តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ពន្យល់ថា ការបង្ហាញពីតួលេខច្បាស់លាស់ឲ្យសាធារណជនដឹងពីជនអន្តោប្រវេសន៍ជាមូលដ្ឋានសំខាន់សម្រាប់ការសិក្សាស្រាវជ្រាវ និងដើម្បីរក្សាបូរណភាពទឹកដីខ្មែរ។
ចំនួនស្ថិតិជនបរទេសអន្តោប្រវេសន៍ទាំងស្របច្បាប់ ខុសច្បាប់នៅកម្ពុជា ត្រូវបានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដាក់ជាសំណើសម្រាប់ក្រសួងមហាផ្ទៃបកស្រាយ។ ការដាក់សំណើនេះ ធ្វើឡើងបន្ទាប់ពីប្រធានកិត្តិយសគណបក្សកាន់អំណាច ថ្លែងសន្ទរកថាជាសាធារណៈ នៅថ្ងៃទី៧ មករា ដោយមិនបានលើកទាល់តែសោះពីបញ្ហាអន្តោប្រវេសន៍នៅកម្ពុជា។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ លោក រ៉ុង ឈុន នៅថ្ងៃទី៨ ខែមករា មានប្រសាសន៍ថា ការដាក់លិខិតនេះមិនពាក់ព័ន្ធនឹងរឿងនយោបាយទេ គឺធ្វើឡើងដើម្បីចង់ឲ្យក្រសួងមហាផ្ទៃមានតម្លាភាព ក្នុងការផ្សព្វផ្សាយពីចំនួនស្ថិតិប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលអន្តោប្រវេសន៍ស្របច្បាប់ និងខុសច្បាប់ ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសកម្ពុជា ទាំងមូល។ លោកបន្តថា គេសង្កេតឃើញថាជនបរទេសជាច្រើនចូលមករស់នៅក្នុងទឹកដីខ្មែរ ប៉ុន្តែមិនមាននរណាម្នាក់ដឹងថាពួកគេរស់នៅដោយស្របច្បាប់ ឬខុសច្បាប់នោះឡើយ។
លោក រ៉ុង ឈុន បន្តថា ជនអន្តោប្រវេសន៍ភាគីមួយចំនួនបង្កអសន្តិសុខក្នុងសង្គមកម្ពុជា ដូចជា ឆក់ប្លន់ ជួញគ្រឿងញៀន ជួញដូរមនុស្ស ពេស្យាចារជាដើម ដែលភាគច្រើនជាជនជាតិវៀតណាម និងចិន៖ «នៅក្នុងគោលនយោបាយគណបក្សកាន់អំណាចមិនបានឃើញពីគោលនយោបាយសង្កត់ធ្ងន់លើបញ្ហាអន្តោប្រវេសន៍ទេ ហើយរាល់ស្ថិតិជំរឿនឆ្នាំ២០០៨ ក៏មិនឃើញរបាយការណ៍ទាំងនេះដែរ ហើយមិនមែនចេះតែស៊ុមគ្រលុំចូលស្រេចតែអំពើចិត្តនោះទ»។
លោក រ៉ុង ឈុន បន្តថា បើសិនជាចំនួនជនអន្តោប្រវេសន៍កាន់តែច្រើនឡើងៗ នឹងបណ្ដាលឲ្យជនជាតិខ្មែរ ក្លាយជាជនជាតិភាគតិចទៅថ្ងៃមុខមិនខាន។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួន ចំពោះបញ្ហានេះនៅថ្ងៃទី៨ មករា ឆ្នាំ២០១៣។
ប៉ុន្តែបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ជំរុញឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចូលបំភ្លឺក្នុងរដ្ឋសភាតាមការកោះហៅពីតំណាងរាស្ត្រគណបក្សប្រឆាំង។
ទោះជាយ៉ាងណាក្តី ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៉ី លោក សុន ឆ័យ សង្ឃឹមថា សំណើរបស់លោក រ៉ុង ឈុន ទំនងជាត្រូវបកស្រាយនៅក្នុងរដ្ឋសភានាពេលខាងមុខ ស្របគ្នានឹងសំណួររបស់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង។ លោកបន្តថា សព្វថ្ងៃច្បាប់អន្តោប្រវេសន៍នៅកម្ពុជា ហាក់ដូចជាមិនបានអនុវត្តទាល់តែសោះ ពិសេសជនអន្តោប្រវេសន៍វៀតណាម ជាច្រើនម៉ឺននាក់ មករស់នៅដោយសេរីក្នុងទូទាំងប្រទេសកម្ពុជា ដោយមានសមាគមវៀតណាម ជាអ្នកការពារ។
លោក សុន ឆ័យ បញ្ជាក់ថា ពលរដ្ឋខ្មែរដែលទៅបរទេសដោយខុសច្បាប់ ប្រឈមនឹងបញ្ហាជាច្រើន ដូចជាការចាប់ដាក់គុក ការបាញ់សម្លាប់ ទាំងនេះផ្ទុយពីកម្ពុជា ទាំងស្រុង៖ «ពាក់ព័ន្ធជនអន្តោប្រវេសន៍មួយចំនួន មានបញ្ជាក់ពីសញ្ជាតិជនអន្តោប្រវេសន៍ច្បាស់លាស់ទេ ត្រូវតែមានការបញ្ជាក់បំភ្លឺឲ្យបានច្បាស់លាស់ ថាវាមានប៉ុណ្ណាមកដល់សព្វថ្ងៃនេះ។ តាមខ្ញុំធ្លាប់ដឹងហ្នឹង គឺក្រសួងមហាផ្ទៃហ្នឹង បានអនុញ្ញាតឲ្យជនជាតិវៀតណាម ហ្នឹងបង្កើតសមាគមគ្រប់គ្រងដោយខ្លួនគេ គឺយោងតាមកិច្ចព្រមព្រៀងឆ្នាំ១៩៧៩ ប្រហែលជាអីចឹងហើយបានមានការអនុញ្ញាតពិសេសនេះ»។
អ្នកឃ្លាំមើលបញ្ហាសង្គម សង្កេតឃើញថា រយៈពេល២ឆ្នាំចុងក្រោយនេះ កម្ពុជា ត្រូវបានជនអន្តោប្រវេសន៍ជនជាតិចិន ជាង ៥០០នាក់ យកធ្វើជាទីតាំងឈរជើងសម្រាប់ប្រព្រឹត្តបទឧក្រឹដ្ឋចាប់ជំរិតឆ្លងដែន ហើយចាប់តាំងពីឆ្នាំ១៩៧៩ មក កម្ពុជា ក៏ក្លាយជាទីតាំងដ៏ពេញនិយមដែលអនុគ្រោះដល់ការរស់នៅប្រកបដោយភាពសុខសាន្តរបស់ជនជាតិវៀតណាម ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
