ប្រជា​សហគមន៍​នៅ​រតនគិរី​អំពាវនាវ​ឲ្យ​ស៊ើបអង្កេត​ករណី​កាប់​ឈើ

2008-06-23

ប្រជា​សហគមន៍​ឃុំ​ត្រពាំងច្រេស ស្រុក​កូនមុំ ខេត្ត​រតនគិរី អំពាវនាវ​នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ​សុំ​ឲ្យ​មាន​ការស៊ើបអង្កេត​ទៅ​លើ​សកម្មភាព​លួច​កាប់​ឈើ​មូល​ពី​ព្រៃ​សហគមន៍​នាំ​ចូល​ទៅ​រោងចក្រ​អារ​ឈើ​នៃ​ក្រុមហ៊ុន​សម្បទាន​ព្រៃ​គប់​មួយ​ដែល​មាន​ទីតាំង​ជាប់​ព្រៃ​សហគមន៍​នោះ ។

សេចក្តី​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ប្រជា​សហគមន៍​ចំនួន​ពីរ​នាក់​ដែល​ចលនា​ឲ្យ​អ្នក​ភូមិ​ប្តឹង​ពី​ករណី​នេះ ត្រូវ​បាន​អាជ្ញាធរ​ប៉ូលិស​ស្រុក​កោះហៅ កាលពី​ថ្ងៃ​ទី​២០ មិថុនា​កន្លង​ទៅ ហើយ​ធ្វើការ​សម្រប​សម្រួល​ឲ្យ​ពួក​គាត់​ឈប់​ប្តឹង​ក្រោម​ហេតុផល​ថា អ្នក​ភូមិ​ចំនួន​៥៤​នាក់​ក្នុង​ចំណោម​៩២​នាក់​បាន​បដិសេធ​ថា មិន​បាន​យល់ស្រប​ក្នុង​ការប្តឹង​ពី​ករណី​នេះ​ទេ ។

សមាជិក​សហគមន៍ លោក ឡុង ឌី មាន​ប្រសាសន៍​បញ្ជាក់​ថា​សកម្មភាព​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ពិត​ជា​កើតមាន​រាប់រយ​ដើម​នាំ​ចូល​រោង​អារ​ឈើ​ដោយ​មាន​ការឃុបឃិត ។ លោក​ថា​នេះ​គឺ​ជា​បទល្មើស​ព្រៃ​ឈើ​ដែល​មិន​អាច​លើកលែង​បាន ។

លោក ឡុង ឌី បាន​ឲ្យ​ដឹង​ថា ៖ «ផ្ទុយ​នឹង​ច្បាប់ គេ​មិន​ត្រឹមតែ​ឲ្យ​យើង​ឈប់​បន្ត​ទេ ឈប់​បន្ត​លុះត្រាតែ​អ្នក​ឯង​ជា​អាជ្ញាធរ​ហ្នឹង ជួយ​បន្ត​ពី​ខ្ញុំ​ទៅ​ផង»

តាម​កំណត់ហេតុ​ឆ្លើយ​បំភ្លឺ​របស់​ប្រជា​សហគមន៍​ដែល​បាន​ទៅ​ដល់​ទី​កើតហេតុ​កាលពី​ខែ​មេសា​កន្លង​ទៅ សមាជិក​សហគមន៍​ភូមិ​២ ឃុំ​ត្រពាំងច្រេស ៤​នាក់ បាន​ចុះ​ត្រួតពិនិត្យ​តំបន់​ព្រៃ​ការពារ​សហគមន៍​នៅ​ចំណុច​ភ្នំ​ស្រួច មាន​ផ្ទៃ​ដី​ប្រមាណ​២០០​ហិកតា​ដែល​មាន​ឈើ​រាប់​ពាន់​ដើម​ត្រូវ​បាន​គេ​កាប់​និង​ដឹក​ជញ្ជូន​ចូល​រោង​អារ​ឈើ​នៃ​ក្រុមហ៊ុន​សម្បទាន​ព្រៃ​គប់ ទើប​ពួក​គេ​ធ្វើ​ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​ស្រុក​និង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ឲ្យ​ជួយ​ទប់ស្កាត់ ក៏ប៉ុន្តែ​ជា​បន្ត​បន្ទាប់​ប្រជា​សហគមន៍​ដែល​នាំមុខ​ក្នុង​ករណី​នេះ​រង​ការគំរាម​កំហែង​កាប់​សម្លាប់ ហើយ​អាជ្ញាធរ​ស្រុក​បែរ​ជា​ចាត់​មន្រ្តី​ប៉ូលិស​និង​អាវុធហត្ថ​ស៊ើបអង្កេត​ទៅ​លើ​ចលនា​ទាមទារ​ឲ្យ​មាន​ការប្តឹង​ពី​ករណី​នេះ​ជា​ប្រការ​ធ្វើ​ឲ្យ​មាន​ការភ័យ​ខ្លាច ហើយ​អ្នក​ភូមិ​ចំនួន​៥៤​នាក់​ក្នុង​ចំណោម​៩២​នាក់ បដិសេធ​មិន​បាន​យល់ស្រប​ក្នុង​ការប្តឹង​ពី​ករណី​នេះ​ទៅ​វិញ ។

អធិការ​រង​ប៉ូលិស​ស្រុក​កូនមុំ លោក រ៉េន មុត មាន​ប្រសាសន៍​ថា​ការកាប់​ឈើ​ពិត​ជា​កើត​មាន ក៏ប៉ុន្តែ​មិនមែន​ក្រុមហ៊ុន​ជា​អ្នកប្រព្រឹត្ត​ផ្ទាល់​ទេ ទើប​ស្រុក​ចាត់ការ​ឲ្យ​សម្រប​សម្រួល​បញ្ហា​នេះ ។

លោក រ៉េន មុត បាន​មាន​ប្រសាសន៍​ថា ៖ «ប្រជាពលរដ្ឋ​យើង​ទេ អ្នក​ដែល​ឈើ​អារ​ហើយ យក​ទៅ​លក់​ឲ្យ​គេ​ទេ ខ្ញុំ​អត់​ត្រូវ​ធ្វើ​ទេ ប៉ុន្តែ​គាត់​បញ្ជា​មក​អធិការ អធិការ​បញ្ជា​មក​ខ្ញុំ​ធ្វើ ហៅ​ពីរ​នាក់​មក​សម្រប​សម្រួល​ដែរ រីឯ​ការធ្វើការ​ដំណោះស្រាយ​ហ្នឹង វា​មាន​ជំនាញ​គេ»

នាយ​ផ្នែក​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ប្រចាំ​ស្រុក​កូនមុំ លោក ឡេង យុត មាន​ប្រសាសន៍​ដែរ​ថា ធ្លាប់​ទទួល​បាន​ព័ត៌មាន​ពី​ការកាប់​ឈើ ក៏ប៉ុន្តែ​របាយការណ៍​របស់​អាជ្ញាធរ​ស្រុក​បដិសេធ​ថា​មិន​មាន​ការកាប់​ឈើ​ទេ ៖ «ស្រុក​គាត់​ថា ចុះ​ស្រាវជ្រាវ​អត់​មាន​បញ្ហា​អី​ផង អ្នក​ប្ដឹង​ចេះតែ​យក​មេ​ដៃ​ផ្សេងៗ» ។

កាលពី​ខែ​ឧសភា​បន្ទាប់ពី​មាន​របាយការណ៍​កាប់​ឈើ មេ​ឃុំ​ត្រពាំងច្រែស លោក សេង សុង បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​ថា ប្រជាពលរដ្ឋ​ក្នុង​ភូមិ​មួយចំនួន​គឺ​ជា​អ្នក​កាប់​ឈើ​នោះ​លក់​ឲ្យ​ក្រុមហ៊ុន ។

លោក សេង សុង បាន​មាន​ប្រសាសន៍​ថា ៖ «អស់​ពាក់កណ្ដាល​ជាង ។ យក​អនុផល​ព្រៃ​ឈើ​ហ្នឹង មាន​ជ័រ​ដុត​លក់​រាល់​ឆ្នាំ​ហ្នឹង ដល់​ឥឡូវ​គាត់​លក់​ជ័រ​ហ្នឹង​ទៀត​ទៅ ។ ...ក្រុម​ចម្រុះ​នៅ​ស្រុក​ហ្នឹង ក៏​ចុះ​រាល់​ថ្ងៃ ក៏ប៉ុន្តែ​ពេល​យើង​ចុះ​វិញ​បាត់​មក វា​ដាក់​អំពូល​ម៉ែត្រ​កាប់»

មន្រ្តី​ឃ្លាំមើល​ការកាប់​បំផ្លាញ​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក​ខេត្ត​រតនគិរី លោក ប៉ែន ប៉ុណ្ណារ៍ មាន​ប្រសាសន៍​ថា​លោក​បាន​ដាក់​លិខិត​អន្តរាគមន៍​ជូន​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​រួច​ហើយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ប្រយោជន៍​ធ្វើការ​ស៊ើបអង្កេត​សេចក្តី​អំពាវនាវ​របស់​ប្រជា​សហគមន៍ ។ លោក​ថា​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​គឺ​ជា​ការទទួល​ខុស​ត្រូវ​របស់​មន្ត្រី​ព្រៃ​ឈើ ៕

អត្ថបទ​ដែល​ទាក់ទង

មេ​ព្រៃ​កាប់​រំលំ​ដើម​ម៉ៃសាក់​នៅ​ស្រុក​បន្ទាយ​មាស ខេត្ត​កំពត

អាជ្ញាធរ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​នៅ​ស្រុក​ឆ្លូង ខែត្រ​ក្រចេះ

ជនជាតិ​ព្នង​៣​នាក់​នៅ​មណ្ឌលគិរី​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​ថា​សម្លាប់​មនុស្ស

ប៉ូលិស​មិន​ទាន់​កំណត់​មុខសញ្ញា​បាន​ជុំវិញ​ករណី​ប្លន់​ក្នុង​បរិវេណ​ធនាគារ​អេស៊ីលីដា

កុមារី​ម្នាក់​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ត្រូវ​គេ​សម្លាប់

ប្រជា​នេសាទ​រិះគន់​អប្រសិទ្ធភាព​នៃ​ការ​បង្រ្កាប​បទ​ល្មើស​នេសាទ

ប៉ូលិស​ខ្មែរ​និយាយ​ពី​លទ្ធផល​នៃ​ការស៊ើប​អង្កេត​ករណី​សម្លាប់​អ្នក​កាសែត

នៅ​រតនគិរី អ្នកភូមិ​រាយការណ៍​ថា ព្រៃ​ឈើ​អភិរក្ស​កំពុង​រង​ការកាប់​បំផ្លាញ

ប្ដី​ប្រពន្ធ​នៅ​ស្រុក​មេមត់​រង​របួស​ដោយសារ​ការវាយ​ប្រហារ​ដោយ​គ្រាប់​បែក

នៅ​កំពង់ចាម អាជ្ញាធរ​កំពុង​ប្រមូល​ភស្តុតាង​ដើម្បី​ចាប់​ខ្លួ​ជន​ឆ​បោក​ម្នាក់