ៖ «សព្វថ្ងៃនៅមានគេលួច តំបន់នេសាទហ្នឹងនៅមានគេលួច។ គេមានខ្នង គ្មាននរណាក្រៅ គ្មានដង្កូវមកពីឆ្ងាយទេ ដង្កូវចេញពីសាច់»។
មេភូមិព្រែកគន្លង លោក គឹម សូវាន មានប្រសាសន៍ដូចគ្នានឹងប្រធានសហគមន៍នេសាទថា បទល្មើសលួចឆក់ត្រីក្នុងតំបន់អភិរក្សព្រែកគន្លងកំពុងមានសកម្មភាពក្នុងពេលបិទនេសាទនេះ។
លោកថា កម្លាំងការពារផលត្រីក្នុងតំបន់ព្រែកគន្លងមាន ២៥នាក់ ប៉ុន្តែខ្វះខាតសម្ភារៈចុះល្បាត។ លោកសំណូមពរថា ៖ «យកមួយថ្ងៃ ៥នាក់ ម្ល៉ោះហើយគ្នាអត់មានអង្រឹងដេក អត់មានវិទ្យុទាក់ទង ហើយនិងទូកមួយ និងម៉ាស៊ីនកាណូតមួយមកបានហើយ ពេលណាប្រជាជនផ្សេងៗមកធ្វើសកម្មភាព អត់មានការទាក់ទងមកមេភូមិ មកប្រធានសហគមន៍កើត»។
អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក អ៊ិត ណូឌី កាលពីថ្ងៃច័ន្ទ ទទួលស្គាល់ថា មានអំពើលួចនេសាទកើតមានក្នុងរដូវបិទនេសាទ។ ប៉ុន្តែលោកមិនទាន់ដឹងចំនួនកើតនោះប៉ុន្មានទេ។ លោកសុំមិនបំភ្លឺសំណូមពរពីបញ្ហាជលផលទេ ជាភារកិច្ចរបស់រដ្ឋបាលជលផល។
នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក កែវ ថាយ ជាប់ប្រជុំមិនអាចឆ្លើយតបជុំវិញសំណូមពរពីសហគមន៍នេសាទដែលសុំវិទ្យុទាក់ទង និងថវិកាសម្រាប់ចុះល្បាតនោះបានទេ។
ចំណែកលោក សំ នៅ អនុប្រធានរដ្ឋបាលជលផល មានប្រសាសន៍ថា ជុំវិញបញ្ហានេះ លោកចាំត្រួតពិនិត្យមើលសិនដោយលោកជាប់ប្រជុំ។
មេភូមិព្រែកគន្លងនិងសហគមន៍នេសាទ បានឲ្យដឹងថា ក្រោយចូលឆ្នាំខ្មែរសមត្ថកិច្ចនិងសហគមបានដកហូតអាំងវែទ័រ ២គ្រឿង និងស្បៃមុងក្រឡាល្អិត ច្រើនម៉ែត្រ ដែលជាឧបករណ៍ល្មើសច្បាប់នេសាទ។
សូមជម្រាបថា រដូវបិទនេសាទបានចាប់ផ្តើមពីថ្ងៃ១មិថុនា ដល់ថ្ងៃ៣០ខែកញ្ញា ដើម្បីទុកឲ្យត្រីពង ហើយការចាប់ត្រីទ្រង់ទ្រាយធំមិនអនុញ្ញាតឲ្យមានទេលើកលែងតែការនេសាទតាមបែបគ្រួសារសម្រាប់អាហារប្រចាំថ្ងៃប៉ុណ្ណោះ៕
បុគ្គលិកអង្គការមិត្តគ្មានព្រំដែនអំពាវនាវឲ្យពន្លឿនការស៊ើបអង្កេតករណីឃាតកម្ម
ទាហានម្នាក់រងរបួសធ្ងន់ដោយសារមេបញ្ជាការវាយដំ
ប៉ូលិសម្នាក់នៅមណ្ឌលគិរីរងការចោទថាប៉ុនប៉ងធ្វើឃាតអ្នកភូមិ
ពលរដ្ឋម្នាក់នៅកំពង់ឆ្នាំងត្រូវអ្នកយាមឡូត៍នេសាទបាញ់ឲ្យស្លាប់
អតីតអ្នកកាសែតម្នាក់ត្រូវផ្តន្ទាទោសឲ្យជាប់គុក២ឆ្នាំពីបទផ្សាយព័ត៌មានមិនពិត
បុរសតៃវ៉ាន់ម្នាក់ជាប់គុក៣៧ឆ្នាំពីបទរត់ពន្ធគ្រឿងញៀន
ជនដាណាម៉ាកម្នាក់រងការចោទថាចាប់បង្ខំរួមភេទជាមួយកុមារីខ្មែរ
ក្មេងស្រី១៧នាក់ត្រូវឃាត់ខ្លួនពីបទសង្ស័យថាប្រកបរបរផ្លូវភេទ
យុវជនម្នាក់នៅព្រៃវែងរងរបួសធ្ងន់ដោយសារក្រុមក្មេងទំនើងលួចកាប់
ប្រធានមជ្ឈមណ្ឌលកុមារកំព្រានៅខេត្តកណ្តាលត្រូវចាប់ខ្លួនពីបទវាយដំកុមារ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.