នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក យ៊ូ កានវិមាន មិនព្រមអត្ថាធិប្បាយពិស្តារជុំវិញបញ្ហានេះទេដោយបញ្ជាក់យ៉ាងខ្លីថា ៖ «គេកំពុងតែធ្វើការពីព្រោះជាការងាររបស់រដ្ឋបាលព្រៃឈើមូលដ្ឋានជាការងារជាក់ស្ដែង»។
បើតាមមន្ត្រីខេត្តសុំមិនឲ្យបញ្ចេញឈ្មោះបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ទី២០ វិច្ឆិកា មានបទបញ្ជាពីអាជ្ញាធររដ្ឋបាលព្រៃឈើឲ្យធ្វើការត្រួតពិនិត្យទីតាំងនោះតាមសំណូមពរអាជ្ញាធរខេត្ត ក៏ប៉ុន្តែមានការប្រទាំងប្រទើសគ្នាជាច្រើនម៉ោងដោយម្ចាស់ទីតាំងមិនអនុញ្ញតឲ្យចូល ហើយរហូតមកទល់វេលារសៀលគេឃើញសមត្ថកិច្ចបង្រ្កាបដឹកនាំដោយនាយផ្នែក លោក ឡេង យុត ត្រូវបានអនុញ្ញាតឲ្យចូលហើយប្រមូលបានឈើប្រណីតមួយរថយន្តតូច ក៏ប៉ុន្តែពុំមានឃើញត្រួតពិនិត្យរថយន្តកាំមីញ៉ុងដែលគ្របសំពត់កៅស៊ូនៅក្នុងទីតាំងនោះទេ។
សកម្មជនឃ្លាំមើលការកាប់បំផ្លាញព្រៃឈើនៃសមាគមអាដហុកខេត្តរតនគិរី លោក ឆាយ ធី បញ្ជាក់ថាមិនមានស្ថាប័នណាផ្សេងត្រូវបានអនុញ្ញាតឲ្យចូលក្នុងទីតាំងនោះទេ។ លោកថាជាចេតនាបិទបាំងការពិតដែលទាមទារឲ្យមានការស៊ើបអង្កេតពិតប្រាកដ ៖ «យើងសុំឲ្យសមត្ថកិច្ចចុះមកធ្វើការស៊ើបអង្កេតជាបន្ទាន់»។
ទីតាំងដែលកើតហេតុឋិតនៅភូមិមួយឃុំកាចាញ ស្រុកបានលុង ជាប់ខាងកើតអតីតរោងចក្រផលិតឈើតៃវ៉ាន់នៅលើផ្ទៃដីជាងកន្លះហិកតារ មានរបងបិទបាំងដោយបន្ទះស័ង្កសីកម្ពស់២ម៉ែត្រជាកម្មសិទ្ធិរបស់អ្នកជំនួញឈើប្រណីតដ៏ធំមួយនៅក្នុងខេត្តនេះ គឺអ្នកស្រី មាស ម៉ាលី ហើយបើតាមប្រជាពលរដ្ឋមានលំនៅឋាននៅជិតៗនោះរាយការណ៍ថា ទីតាំងនេះមានស្តុកឈើប្រណីតដើម្បីនាំចេញជាច្រើនឆ្នាំមកហើយដោយបង្កប់ជាមួយគ្រឿងសង្ហារិមពាក់កណ្តាលសម្រេចធ្វើពីឈើប្រណីតដែលច្បាប់ហាមឃាត់។
ម្ចាស់ទីតាំងអ្នកស្រី មាស ម៉ាលី មានប្រសាសន៍បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា គឺជាការភ័ន្តច្រឡំមិនមានរឿងរ៉ាវអ្វីកើតមាននៅទីតាំងនោះទេ ៖ «មេព្រៃ ពួកកាសែត ទៅប្រាប់ចៅហ្វាយខេត្តរញ៉េរញ៉ៃអ៊ីចឹង គេចុះទៅមើល ដល់ចុះហើយគេមកវិញ អត់មានអីផង»។
វិទ្យុអាស៊ីសេរីមិនអាចធ្វើការទាក់ទងប្រធានផ្នែកនៃខណ្ឌរដ្ឋបាលព្រៃឈើទទួលបន្ទុកស្រុកបានលុង លោក ឡេង យុត ដើម្បីបញ្ជាក់ពីបញ្ហានេះបានទេនៅថ្ងៃសុក្រនេះ ហើយមន្ត្រីក្រោមឱវាទផ្សេងទៀតក៏ដូចគ្នា។
កាលពីខែធ្នូ ឆ្នាំ២០០៦ អ្នកស្រី មាស ម៉ាលី បានធ្វើការរារាំងមិនឲ្យអាជ្ញាធរខេត្តដឹកនាំដោយអភិបាលរងខេត្ត លោក ប៊ូ ឡាំ នាំយករថយន្តដឹកជញ្ជូនឈើប្រណីតខុសច្បាប់មួយគ្រឿងដូចគ្នានេះមកកាន់ស្នងការដ្ឋានប៉ូលិសទេដោយសំអាងលើកិច្ចអន្តរាគមន៍ពីសាច់ញាតិលោកនាយករដ្ឋមន្ត្រីដែលជាស្តី្រមានឈ្មោះ ធឿន រស់នៅខេត្តកំពង់ចាម ហើយភ្លាមៗនោះទីប្រឹក្សាជាន់ខ្ពស់ប្រមុខរាជរដ្ឋាភិបាល លោក ឱម យ៉ិនទៀង បានណែនាំតាមទូរស័ព្ទឲ្យអាជ្ញាធរខេត្តបង្រ្កាបដោយគ្មានការយោគយល់ចំពោះការប្រើប្រាស់ឈ្មោះសាច់ញាតិលោកនាយករដ្ឋមន្ត្រីដើម្បីដឹកជញ្ជូនឈើខុសច្បាប់។
យ៉ាងនេះក្តីតាមឯកសារដែលវិទ្យុអាស៊ីសេរីទទួលបានពីមន្ត្រីព្រៃឈើរយៈពេលតែពីរថ្ងៃបន្ទាប់ពីហេតុការណ៍ លោក ប៊ូ ឡាំ បានធ្វើលិខិតសរសេរដោយដៃឲ្យខណ្ឌរដ្ឋបាលព្រៃឈើធ្វើការដោះលែងរថយន្តនោះវិញនិងហាមមិនឲ្យកើតមានជាលើកទីពីរទៀត៕
