ប្រជាពលរដ្ឋជាច្រើននៅភូមិថ្មី ឃុំខ្នងភ្នំ តំបន់ព្រះអង្គធំភ្នំគូលែន បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី៨ ខែមិថុនា ថាក្រុមជនខិលខូចរកស៊ីជួញឈើខុសច្បាប់កំពុងចូលទៅក្នុងព្រៃសហគមន៍ភូមិពពេល និងតំបន់សហគមន៍ខ្លាឃ្មុំ កាប់ឈើប្រណីតទំហំមុខពី ១,៥០ម៉ែត្រ ទៅ ១,៧០ម៉ែត្រជាច្រើនរយដើម ស្ទើរតែពាសពេញដែនឧទ្យានជាតិភ្នំគូលែនជារៀងរាល់ថ្ងៃ ។
អ្នកភូមិបានចោទប្រកាន់មន្ត្រីបរិស្ថាននៃឧទ្យានជាតិភ្នំគូលែនថា មានជាប់ពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់ទាំងនោះ ដោយទទួលសំណូក២០ម៉ឺនរៀលពីជនខិលខូចក្នុងការកាប់ឈើមួយដើម ៖ «ប្រភេទរណារដៃមួយចំនួន ហើយនិងប្រភេទម៉ាស៊ីនត្រង់ស៊ីណ័រ ភាគច្រើនគឺដាក់ទៅក្រោមចុះតាមផ្លូវ ។ ខ្ញុំសួរពួករណារដៃដែលខ្ញុំដើរប៉ះ គេថាបង់ឲ្យបរិស្ថាន ២០ម៉ឺនក្នុង១ដើម ១ដើមធំ» ។
ប៉ុន្តែក្រុមមន្ត្រីការពារឧទ្យានជាតិភ្នំគូលែនបានឆ្លើយដាក់គ្នាចំពោះបញ្ហានេះដោយជំរុញឲ្យសួរពីម្នាក់ទៅម្នាក់ ។
ប្រធានស្នាក់ការបរិស្ថាននៅជើងភ្នំគូលែន លោក សឿន វិបុល កាលពីព្រឹកថ្ងៃច័ន្ទ ទី៩ មិថុនា បានឆ្លើយថាលោកមិនអាចអធិប្បាយបានទេ ដោយជំរុញឲ្យសួរទៅលោក ហុង តារាវុធ ជាប្រធានបរិស្ថានឧទ្យានជាតិនៅខេត្តសៀមរាប ក៏ប៉ុន្តែលោក ហុង តារាវុធ បានចុចទូរស័ព្ទចោលមិនទទួល ។
ចំណែកប្រធានប៉ុស្តិ៍បរិស្ថាននៅលើខ្នងភ្នំគូលែន លោក ហាប់ ជើង ហៅបាវ បានមានប្រសាសន៍ទទួលស្គាល់ថា តំបន់ឧទ្យានជាតិភ្នំគូលែនពិតជាមានក្រុមជនខិលខូចលួចកាប់ឈើមែន ប៉ុន្តែដោយសារសកម្មភាពលួចធ្វើនោះនៅពេលយប់ ហើយកម្លាំងបរិស្ថានមានគ្នាតិចមិនអាចបង្រ្កាបបាន ។
លោក ហាប់ ជើង បានបដិសេធចោលការចោទប្រកាន់ដែលថា មន្ត្រីបរិស្ថានពាក់ព័ន្ធនឹងការកាប់ឈើដោយទទួលសំណូកជាលុយនោះ ៖ «វាលួចអារតែយប់ទេ កម្លាំងវាតិចដែរវាពិបាកធ្វើការដែរ ហើយខ្វះមធ្យោបាយទៀត ។ អ្នកណាដែលថាខ្ញុំយកលុយនោះឲ្យជួបខ្ញុំ ខ្ញុំហ៊ានធានា» ។
ប្រជាពលរដ្ឋនៅខ្នងភ្នំគូលែនបាននិយាយថា គេតែងតែដើរបេះផ្លែឈើព្រៃគ្រប់មុខយកទៅលក់ដូរបានជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះដោយសារតែការកាប់ឈើធំៗរលំបាក់សង្កត់ដើមឈើផ្លែនោះ ពួកគេគ្មានផ្លែឈើលក់ទៀតទេ ៖ «ខ្លះបាក់ដួលសង្កត់ដើមភ្ញៀវ ដើមគូលែន សិរមាន់ ងាប់ខ្ទេចខ្ទីអស់ ។ បងប្អូនប្រជាពលរដ្ឋយើងមិនបានបេះតទៅមុខទៀតទេ» ។
អភិបាលខេត្តសៀមរាប លោក ស៊ូ ភិរិន្ទ បានមានប្រសាសន៍ថា ភ្នំគូលែនជាតំបន់ឧទ្យានជាតិគ្រប់គ្រងផ្ទាល់ដោយក្រសួងបរិស្ថាន ដូច្នេះរាល់ការកាប់ឈើគឺជាការទទួលខុសត្រូវរបស់មន្ត្រីបរិស្ថាន ៖ «ភ្នំគូលែនគឺកន្លែងក្រសួងបរិស្ថានគ្រប់គ្រង ខេត្តអត់មានបានគ្រប់គ្រងទេ» ។
យោងតាមរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ បានសម្រេចចាត់ទុកភ្នំគូលែនជាឧទ្យានជាតិដែលត្រូវការពារយ៉ាងតឹងរ៉ឹងចំពោះដើមឈើនិងរុក្ខជាតិនៅលើទំហំផ្ទៃដីទំហំប្រមាណ ៣៧.៣០០ហិកតា ។
នៅតាមស្លាកសរសេរអក្សរដែលដាក់ជាច្រើនកន្លែងនៅលើខ្នងភ្នំគូលែនបានដាក់បណ្តាសាថា ជនណាប្រព្រឹត្តឬសមគំនិតក្នុងការទន្រ្ទានដីព្រៃ ឬបំផ្លិចបំផ្លាញព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិ សូមឲ្យអារុក្ខអារក្សអ្នកតាថែរក្សាព្រៃភ្នំនេះ តាមយាយីធ្វើទុក្ខបុកម្នេញវាយបំបាក់ដៃកុំឲ្យមានសេចក្តីសុខអស់មួយជីវិត ៕
