ព្រៃ​ឈើ​នៅ​ឧទ្យាន​ជាតិ​វីរជ័យ​ក្នុង​ខែត្រ​រតនគិរី​រង​ការកាប់​ធ្វើ​អាជីវកម្ម

មន្រ្តី​ស្រុក​តាវែង ខេត្ត​រតនគិរី រាយការណ៍​ថា ព្រៃ​ឈើ​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ​មាន​ព្រំប្រទល់​ជាប់​នឹង​ស្រុក​តាវែង​កំពុង​រង​ការកាប់​ដើម្បី​ធ្វើ​អាជីវកម្ម​ឈើ​គ្រញូង។

0:00 / 0:00

អភិបាល​រង​ស្រុក លោក សំ ម៉ុក មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ប្រមាណ​ជិត​១​ខែ​កន្លង​ទៅ​នេះ​អ្នកភូមិ​មួយចំនួន​ត្រូវ​រ៉ូវ​ជាមួយ​ឈ្មួញ​ឆ្លង​ទន្លេ​សេសាន​ចូល​ទៅ​កាន់​តំបន់​ឧទ្យាន ហើយ​អារ​ច្រៀក​ឈើ​គ្រញូង​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​តូចៗ និង​ដឹក​ជញ្ជូន​ចេញ​ពី​ព្រៃ​បន្តិច​ម្ដងៗ​មក​លាក់​ទុក​ក្បែរ​ច្រាំង​ទន្លេ​ដើម្បី​លក់​ឲ្យ​ឈ្មួញ​ដែល​ភាគ​ច្រើន​ជា​បុគ្គល​មាន​តួនាទី​ក្នុង​មូលដ្ឋាន។

លោក សំ ម៉ុក បាន​ឲ្យ​ដឹង​ថា ៖ «ឃើញ​មាន​ការដឹក​ឈើ​ចេញ​ពេល​យប់​ព្រលប់​អី តាម​កូន​រថយន្ត​តូចៗ ហើយ​មួយចំនួន​ទៀត​ដឹក​តាម​ទឹក​ចុះ​ទៅ​ស្រុក​វើនសៃ តែ​មិន​ដឹង​ថា​ទៅ​ដល់​ណា​អី​កន្លែង​ណា​ព្រោះ​គេ​ទៅ​តែ​យប់ៗ។ គេ​មាន​គណៈកម្មការ​ចម្រុះ​គេ​ទប់ស្កាត់​ដែរ ប៉ុន្តែ​មិន​ដឹង​ទប់​របៀប​ម៉េច បើ​នៅតែ​របៀប​ហ្នឹង​ឧទ្យាន​វា​អាច​មាន​បញ្ហា​ទៅ​មុខ​ទៀត​ហើយ»

ស្រុក​តាវែង​បើ​តាម​ប្រជាសហគមន៍​ធ្លាប់​បាន​រាយការណ៍​ដែរ​ថា កាលពី​ឆ្នាំ ២០០៧-២០០៨ សកម្មភាព​កាប់​ឈើ​ប្រណីត​មាន​បេង នាងនួន កើត​មាន​ជា​ច្រើន​ករណី​នៅ​ក្នុង​ព្រៃ​ដែល​អ្នកភូមិ​អភិរក្ស ក៏ប៉ុន្តែ​តំបន់​ឧទ្យាន​ជាតិ​ក្រៅពី​សកម្មភាព​លួច​ប្រមាញ់​សត្វ​ព្រៃ ពុំ​មាន​ព័ត៌មាន​ថា​មាន​ការលួច​កាប់​ឈើ​នៅ​ទី​នោះ​ទេ។

ផ្ទុយ​ពី​នេះ​ស្រុក​វើនសៃ​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ស្រុក​តាវែង​និង​តំបន់​ឧទ្យាន​ជាតិ​ដូច​គ្នា បើ​តាម​អ្នកភូមិ​រាយការណ៍​ថា ឈើ​គ្រញូង​ត្រូវ​បាន​គេ​លួច​កាប់​នៅ​តំបន់​ទ្រនាប់​នៃ​ឧទ្យាន​ជាតិ​នា​តំបន់​នោះ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​កិច្ច​អធិប្បាយ​ជុំវិញ​របាយការណ៍​ខាង​លើ​ពី​ប្រធាន​ផ្នែក​ការពារ​ឧទ្យាន​ជាតិ​វីរជ័យ លោក កៃ ផេង បាន​ទេ ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ ក៏ប៉ុន្តែ​នាយក​ឧទ្យាន​ជាតិ​និង​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី លោក ជូ សុភក្ដិ បដិសេធ​ថា​លោក​មិន​មាន​របាយការណ៍​ណា​មួយ​ដែល​ថា មាន​ការកាប់​ឈើ​ដូច​សេចក្ដី​រាយការណ៍​នោះ​ឡើយ។ យ៉ាង​នេះ​ក្ដី​លោក​អះអាង​ថា នឹង​ស្រាវជ្រាវ​របាយការណ៍​ខាង​លើ​នេះ។

លោក ជូ សុភក្ដិ បាន​មាន​ប្រសាសន៍​ថា ៖ «អត់​មាន​អ្នក​ណា​ចុះ​ទៅ​កាប់​ទេ គេ​មាន​តែ​ក្រុមហ៊ុន​ត្រូវ​ច្បាប់​គេ ១-២​ចូល​ទៅ​សិក្សា។ ចាំមើល​ខ្ញុំ​ឆែក​មើល​មើល៍ ខ្ញុំ​ដូច​មិន​ទាន់​បាន​ទទួល​របាយការណ៍​ហ្នឹង»

បើ​តាម​មន្រ្តី​ស៊ើប​អង្កេត​សមាគម​អាដហុក​ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា លោក​ក៏​ទទួល​បាន​ព័ត៌មាន​ខាង​លើ​ដូច​គ្នា។ ហើយ​បើ​តាម​ស្ថិតិ​ដែល​អង្គការ​លោក​ទទួល​បាន មូលដ្ឋាន​នេះ​មាន​រណារ​យន្ត​កាត់​ឈើ​រហូត​ដល់​ទៅ​៥០​គ្រឿង​ឯណោះ។

លោក ប៉ែន ប៊ុណ្ណារ៍ បាន​បញ្ជាក់​ថា ៖ «ការធ្វើ​អាជីវកម្ម​ឈើ​ប្រណីត​វា​កើត​យូរ​ហើយ ប៉ុន្តែ​យើង​ឃើញ​ថា​ស្រាក​ប៉ុន្មាន​ខែ វិនាសកម្ម​នៃ​ការកាប់​បំផ្លាញ​ព្រៃ​ឈើ ព្រោះ​គេ​ទិញ​រណារ​យន្ត​ដើម្បី​កាប់​អារ​រំលំ​ដើម​ឈើ​ហ្នឹង​ហើយ»

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន កាលពី​ឆ្នាំ​២០០៦ បាន​ចេញ​បទបញ្ជា​ឲ្យ​ប្រមូល​រណារ​យន្ត​កាត់​ឈើ​ដុត​កម្ទេច​ចោល​ជា​វិធានការ​ទប់ស្កាត់​សកម្មភាព​លួច​កាត់​ឈើ​អនាធិបតេយ្យ ក៏ប៉ុន្តែ​បើ​តាម​របាយការណ៍​ក្នុង​កិច្ចប្រជុំ​ខែ​ធ្នូ ឆ្នាំ​២០០៦ របស់​អាជ្ញាធរ​ខេត្ត បាន​បង្ហាញ​ស្ថិតិ​រណារ​យន្ត​ត្រង់ស៊ីន័រ​មាន​រហូត​ដល់​១៤៤៣​គ្រឿង ហើយ​ការអនុវត្ត​បទបញ្ជា​ខាង​លើ​មិន​មាន​ប្រសិទ្ធភាព​អ្វី​ឡើយ។ ជាក់ស្ដែង​ឈើ​ប្រណីត​គ្រប់​ប្រភេទ​ត្រូវ​បាន​គេ​កាត់​រាល់ថ្ងៃ​នាំ​ចូល​រោង​សិប្បកម្ម​ប្រមាណ​៤០​ទីតាំង​នៅ​ក្នុង​ខេត្ត​នេះ។

គួរ​បញ្ជាក់​ដែរ​ថា នៅ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ក៏​មាន​សេចក្ដី​រាយការណ៍​ថា ព្រៃ​ឈើ​ក្នុង​ឧទ្យាន​ជាតិ​ក៏​ត្រូវ​គេ​កាប់​ធ្វើ​អាជីវកម្ម​កាលពី​ខែ​កញ្ញា​ថ្មីៗ​នេះ ក៏ប៉ុន្តែ​ទំហំ​នៃ​ការខូចខាត​មិន​ត្រូវ​បាន​មន្រ្តី​ពាក់ព័ន្ធ​បញ្ចេញ​ឲ្យ​ដឹង​ឡើយ៕