មេ​ព្រៃ​កាប់​រំលំ​ដើម​ម៉ៃសាក់​នៅ​ស្រុក​បន្ទាយ​មាស ខេត្ត​កំពត

មន្ត្រី​មេ​ព្រៃ​បាន​ធ្វើ​សកម្មភាព​កាប់​រំលំ​ដើម​ម៉ៃសាក់​ក្នុង​ចម្ការ​ម៉ៃសាក់​នៅ​ភូមិ​ដំណាក់ចំបក់ ឃុំ​សំរោងលើ ស្រុក​បន្ទាយ​មាស ខេត្ត​កំពត។

0:00 / 0:00

ប្រភព​ពី​ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មន្ត្រី​មេ​ព្រៃ​ពីរ​រូប​ដែល​ម្នាក់​ឈ្មោះ ឌិត សុវណ្ណ ជា​ប្រធាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​អង្គរជ័យ និង​ម្នាក់​ទៀត​ឈ្មោះ កៀម ទិព្វ ជា​មន្ត្រី​ផ្នែក​រុក្ខា​ប្រមាញ់​ខេត្ត​កំពត បាន​កាប់​រំលំ​ដើម​ម៉ៃសាក់​នៅ​ចម្ការ​ម៉ៃសាក់​ស្ថិត​ក្នុង​ភូមិ​ភូមិ​ដំណាក់ចំបក់ ឃុំ​សំរោងលើ ស្រុក​បន្ទាយមាស ខេត្ត​កំពត ក្រោម​លេស​ថា​ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​អង្គភាព។

នាយរង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​សំរោងលើ លោក ឥន រៀម បាន​ថ្លែង​ថា​សកម្មភាព​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​កិច្ចសហការ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ហើយ​ក៏​ទទួល​បាន​នូវ​ការអបអរ​សាទរ​ពី​សំណាក់​ប្រជាពលរដ្ឋ​ផង​ដែរ។

លោក ឥន រៀម បាន​ឲ្យ​ដឹង​ថា ៖ «រឿងរ៉ាវ​នេះ​បើ​តាម​ការ​ពិត​ទៅ មេ​ព្រៃ​លួច​កាប់​យក​ទៅ​លក់ ហើយ​ពេល​ក្រោយ​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ដល់​កន្លែង​ប៉ុស្តិ៍​ខ្ញុំ ខ្ញុំ​ចាត់តាំង​កម្លាំង ហើយ​សហការ​ជាមួយ​លោក​មេ​ឃុំ ក្រុមប្រឹក្សា​ឃុំ ដើម្បី​ចុះ​មក​ពិនិត្យ។ ហើយ​ក្រោយពី​ពិនិត្យ​ទៅ​ឃើញ​ថា វា​ជា​ករណី​លួច យើង​ធ្វើការ​ឃាត់​តែម្ដង ប្រមូល​បាន​ឈើ​ប្រភេទ​ម៉ៃសាក់​ហ្នឹង​ចំនួន​៦​ដើម ហើយ​កាត់​ជា​កង់ៗ​ប្រវែង​ពីរ​ម៉ែត្រ​ខ្លះ មួយ​ម៉ែត្រ​កន្លះ​ជាង​ខ្លះ ៣៧​កង់។ ប្រជាពលរដ្ឋ​ដល់​ឃើញ​កម្លាំង​ខ្ញុំ​សហការ​ជាមួយ​អាជ្ញាធរ​អ៊ីចឹង​គាត់​អរ ព្រោះ​ថា​ព្រៃ​ឈើ​នេះ ដើម​ម៉ៃសាក់​នេះ​ជា​ប្រភេទ​ឈើ​លេខ​១ ហើយ​ប្រភេទ​ល្អ​បំផុត ហើយ​មិន​ដែល​នរណា​ថ្លើម​ធំ​ហ៊ាន​កាប់​អ៊ីចឹង​ទេ»

មេ​ឃុំ​សំរោងលើ លោក ញ៉យ ណាន់ បាន​មាន​ប្រសាសន៍​ថា រយៈកាល​កន្លង​ទៅ​ក៏​មាន​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​ដែរ ៖ «កាប់​ហ្នឹង​គេ​អត់​បាន​មាន​សួរ​យោបល់​យ៉ាង​ម៉េច​ទេ ព្រោះ​គ្រាន់តែ​ជម្រាប​ប្រាប់​ខ្ញុំ​ថា កាប់​ហ្នឹង​យក​ទៅ​លក់​ដោះដូរ​ដើម្បី​ទិញ​ឈើ​ធ្វើ​ស្នាក់ការ​របស់​មេ​ព្រៃ។ បើ​តាម​កន្លង​មក​វា​លួច​កាប់​ហូរហែ ប៉ុន្តែ​អត់​បាន​ធ្វើ​ទ្រង់ទ្រាយ​ធំ​អ៊ីចឹង​ទេ ដោយសារ​កាប់​១​ដើម ២​ដើម វា​លួច​នៅ​ពេល​យប់ ហើយ​ជន​កាប់​ហ្នឹង​វា​ច្រើន​ប៉ូលិស​អី​ខាង​ស្រុក​ឈូក​អី​មក​ចូល​កាប់ ហើយ​មេ​ព្រៃ​ច្រើន​ឃុបឃិត​គ្នា​កាប់​យប់​ហើយ​អារ​ចេញ​ទៅ​ទាំង​យប់​តែម្ដង​កន្លង​មក ប៉ុន្តែ​ទើប​លើក​ហ្នឹង​ខ្ញុំ​ធ្វើ​សកម្មភាព ហើយ​ឯកភាព​គ្នា​ជាមួយ​លោក​អិបាល​ដែរ​ហ្នឹង»

អភិបាល​ស្រុក​បន្ទាយមាស លោក ឆាយ សន បាន​មាន​ប្រសាសន៍​រៀបរាប់​ពី​អាយុកាល​របស់​ដើម​ម៉ៃសាក់ ហើយ​លោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​បាន​តម្រូវ​ឲ្យ​មន្ត្រី​ដែល​បាន​ប្រព្រឹត្ត​នោះ​ធ្វើ​កិច្ច​សន្យា​ឈប់​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ​តទៅ​ទៀត។

លោក ឆាយ សន បាន​មាន​ប្រសាសន៍​ថា ៖ «តាំងពី​ឆ្នាំ​៦០​ជាង តាំងពី​ខ្ញុំ​នៅ​អាយុ​១៧​-​១៨​ឆ្នាំ ឥឡូវ​ខ្ញុំ​៦០​ជាង​ហើយ។ វា​ថា​ខុស​ដែរ ព្រោះ​របស់​នេះ​សុទ្ធតែ​ឈើ​ប្រហោង​បាន​កាប់​ហ្នឹង។ ខ្ញុំ​ថា​បើ​កាប់​អ៊ីចឹង​ក៏​វា​ខុស​ដែរ វា​មិន​ត្រូវ យើង​មេ​ព្រៃ ទៅ​កាប់​ព្រៃ​វា​

ម៉េច​នឹង​ត្រូវ»

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​សុំ​ការបំភ្លឺ​ជុំវិញ​បញ្ហា​នេះ​ពី​សំណាក់​មេព្រៃ​ទាំង​ពីរ​រូប​តែ​មិន​អាច​ទាក់ទង​បាន។

ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រី​អាជ្ញាធរ​បាន​សម្ដែង​នូវ​ការសោកស្ដាយ​ដោយសារ​តែ​មន្ត្រី​មេព្រៃ​ដែល​មាន​តួនាទី​ក្នុង​ការ​ថែ​រក្សា​និង​ការពារ​ព្រៃ​ឈើ​ជា​សម្បត្តិ​សាធារណៈ​នោះ​បែរ​ជា​ធ្វើការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ខ្លួន​ឯង​ទៅ​វិញ៕