ប្រភពឲ្យដឹងថា មន្ត្រីទាំង៧នាក់មានប្រធានយោធាប៉ុស្តិ៍ការពារព្រំដែនផាកតាម លោក សេង ខេមរៈ ប្រធានយោធាប៉ុស្តិ៍ការពារព្រំដែនភូមិចង លោក អ៊ូ ស៊ីសុផុន ប្រចាំនគរបាលប៉ុស្តិ៍ការពារព្រំដែនភូមិតាង៉ា លោក ភាន់ មន្ត្រីនគរបាលប៉ុស្តិ៍ការពារព្រំដែន លោក ម៉ម ថា រួមទាំងមន្ត្រីប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំញ៉ាងពីរនាក់ គឺលោក ផូ ផា និងលោក គង់ គួន ។
ស្នងការប៉ូសិសខេត្តរតនគិរី លោក រាយ រ៉ៃ មានប្រសាសន៍ឲ្យដឹងថា មន្ត្រីទាំងនោះត្រូវដាក់ពិន័យដកយកមកបញ្ឈរជើងនៅស្នងការដា្ឋននគរបាលខេត្ត តាមគោលការណ៍វិន័យរបស់កងនគរបាល ។
លោក រាយ រ៉ៃ បានឲ្យដឹងថា ៖ «បញ្ឈរជើងបញ្ហាប្រជាពលរដ្ឋគេរាយការណ៍ថាឃុបឃិតធ្វើឈើធ្វើអីហ្នឹងណា៎» ។
ចំណែកមេបញ្ជាការយោធាវរការពារព្រំដែន លោក លី សុវណ្ណារ៉ា បានបញ្ជាក់ដែរថាមន្ត្រីរបស់លោកក៏បានដកភារកិច្ចដូចគ្នាមកកាន់បញ្ជាការដ្ឋានដើម្បីរង់ចាំការស៊ើបអង្កេត ។
បើតាមមន្ត្រីអាជ្ញាធរឃុំញ៉ាងឲ្យដឹងថា មន្ត្រីទាំង៧នាក់មានជាប់ពាក់ព័ន្ធទៅនឹងការកាប់ឈើប្រណីត អារច្រៀកនាំចេញទៅទីផ្សារប្រទេសវៀតណាម ដែលមានព្រំដែនជាប់គ្នានៅតំបន់នោះប្រមាណមួយឆ្នាំកន្លងទៅនេះ ហើយកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៨ ប្រជាសហគមន៍និងមន្រ្តីមូលដ្ឋានបានរួមគ្នារកឃើញបទល្មើសជាក់ស្តែងរបស់ពួកគេ និងវត្ថុតាងឈើប្រណីតប្រមាណ១០ម៉ែត្រគូប ហើយបានផ្តល់របាយការណ៍នេះទៅស្ថាប័នពាក់ព័ន្ធដើម្បីចាត់ការរឿងនេះ ។
បើតាមអ្នកភូមិសុំមិនឲ្យបញ្ចេញឈ្មោះបញ្ជាក់ថា អ្នកភូមិបានសុំឲ្យមានកិច្ចអន្តរាគមន៍ជាច្រើនលើកទៅលើសកម្មភាពកាប់ឈើប្រណីតដោយមន្ត្រីនៅតំបន់នោះ ក៏ប៉ុន្តែពុំមានចំណាត់ការបង្រ្កាបអ្វីឡើយ ។
នាយផ្នែកនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ទទួលបន្ទុកស្រុកអណ្តូងមាស លោក វង្ស សុមេធី មានប្រសាសន៍ថាសមត្ថកិច្ចលោកកំពុងចុះទៅធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងទាក់ទិននឹងករណីខាងលើនោះហើយ ក៏ប៉ុន្តែលោកបដិសេធថាមិនដឹងមានជាប់ពាក់ព័ន្ធមន្រ្តីទាំង៧ខាងលើឬយ៉ាងណាទេ ។
លោក វង្ស សុមេធី បានមានប្រសាសន៍ថា ៖ «អត់ទាន់បានដឹងប្រវត្តិម្ចាស់ឈើនៅឡើយទេ ។ ឈើហ្នឹងគេចូលអារនៅក្នុងព្រៃ គេអារជាឡាំងៗ ។ គឺយើងត្រូវកសាងឯកសារចងក្រងជាសំណុំរឿង» ។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុក ខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថាការដាក់ពិន័យរដ្ឋបាលទៅលើមន្រ្តីដែលកាប់ឈើខុសច្បាប់មិនគ្រប់គ្រាន់ទៅនឹងទោសកំហុសដែលពួកគេបានប្រព្រឹត្តនោះឡើយ ។
លោកថាមានសេចក្តីរាយការណ៍និងពាក្យបណ្តឹងស្តីពីករណីខាងលើតាំងពីឆ្នាំ២០០៧មក ហើយលោកអំពាវនាវឲ្យមានការស៊ើបអង្កេតជាក់លាក់ក្នុងករណីនេះ ៖ «គ្រាន់តែយកល្អមើលទេ ក៏ប៉ុន្តែអ្នកពាក់ព័ន្ធធំគឺនៅគ្នាច្រើនទៀត» ។
កាលពីដើមឆ្នាំ២០០៨ បើតាមមន្ត្រីមូលដ្ឋានឃុំញ៉ាងឲ្យដឹងថា អ្នកភូមិម្នាក់ត្រូវបានគេសម្លាប់និងបានរកឃើញឈើប្រណីតជាច្រើនម៉ែត្រគូបដែលជាប់ទាក់ទិនទៅនឹងអាជីវកម្មឈើប្រណីតឆ្លងដែននៅតំបន់នោះ ៕
