ក្រុមហ៊ុន​មួយ​ត្រូវ​គេ​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​ការកាប់​ឈើ​ខុស​ច្បាប់

មន្ត្រី​សមាគម​អាដហុក​ខេត្ត​រតនគិរី មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ទីតាំង​កាប់ឈើ​ដ៏​ធំ​មួយ​ត្រូវ​បាន​រក​ឃើញ​នៅ​តំបន់​ព្រៃស្រោង​នៃ​ស្រុក​លំផាត់ ហើយ​ដែល​គេ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ឈ្មោះ ឌីអឹម ហ្រ្គូប ដែល​បោះ​ទីតាំង​ដាំ​កៅស៊ូ​នៅ​ជាប់​ព្រៃ​នោះ។

0:00 / 0:00

មន្ត្រី​ស៊ើប​អង្កេត លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់​ថា នេះ​គឺ​ជា​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​ថ្មី​មួយ​ទៀត​ដែល​បាន​រក​ឃើញ កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ហើយ​សមាគម​អាដហុក​អំពាវនាវ​ឲ្យ​មាន​ការស៊ើប​អង្កេត បន្ទាន់​មួយ​ទៅ​កាន់​ទី​នោះ ៖ «យើង​នឹង​ដាក់​ពាក្យ​បណ្ដឹង ប្ដឹង​មន្រ្តី​រដ្ឋបាល​ព្រៃឈើ ទទួល​ខុស​ត្រូវ​ក្នុង​តំបន់​ហ្នឹង»

កាលពី​ថ្ងៃ​ចន្ទ កន្លង​ទៅ​នេះ ក្រុម​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​តុលាការ​ខេត្រ​រតនគិរី​បាន​ចុះ​ធ្វើការ​ត្រួត​ពិនិត្យ​នៅ​ទីតាំង​ក្រុមហ៊ុន ឌីអឹម ហ្រ្គូប មាន​ទីតាំង​នៅ​ភូមិ​ប៉ាតាង ស្រុក​លំផាត់ ទី​ដែល​ប្រជាសហគមន៍​បាន​រាយការណ៍​ថា ក្រុមហ៊ុន​បាន​បំពាន​រំលោភ​ឈូស​ឆាយ​ដីធ្លី​ចម្ការ​វិល​ជុំ​អ្នក​ភូមិ តំបន់​ព្រៃឈើ ហើយ​បាន​ធ្វើ​សកម្មភាព​កាប់​ឈើ​ប្រណីត​ក្នុង​ព្រៃ​និង​បង្កើត​រោង​អារ​ច្រៀក​ឈើ​លួច​លាក់​ខុស​ច្បាប់​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន​ប្រមាណ​ជិត​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ។

ព្រះរាជអាជ្ញារង លោក រស់ សារាំ ឲ្យ​ដឹង​ថា ការត្រួត​ពិនិត្យ​ធ្វើ​ឡើង​បាន​តែ​មួយ​ទីតាំង​នៅ​ចំណុច​ព្រំដី​នៃ​ការដ្ឋាន​ក្រុមហ៊ុន​ខាង​លើ​ឃើញ​មាន​ម៉ាស៊ីន​ច្រៀក​ឈើ​មួយ​និង​គំនរ​ឈើ​បេង​ដែល​អារ​ជា​ក្តារ​បន្ទះ ឬ​ជា​ឈើ​ជ្រុង​ប្រមាណ ២​ម៉ែត្រ​គូប​បន្សល់​នៅ​ទីនោះ។

យ៉ាង​នេះ​ក្តី ប្រជាសហគមន៍​និង​ក្រុម​មន្ត្រី​អាដហុក​ដែល​បាន​ធ្វើ​ដំណើរ​ចូល​ព្រៃ​ដែល​មាន​ទីតាំង​ជាប់​ខាង​ជើង​ការដ្ឋាន​ក្រុមហ៊ុន​ចម្ងាយ​ប្រមាណ ៤​គីឡូម៉ែត្រ​រាយការណ៍​ថា ៖ «មាន​គ្នា ៤​នាក់ ទៅ​ដល់​ជ្រោះ​មួយ ខ្ញុំ​បាន​ឃើញ​ឈើ​គេ​រំលំ​ធំៗ​ណាស់ ឃើញ​មាន​ផ្ទះ​មួយ​គេ​ទើប​ធ្វើ ប៉ុន្តែ​បើ​តាម​សហគមន៍ រាយការណ៍​ថា កន្លែង​ហ្នឹង​អាច​ជា​ទី​ស្តុក​ឈើ។ ... ម្យ៉ាង​ទៀត ខ្ញុំ​ឃើញ​បេង​ច្រើន​ណាស់ ៦០​ដើម​ឯណោះ នៅ​លើ​ដី​នេះ»

តំណាង​ប្រជាសហគមន៍​លោក យ៉ាវ ថន មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម ៖ «ដឹក ជួនណា​យប់ ជួន​ណា​ព្រឹក​ក៏​មាន អារ​ជួន​ណា​ម៉ាស៊ីន​ពីរ​គ្រឿង​ក៏​មាន ដឹក​មក យក​មក​អារ​ហ្នឹង»

តំណាង​ក្រុមហ៊ុន ឌីអឹម ហ្រ្គូប លោក គង់ ងីម ទទួលស្គាល់​ថា រោង​ម៉ាស៊ីន​ច្រៀក​ឈើ​ដែល​សមត្ថកិច្ច​រក​ឃើញ​គឺ​ជា​របស់​លោក ហើយ​ឈើ​បេង​ដែល​អារ​ច្រៀក​នោះ​គឺ​ជា​ឈើ​ចាស់​ដែល​សេសសល់​ក្នុង​ចម្ការ។

លោក​បដិសេធ​ថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការដ្ឋាន​កាប់​ឈើ​ក្នុង​ព្រៃ​ក្រោយ​ក្រុមហ៊ុន​នោះ​ឡើយ ៖ «យក​ឡាន​ដឹក​ទាំង​យប់ ទាំង​ថ្ងៃ​អី មិន​មែន​ទេ កូន​កៅស៊ូ ៤០​ម៉ឺន​កូន។ ការឈូស​ឆាយ​ទៅ​លើ​ព្រៃ​រដ្ឋ​អី ខ្ញុំ​អត់​ដឹង​ទេ ដឹង​តែ​ការទិញ​ពី​ពលរដ្ឋ​បាន​ប៉ុណ្ណា ឈូស​ឆាយ​ហ្នឹង​ធ្វើ ស្រាប់តែ​ឥឡូវ មាន​អ្នក​ផ្សេង​មក​ថា ជា​ដី​របស់​គេ​ដែរ ខ្ញុំ​អត់​ដឹង។ ស្រាប់​ពេល​នេះ មក​ដាំ​កៅស៊ូ គេ​ដក​កៅស៊ូ​ចោល»

ប្រធាន​ផ្នែក​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី ទទួក​បន្ទុក​ស្រុក​លំផាត់ លោក ឡេង យុ បញ្ជាក់​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ ហើយ​អះអាង​ថា នឹង​ចុះ​ពិនិត្យ​របាយការណ៍​នេះ។

យ៉ាង​នេះ​ក្ដី មន្រ្តី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អាដហុក រាយការណ៍​ថា ក្រុមហ៊ុន ឌីអឹម ហ្រ្គូប កន្លង​ទៅ​ធ្លាប់​ប្រើប្រាស់​មន្ត្រី​កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី មាន​អាវុធ​គំរាម​កំហែង​ប្រឆាំង​ប្រជាសហគមន៍។ ហើយ​បច្ចុប្បន្ន នៅ​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន​មាន​បន្សល់​គ្រឿងចក្រ​ឈូស​ឆាយ​ធំៗ ប្រភេទ​ប៊ុលដូហ្ស័រ ត្រាក់ទ័រ​និង​រថយន្ត​រ៉េវ ស្ទូច​ឈើ​សរុប​ជិត ១០​គ្រឿង៕