តំបន់ព្រៃស្អាកដែលអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៦៧ ពីខេត្តសៀមរាបទៅកាន់ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ តែងពោលសរសើរថា មានភាពស្រស់បំព្រងចោលម្លប់ត្រឈឹងត្រឈៃ ដោយមានដើមឈើធំៗក្នុងតំបន់ព្រៃការពាររបស់ឧទ្យានជាតិនោះ កំពុងទទួលរងការកាប់ឈើខុសច្បាប់ធ្វើអាជីវកម្មធ្ងន់ធ្ងរពីក្រុមឈ្មួញដែលហាក់ពុំមានការបង្រ្កាបពីមន្ត្រីជំនាញណាមួយទេ។
ក្រុមប្រជាពលរដ្ឋដែលរស់នៅភូមិក្បែរនោះបាននិយាយថា ដើមឈើធំៗខ្លះទំហំមុខជាង១ម៉ែត្រនិងខ្លះ១ម៉ែត្រ កំពុងត្រូវបានក្រុមឈ្មួញដឹកជញ្ជូនរណារយន្តចូលមករាប់សិបគ្រឿងអារផ្តួលរំលំនិងចៀរជាកំណាត់ៗ ដឹកជញ្ជូនចេញតាមរថយន្តធំៗយកទៅលក់ដូរស្ទើររៀងរាល់ថ្ងៃ។ ព្រៃដែលធ្លាប់ក្រាស់ស្តុកមើលមិនឃើញពន្លឺថ្ងៃ បានចាប់ផ្តើមប្រែក្លាយទៅជាវាលល្ហល្ហេវយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លី២-៣ឆ្នាំមកនេះ។
បុរសម្នាក់ជាអ្នកភូមិអូរអំបិល ដែលភ័យខ្លាចមិនហ៊ានបញ្ចេញឈ្មោះបានមានប្រសាសន៍ថា ក្រុមឈ្មួញអ្នករកស៊ីឈើខុសច្បាប់កំពុងតែសម្រុកចូលទៅកាន់តំបន់ព្រៃស្អាកដែលជាព្រៃជម្រកសត្វរបស់ឧទ្យានជាតិគូលែនព្រហ្មទេពយ៉ាងខ្លាំងក្លាពេលបច្ចុប្បន្ន ប៉ុន្តែមន្ត្រីបរិស្ថានដែលជាឧទ្យានុរក្សទីនោះបែរជាមិនមានសកម្មភាពបង្រ្កាបទេ។ បុរសដដែលបានមានប្រសាសន៍ទៀតថា មានរណារយន្តរាប់រយគ្រឿងកំពុងសម្រុកចូលកាប់ឈើក្នុងតំបន់នោះហើយរថយន្តធំៗបានចូលមកដឹកជញ្ជូនយកឈើចេញនៅពេលយប់។
អ្នកភូមិដែលសុំមិនបញ្ចេញឈ្មោះឲ្យដឹងដូច្នេះ ៖ «ភាគច្រើនគេកាប់នៅតំបន់ព្រៃស្អាកនេះឯង នៅតំបន់ខាងកើតផ្លូវ ខាងលិចផ្លូវ ទាំងសងខាងទាំងអស់។ ឈ្មួញគេមកទិញដល់នេះដែរ គេទាក់ទងឈ្មួញមកទិញនៅផ្ទះគេ។ ការកាប់ឈើនៅតំបន់ហ្នឹងជារៀងរាល់ថ្ងៃ ម៉ាស៊ីនគេរាប់រយគ្រឿង គេមកអាររាល់ថ្ងៃ។ គេជួលតៃកុងមកកាប់ គេយកតៃកុងមកពីឆ្ងាយៗ ខ្ញុំមិនសូវដឹងដែរ។ ដឹកចេញរាល់ថ្ងៃ ជួលកាលឡានធំ ឡានត(តកន្ទុយ) ជួនកាលឡានទាហានពួកកាម៉ាស់។ បីបួនប្រាំថ្ងៃបានឈើច្រើនបានគេមកដឹក ដឹកម្ដងជួនកាល៤០ទៅ៥០គូបគេដឹកចេញម្ដង។ ដឹកតែពេលយប់ទេរាល់ថ្ងៃ»។

បុរសអ្នកភូមិម្នាក់ទៀតបានមានប្រសាសន៍ប្រហាក់ប្រហែលគ្នានេះថា ក្រុមឈ្មួញបានចេញមុខកាប់ឈើនៅតំបន់ព្រៃស្អាកយ៉ាងពេញបន្ទុក ដោយជួលអ្នកមកពីឆ្ងាយខ្លះនិងជួលអ្នកភូមិទីនោះខ្លះឲ្យកាន់ម៉ាស៊ីនដើម្បីអារឈើឲ្យពួកគេ ៖ «ឃើញជួលអ្នកស្រុកខ្លះ អ្នកមកពីណាពីណីខ្លះ។ គេមកកាប់តែពេលថ្ងៃត្រង់ដល់ល្ងាចទេ ពេលស្ងាត់មេព្រៃ ស្ងាត់បរិស្ថានអត់ចុះ គេកាប់។ តែអ៊ីចេះឯងរាល់តែថ្ងៃហ្នឹង កាប់ពីម៉ោង១១-១២ ដល់ម៉ោងបីបួនគេឈប់ហើយ...»។
ក្រុមអ្នកភូមិបានអះអាងថា អ្នកពាក់ព័ន្ធនឹងការកាប់ឈើធ្វើអាជីវកម្មខុសច្បាប់នៅតំបន់ព្រៃស្អាក មានមន្ត្រីបរិស្ថានប្រចាំទីនោះ មន្ត្រីរដ្ឋបាលព្រៃឈើនិងមានកងទាហានខ្លះដែលមានបន្ទាយក្បែរតំបន់នោះ។ ក៏ប៉ុន្តែមន្ត្រីបរិស្ថាននៃឧទ្យានុរក្សប្រចាំតំបន់នោះបានបញ្ចេញប្រតិកម្មនិងច្រានចោលការអះអាងរបស់អ្នកភូមិដែលថា មន្ត្រីបរិស្ថានជាប់ពាក់ព័ន្ធនឹងការកាប់ឈើទាំងនោះ។
ប្រធានកម្រងបរិស្ថាននិងជានាយកឧទ្យានជាតិគូលែនព្រហ្មទេពប្រចាំតំបន់ព្រៃស្អាក លោក ខេង សុជាតិ មិនបានបដិសេធអំពីសកម្មភាពកាប់ឈើធ្វើអាជីវកម្មខុសច្បាប់នៅតំបន់នោះទេ ហើយលោកទទួលស្គាល់ថា ពិតជាមានការកាប់ឈើក្នុងតំបន់ព្រៃការពារនោះដែលអ្នកកាប់ឈើភាគច្រើនពាក់ព័ន្ធនឹងកងទាហាន។
លោក ខេង សុជាតិ មានប្រសាសន៍ដូច្នេះ ៖ «ពួកហ្នុងច្រើនតែទាហាន ប៉ុន្តែពួកខ្ញុំចុះទៅបង្រ្កាបប៉ុន្មានដងហើយ ថ្មីៗឥឡូវៗហ្នឹង ប្រហែលជាមួយអាទិត្យមុន។ ឥឡូវចាំមើលខ្ញុំចុះទៅមើលខ្លួនឯងមើល៍»។
លោក ខេង សុជាតិ បានបដិសេធការអះអាងរបស់អ្នកភូមិដែលចោទប្រកាន់ថា មន្ត្រីបរិស្ថានមានជាប់ពាក់ព័ន្ធនឹងការកាប់ឈើដោយទទួលសំណូកលុយកាក់ពីក្រុមឈ្មួញនោះគឺជាការមិនពិត ៖ «បងឯងចេះតែជឿគេ ខ្ញុំឈឺក្បាលវិលមុខនឹងការងារហ្នឹងសម្បើមណាស់»។
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ដែលទទួលបន្ទុកគ្រប់គ្រងនិងការពារព្រៃឈើតំបន់សៀមរាបនិងខេត្តឧត្តរមានជ័យ មិនបានទទួលទូរស័ព្ទដើម្បីអធិប្បាយពីបញ្ហានោះទេ។
ក្រុមអ្នកកាសែតក្នុងស្រុកមួយចំនួនដែលកំពុងតាមប្រមាញ់ថតយករូបភាពឡានដឹកជញ្ជូនឈើរបស់ពួកឈ្មួញនៅពេលយប់បាននិយាយថា ស្ទើរតែរៀងរាល់យប់មានរថយន្តដឹកឈើតូចនិងធំរាប់សិបគ្រឿងដឹកជញ្ជូនឈើប្រណីតគ្រញូងនិងឈើធុនលេខ២ជាហូរហែចេញពីតំបន់ខេត្តឧត្តរមានជ័យ ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ជាប់ព្រំដែនខ្មែរ-ថៃ ឆ្ពោះតាមផ្លូវក្រួសក្រហមតំបន់អូរក្រូច អូរអាកុក ចេញតាមស្រុកស្វាយលើ ខេត្តសៀមរាប និងចេញតាមផ្លូវជាតិលេខ៦៧ ឆ្ពោះទៅកាន់ខេត្តកំពង់ចាមដើម្បីលក់ចេញទៅឲ្យឈ្មួញនៅប្រទេសវៀតណាម។
ក្រុមអ្នកកាសែតទាំងនោះបាននិយាយថា ការកាប់និងដឹកជញ្ជូនឈើទាំងនោះ ខ្លះមានរូបភាពជាក្រុមហ៊ុនមានលិខិតអនុញ្ញាតឲ្យដឹកផលព្រៃឈើចេញពីតំបន់ព្រៃសម្បទានសេដ្ឋកិច្ច ដោយលិខិតអនុញ្ញាតនោះឲ្យដឹកឈើមានកំណត់ចំនួនតិចតួច ប៉ុន្តែគេប្រើលិខិតដដែលនេះបន្លំភ្នែកដឹកឈើខុសច្បាប់ជាច្រើនខែច្រើនពាន់ម៉ែត្រគូបលើសពីចំនួនដែលអនុញ្ញាតជាច្រើនដង។
ក្រុមអ្នកតាមប្រមាញ់រូបភាពដឹកឈើខុសច្បាប់បានមើលឃើញថា សមត្ថកិច្ចពាក់ព័ន្ធក្នុងការបង្រ្កាបបទល្មើសព្រៃឈើ ហាក់មិនពិនិត្យឲ្យដិតដល់ក្នុងការទប់ស្កាត់ទេ ពីព្រោះពួកគេបានត្រូវគ្នាជាមួយពួកឈ្មួញ។
អ្នកកាសែតក្នុងស្រុកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះកំពុងសកម្មក្នុងការតាមដានសកម្មភាពដឹកឈើខុសច្បាប់នៅពេលយប់ បានមានប្រសាសន៍ថា ការដឹកជញ្ជូនឈើប្រណីតនិងឈើសំណង់លេខ២របស់ពួកឈ្មួញ កំពុងកើតមានយ៉ាងខ្លាំងក្លាចេញពីតំបន់ព្រំដែនខ្មែរ-ថៃ នៃស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ដោយគ្មានសមត្ថកិច្ចណារារាំងទេនៅពេលដែលគេត្រូវគ្នាជាមួយពួកឈ្មួញដែលរត់ការ។
អ្នកកាសែតដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងដូច្នេះ ៖ «កាលចូលឆ្នាំចិន ប៉ុន្មានថ្ងៃមុនដឹកមិនដឹងជារបស់នរណាទេ ចេញមកជាខ្សែ ជួនកាល៣-៤ ជួនកាល៥-៦, ៧-៨អីទៅ។ ផ្លូវត្រពាំងប្រាសាទមកទំនប់ដាច់ ចាក់មកតាមចម្ការកៅស៊ូ ចាក់មកតាមចម្ការលើចេញមកដំដែក បានហួសទៅតាមកំពង់ធំនិងកំពង់ចាម។ ផ្លូវហាយវ៉េយ៍មានតិចតួច ចេញមកពីរបីអីហ្នឹង»។
ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសខ្មែរបានប្រឹងប្រែងក្នុងការបង្រ្កាបការកាប់និងដឹកឈើធ្វើអាជីវកម្មខុសច្បាប់ដែលកើតមានឡើងនៅតាមជួរព្រំដែនខ្មែរ-ថៃនោះ។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលខ្មែរ បានមានប្រសាសន៍កាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងមកនៅពេលដែលលោកអញ្ជើញទៅសម្ពោធទីបញ្ជាការយោធាកងពលធំអន្តរាគមន៍លេខ៣ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយចេញបញ្ជាយ៉ាងហ្មឺងម៉ាត់ឲ្យកងទ័ពទាំងអស់ជួយការពារព្រៃឈើនិងបង្រ្កាបក្រុមឈ្មួញដែលកំពុងរកស៊ីឈើខុសច្បាប់។
លោក ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះ ៖ «នេះជាបទបញ្ជាយ៉ាងម៉ឺងម៉ាត់ សូមកងទ័ពទាំងអស់នៅទីនេះជួយការពារព្រៃឈើ សូមកុំកាប់ឈើ។ ឲ្យមកទីនេះមកការពារទឹកដីប្រឆាំងនឹងចោរឈ្លានពាន មិនមែនមកឲ្យធ្វើចោរកាប់ឈើទេ សូមកងទ័ពទាំងអស់ស្ដាប់ឲ្យបាន ទាំងមេរហូតមកដល់កូន ទាំងនាយឧត្ដមសេនីយ៍រហូតដល់ពលទោ...។ ក្រៅពីនោះត្រូវខិតខំរារាំងប្រជាពលរដ្ឋដែលលួចចូលទៅក្នុងដីថៃកាប់ឈើរបស់គេ»។
ក្រុមអ្នកឃ្លាំមើលព្រៃឈើនៅកម្ពុជាបានសម្ដែងការព្រួយបារម្ភចំពោះការបាត់បង់ព្រៃឈើជាបន្តបន្ទាប់។
អង្គការ Global Witness បានបង្ហាញក្នុងរបាយការណ៍លើគេហទំព័រថា កងទាហានកងរាជអាវុធហត្ថ មន្ត្រីប៉ូលិសនិងមន្ត្រីរដ្ឋបាលព្រៃឈើខ្មែរមួយចំនួន គឺជាអ្នកពាក់ព័ន្ធធ្ងន់ធ្ងរក្នុងសកម្មភាពកាប់ឈើខុសច្បាប់។ អង្គការ Global Witness បាននិយាយទៀតថា តាមការស្រង់ស្ថិតិគេបានរកឃើញថា ប្រទេសកម្ពុជាបានបាត់បង់ព្រៃត្រូពិកចំនួន២៩% ក្នុងរយៈពេល៥ឆ្នាំ៕
