ឈើ​ប្រណីត​នៅ​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​រង​ការ​កាប់​ធ្វើ​អាជីវកម្ម

2008-06-09

ឈើ​ប្រណីត​ប្រភេទ​យាង ដួងចែម និង​ឈើទាល​ទំហំ​ធំៗ​រាប់​រយ​ដើម​នៅ​តំបន់​ការពារ​ឧទ្យាន​ជាតិ​នៃ​ខ្នង​ភ្នំ​គូលែន ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយលើ ខេត្ត​សៀមរាប កំពុងតែ​ទទួល​រង​ការ​កាប់​ធ្វើ​អាជីវកម្ម​ពី​ក្រុម​ឈ្មួញ​ដោយ​គ្មាន​ការ​យកចិត្ត​ទុកដាក់​ពី​ក្រុម​ឧទ្យានុរក្ស​នៅ​ទី​នោះ​ទេ ។

RFA file photo

ទឹក​ធ្លាក់​នៅ​ភ្នំគូលែន​នៅ​ក្នុង​ខេត្ត​សៀមរាប។

ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​ភូមិ​ថ្មី ឃុំ​ខ្នងភ្នំ តំបន់​ព្រះអង្គធំ​ភ្នំ​គូលែន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អាទិត្យ ទី​៨ ខែ​មិថុនា ថា​ក្រុម​ជន​ខិលខូច​រកស៊ី​ជួញ​ឈើ​ខុស​ច្បាប់​កំពុង​ចូល​ទៅ​ក្នុង​ព្រៃ​សហគមន៍​ភូមិ​ពពេល និង​តំបន់​សហគមន៍​ខ្លា​ឃ្មុំ កាប់​ឈើ​ប្រណីត​ទំហំ​មុខ​ពី ១,៥០​ម៉ែត្រ ទៅ ១,៧០​ម៉ែត្រ​ជា​ច្រើន​រយ​ដើម ស្ទើរតែ​ពាសពេញ​ដែន​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​ជា​រៀងរាល់​ថ្ងៃ ។

អ្នក​ភូមិ​បាន​ចោទ​ប្រកាន់​មន្ត្រី​បរិស្ថាន​នៃ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់​ទាំង​នោះ ដោយ​ទទួល​សំណូក​២០​ម៉ឺន​រៀល​ពី​ជន​ខិល​ខូច​ក្នុង​ការ​កាប់​ឈើ​មួយ​ដើម ៖ «ប្រភេទ​រណារ​ដៃ​មួយចំនួន ហើយ​និង​ប្រភេទ​ម៉ាស៊ីន​ត្រង់ស៊ីណ័រ ភាគ​ច្រើន​គឺ​ដាក់​ទៅ​ក្រោម​ចុះ​តាម​ផ្លូវ ។ ខ្ញុំ​សួរ​ពួក​រណារ​ដៃ​ដែល​ខ្ញុំ​ដើរ​ប៉ះ គេ​ថា​បង់​ឲ្យ​បរិស្ថាន ២០​ម៉ឺន​ក្នុង​១​ដើម ១​ដើម​ធំ»

ប៉ុន្តែ​ក្រុម​មន្ត្រី​ការពារ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​បាន​ឆ្លើយ​ដាក់​គ្នា​ចំពោះ​បញ្ហា​នេះ​ដោយ​ជំរុញ​ឲ្យ​សួរ​ពី​ម្នាក់​ទៅ​ម្នាក់ ។

ប្រធាន​ស្នាក់ការ​បរិស្ថាន​នៅ​ជើង​ភ្នំ​គូលែន លោក សឿន វិបុល កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៩ មិថុនា បាន​ឆ្លើយ​ថា​លោក​មិន​អាច​អធិប្បាយ​បាន​ទេ ដោយ​ជំរុញ​ឲ្យ​សួរ​ទៅ​លោក ហុង តារាវុធ ជា​ប្រធាន​បរិស្ថាន​ឧទ្យាន​ជាតិ​នៅ​ខេត្ត​សៀមរាប ក៏ប៉ុន្តែ​លោក ហុង តារាវុធ បាន​ចុច​ទូរស័ព្ទ​ចោល​មិន​ទទួល ។

ចំណែក​ប្រធាន​ប៉ុស្តិ៍​បរិស្ថាន​នៅ​លើ​ខ្នង​ភ្នំ​គូលែន លោក ហាប់ ជើង ហៅបាវ បាន​មាន​ប្រសាសន៍​ទទួលស្គាល់​ថា តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​ពិត​ជា​មាន​ក្រុម​ជន​ខិល​ខូច​លួច​កាប់​ឈើ​មែន ប៉ុន្តែ​ដោយសារ​សកម្មភាព​លួច​ធ្វើ​នោះ​នៅ​ពេល​យប់ ហើយ​កម្លាំង​បរិស្ថាន​មាន​គ្នា​តិច​មិន​អាច​បង្រ្កាប​បាន ។

លោក ហាប់ ជើង បាន​បដិសេធ​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា មន្ត្រី​បរិស្ថាន​ពាក់ព័ន្ធ​នឹង​ការ​កាប់​ឈើ​ដោយ​ទទួល​សំណូក​ជា​លុយ​នោះ ៖ «វា​លួច​អារ​តែ​យប់​ទេ កម្លាំង​វា​តិច​ដែរ​វា​ពិបាក​ធ្វើការ​ដែរ ហើយ​ខ្វះ​មធ្យោបាយ​ទៀត ។ អ្នក​ណា​ដែល​ថា​ខ្ញុំ​យក​លុយ​នោះ​ឲ្យ​ជួប​ខ្ញុំ ខ្ញុំ​ហ៊ាន​ធានា»

ប្រជាពលរដ្ឋ​នៅ​ខ្នង​ភ្នំ​គូលែន​បាន​និយាយ​ថា គេ​តែងតែ​ដើរ​បេះ​ផ្លែឈើ​ព្រៃ​គ្រប់​មុខ​យក​ទៅ​លក់​ដូរ​បាន​ជា​រៀងរាល់​ឆ្នាំ ហើយ​ឆ្នាំ​នេះ​ដោយសារ​តែ​ការ​កាប់​ឈើ​ធំៗ​រលំ​បាក់​សង្កត់​ដើម​ឈើ​ផ្លែ​នោះ ពួក​គេ​គ្មាន​ផ្លែ​ឈើ​លក់​ទៀត​ទេ ៖ «ខ្លះ​បាក់​ដួល​សង្កត់​ដើម​ភ្ញៀវ ដើម​គូលែន សិរមាន់ ងាប់​ខ្ទេចខ្ទី​អស់ ។ បង​ប្អូន​ប្រជាពលរដ្ឋ​យើង​មិន​បាន​បេះ​ត​ទៅ​មុខ​ទៀត​ទេ»

អភិបាល​ខេត្ត​សៀមរាប លោក ស៊ូ ភិរិន្ទ បាន​មាន​ប្រសាសន៍​ថា ភ្នំ​គូលែន​ជា​តំបន់​ឧទ្យាន​ជាតិ​គ្រប់គ្រង​ផ្ទាល់​ដោយ​ក្រសួង​បរិស្ថាន ដូច្នេះ​រាល់​ការ​កាប់​ឈើ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​បរិស្ថាន ៖ «ភ្នំ​គូលែន​គឺ​កន្លែង​ក្រសួង​បរិស្ថាន​គ្រប់គ្រង ខេត្ត​អត់​មាន​បាន​គ្រប់គ្រង​ទេ»

យោង​តាម​រាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣ បាន​សម្រេច​ចាត់ទុក​ភ្នំ​គូលែន​ជា​ឧទ្យាន​ជាតិ​ដែល​ត្រូវ​ការពារ​យ៉ាង​តឹងរ៉ឹង​ចំពោះ​ដើមឈើ​និង​រុក្ខជាតិ​នៅ​លើ​ទំហំ​ផ្ទៃ​ដី​ទំហំ​ប្រមាណ ៣៧.៣០០​ហិកតា ។

នៅ​តាម​ស្លាក​សរសេរ​អក្សរ​ដែល​ដាក់​ជា​ច្រើន​កន្លែង​នៅ​លើ​ខ្នង​ភ្នំ​គូលែន​បាន​ដាក់​បណ្តាសា​ថា ជន​ណា​ប្រព្រឹត្ត​ឬ​សម​គំនិត​ក្នុង​ការ​ទន្រ្ទាន​ដី​ព្រៃ ឬ​បំផ្លិច​បំផ្លាញ​ព្រៃ​ឈើ សត្វ​ព្រៃ និង​ធនធាន​ធម្មជាតិ សូម​ឲ្យ​អារុក្ខ​អារក្ស​អ្នកតា​ថែ​រក្សា​ព្រៃ​ភ្នំ​នេះ តាមយាយី​ធ្វើ​ទុក្ខ​បុកម្នេញ​វាយ​បំបាក់​ដៃ​កុំ​ឲ្យ​មាន​សេចក្តី​សុខ​អស់​មួយ​ជីវិត ៕

អត្ថបទ​ដែល​ទាក់ទង

មេ​ព្រៃ​កាប់​រំលំ​ដើម​ម៉ៃសាក់​នៅ​ស្រុក​បន្ទាយ​មាស ខេត្ត​កំពត

នៅ​រតនគិរី អ្នកភូមិ​រាយការណ៍​ថា ព្រៃ​ឈើ​អភិរក្ស​កំពុង​រង​ការកាប់​បំផ្លាញ

ព្រៃឈើ​សហគមន៍​នៅ​ឃុំ​ត្រពាំងជោរ ខេត្ត​កំពង់ស្ពឺ រង​ការកាប់​បំផ្លាញ​និង​ទន្រ្ទាន​យក​ដី

នៅ​សៀមរាប ជន​ល្មើស​ឆ្លៀត​ឱកាស​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ឱកាស​ភ្ជុំ​បិណ្ឌ

ជម្រក​សត្វ​និង​ព្រៃ​អភិរក្ស​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កំពុង​រក​ការ​កាប់​ទន្ទ្រាន

មនុស្ស​ជាង​៤០០​នាក់​នៅ​រតនគិរី​ទាមទារ​ឲ្យ​ទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន

សហគមន៍​ជនជាតិ​ព្នង​នៅ​មណ្ឌលគិរី​សំណូមពរ​ឲ្យ​ជួយ​ទប់ស្កាត់​ការបំផ្លាញ​ព្រៃ​ឈើ

មន្ត្រី​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​មាន​ការផ្តន្ទាទោស​ជន​ល្មើស​បំផ្លាញ​ព្រៃ​ឈើ​នៅ​រតនគិរី

មន្ត្រី​បរិស្ថាន​ថ្លែង​ការពារ​ការបាញ់​គំរាម​អ្នក​ភូមិនៅ​ស្រុក​សំឡូត​ខែត្រ​បាត់ដំបង

ប្រជា​សហគមន៍​នៅ​ក្រចេះ​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ