តំណាងសហគមន៍ភូមិអូរតាណឹង ឃុំក្បាលដំរី គឺលោក ពៅ កុសល បានឲ្យដឹងថា បទល្មើសព្រៃឈើត្រូវបានគេកាប់អារដឹកជញ្ជូនពីក្នុងព្រៃ ហើយចរាចរតាមម៉ូតូ និងរថយន្តបន្តទៅទៀត។
លោក ពៅ កុសល បានឲ្យដឹងថា ៖ «ចង់និយាយថា គេអារហើយ ជាសន្លឹកហើយ គេជួលពលរដ្ឋដឹកមួយគូប៦ម៉ឺន ដល់ផ្លូវជាតិ ហើយនិងរទេះគោ រទេះក្របី។ មកដល់ផ្លូវហ្នឹង គេយកឡានមកដឹកបន្តមកទៀត ដឹកយកទៅណាខ្ញុំមិនដឹងដែរ»។
លោក កុសល បានឲ្យដឹងបន្ថែមថា អនាធិបតេយ្យព្រៃឈើនេះកើតមានឡើងដោយសារតែការមិនបានបង្រ្កាបទៅលើរណារយន្តអារឈើឲ្យអស់។ ដោយលោកថា បទបញ្ជាពីរដ្ឋាភិបាលមានហើយ តែថ្នាក់ក្រោមនៅមានការធូររលុង។ ប៉ុន្តែតំណាងសហគមន៍ម្នាក់ទៀតគឺលោក រដ្ឋា បានជម្រាបកាលពីថ្ងៃទី១៤ កញ្ញា ដែរថា ព្រៃឈើដែលមានមុខ១តឹកកន្លះ ទៅ២តឹក ក៏ត្រូវបានបំផ្លាញអស់ ដោយសារតែរណារយន្តអនាធិបតេយ្យ។
ប៉ុន្តែទោះជាយ៉ាងណាក៏ក្ដីក៏លោកបានអះអាងថា ប៉ុន្មានថ្ងៃនេះហាក់ដូចជាស្ងប់សំឡេងចាប់តាំងពីមេព្រៃបានបង្រ្កាបកន្លែងស្តុកឈើដ៏ធំមួយនៅភូមិធំ ឃុំសណ្ដាន់ ស្រុកសំបូរ កាលពីថ្ងៃទី៦ កញ្ញាមក។
លោក កុសល បានមានប្រសាសន៍ថា ៖ «ឥឡូវគេកំពុងតែផ្អាកអារ ដោយសារគេចាប់ឈើហ្នឹង អត់មានអ្នកណាទិញ។ សំណូមពរគាត់ចាប់ម៉ាស៊ីនអារឈើអីតាមហ្នឹង។ ចេះតែបារម្ភដែរ តែគេទិញទៀតហ្នឹងត្រូវតែអារទៀត»។
តំណាងសហគមន៍ម្នាក់ទៀតគឺលោក ប៉ាល់ អាន បានឲ្យដឹងថា ចាប់តាំងតែពីមានការបង្រ្កាបធំមកសកម្មភាពអារឈើដោយម៉ាស៊ីនត្រូវបានផ្អាកក៏មែនពិត ប៉ុន្តែលោកនៅតែបារម្ភខ្លាចក្រែងមានក្រុមណាថ្មីមកឈរទិញឈើអនាធិបតេយ្យបន្តទៀត។
លោក ប៉ាល់ អាន បានឲ្យដឹងថា ៖ «មានការថយចុះច្រើន ពេលដែលគេយុទ្ធនាការចាប់ឈើនៅភូមិធំ ឃុំសណ្ដាន់ហ្នឹង ដល់ចាប់ហ្នឹងទៅ អ្នកដឹកឈើហ្នឹង វាដឹកចេញអត់រួច អ៊ីចឹងផ្អាកអារតែម្ដង រើម៉ាស៊ីនទុក។ ...អ្នកម៉ាស៊ីនហ្នឹងវារើទុកខ្លួនឯង។ នៅមានម៉ាស៊ីនសេសសល់ហ្នឹង សុំឲ្យមេព្រៃទៅជួយអន្តរាគមន៍បន្ថែមទៀតដើម្បីឲ្យវាអស់»។
នាយខណ្ឌរដ្ឋបាលព្រៃឈើគឺលោក ទេព សាម័យ បានឲ្យដឹងថា រណារអារឈើអនាធិបតេយ្យប្រមូលបានជាង១ពាន់គ្រឿងហើយរហូតមកទល់នឹងពេលនេះ។ ហើយលោកថាភារកិច្ចបង្រ្កាបបទល្មើសព្រៃឈើជាភារកិច្ចរបស់លោកដែលត្រូវតែធ្វើបន្តទៅទៀតដោយខានមិនបាន។
លោក ទេព សាម័យ បានមានប្រសាសន៍ថា ៖ «ការងារហ្នឹងយើងនៅតែធ្វើរាល់ថ្ងៃអ៊ីចឹង វាមិនឈប់ទេ ជួបត្រង់ណា យកត្រង់ហ្នឹង។ អាហ្នឹងវាជាភារកិច្ចរបស់ខ្ញុំបន្តទៅទៀត មិនអាចនិយាយបានទេ»។
សូមជម្រាបថា កាលពីថ្ងៃទី៦ កញ្ញា នាយខណ្ឌរដ្ឋបាលព្រៃឈើបានសុំដីកាឆែកឆេរនិងចាប់រឹបអូសយកឈើប្រណីតជាច្រើនរយម៉ែត្រគូបរបស់សែស្រឡាយអ្នកមានអំណាចដែលលួចស្តុកទុកនៅភូមិធំ ឃុំសណ្ដាន់៕
