ប្រជាពលរដ្ឋជាច្រើននៅភូមិរលំរុនថ្មី ចម្ងាយជាង១០គីឡូម៉ែត្រពីឃុំស្រែណូយបាននិយាយកាលពីល្ងាចថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ថាការកាប់ឈើខុសច្បាប់កំពុងកើនឡើងដោយមានឈើប្រណីត ប្រភេទគ្រញូង បេង និងធ្នង់ជាច្រើន ត្រូវបានគេជួលរទេះគោដឹកចេញជាហូរហែពី២០-៣០រទេះក្នុងមួយថ្ងៃៗ ៖ «គេអាររាល់ថ្ងៃ តែថ្ងៃបន្តិចគេដឹកមកកាត់តាមនេះឯង ជួនណា១០រទេះ ជួនណា៥ រាល់តែថ្ងៃហ្នឹងមិនចេះដាច់» ។
ក្រុមអ្នកភូមិបាននិយាយថា ការកាប់និងដឹកជញ្ជូនឈើខុសច្បាប់ទាំងនោះមិនមានការបង្រ្កាបទេ ផ្ទុយទៅវិញគេឃើញតែកងទាហាននិងប៉េអឹម តែងតែបើកម៉ូតូចូលព្រៃដើម្បីយកលុយទៅវិញ ។ ក៏ប៉ុន្តែក្រុមសមត្ថកិច្ចនិងជំនាញបានបដិសេធថា គេពុំបានដឹងអំពីការកាប់និងដឹកជញ្ជូនឈើខុសច្បាប់ទាំងនោះទេ ។
ប៉េអឹមប្រចាំផ្លូវលេខ៦៧ លោក ហេង យ៉ែម បានបដិសេធថាលោកពុំបានដឹងអំពីការកាប់និងដឹកជញ្ជូនឈើនៅទីនោះទេ ពីព្រោះលោកមិនមែនជាជំនាញរដ្ឋបាលព្រៃឈើ ហើយក៏គ្មានកងកម្លាំងរបស់លោកណាមួយ ចូលទៅយកលុយថ្លៃដឹកឈើដែរ ពីព្រោះលោកមានការងារតែតាមផ្លូវជាតិលេខ៦៧ប៉ុណ្ណោះ ៖ «ខ្ញុំអត់ដែលបានដឹងទេ ខ្ញុំទទួលតែលើផ្លូវ ខ្ញុំមើលតែលើផ្លូវទេ អ្នកណាធ្វើអីខ្ញុំអត់ដឹងទេ» ។
ចំណែកនាយសង្កាត់រដ្ឋបាលព្រៃឈើស្រែណូយ លោក ទិត្យ វី បានបដិសេធថាគ្មានការកាប់និងដឹកជញ្ជូនឈើខុសច្បាប់នៅតំបន់របស់លោកទេ ។ លោក ទិត្យ វី បានចោទប្រកាន់អ្នកដែលនិយាយអំពីការកាប់និងដឹកជញ្ជូនឈើខុសច្បាប់ថាជាអ្នកបំប៉ោងសភាពការណ៍ដែលធ្វើឲ្យល្អក់កករនៅក្នុងអំឡុងពេលបោះឆ្នោត ។
លោក ទិត្យ វី បានមានប្រសាសន៍ថា ៖ «អ្នកដែលនិយាយហ្នឹងបំប៉ោងសភាពការណ៍ហ្នឹងច្រើនណាស់ ។ ឥឡូវសូមលោកជួយមើលណា៎ បើសិនជាឃើញផ្ដល់ព័ត៌មានណា យើងរួមគ្នាសហការធ្វើទៅ កុំឲ្យការបោះឆ្នោតនេះយកអាបញ្ហាអ៊ីចឹងយកមកដាក់ធ្វើឲ្យល្អក់កករថ្នាក់ដឹកនាំអី ។ ខ្ញុំវាដូចជាខ្វល់ខ្វាយបញ្ហាហ្នឹងច្រើនណាស់» ។
ទោះយ៉ាងណាបុរសម្នាក់ដែលកំពុងបររទេះគោដឹកឈើចេញពីភូមិរលំរុនថ្មី បានអះអាងថាឈើទាំងនោះគាត់បានស៊ីឈ្នួលដឹកចេញពីតំបន់ត្រពាំងអំពិល និងអូរជប់រំដេង យកមកដាក់ក្នុងដេប៉ូមួយនៅភូមិព្រៃខ្នុរ ឃុំស្រែណូយ បានថ្លៃ១០ម៉ឺនរៀលក្នុងមួយម៉ែត្រគូប ។
បុរសដដែលបាននិយាយទៀតថាការដឹកជញ្ជូនឈើនៅតាមផ្លូវគេត្រូវបង់លុយទៅឲ្យក្រុមប៉េអឹម ទាហាន និងអ្នកកាសែតក្នុងស្រុកខ្លះ ៖ «ថៅកែខ្ញុំមិនស្គាល់ឈ្មោះ មកពីព្រៃខ្នុរ គេថាធ្វើសិប្បកម្ម ។ គេជួលគូប ១គូប១០ម៉ឺន ហើយបើថា៤ឡាន ៤ម៉ឺន» ។
ក្រុមអ្នកភូមិបានឲ្យដឹងថា នៅឃុំស្រែណូយ ការកាប់និងដឹកជញ្ជូនឈើធ្វើអាជីវកម្មក្រៅពីតាមរូបភាពរទេះគោ រថយន្តកាំម៉ារីតូចៗ គឺមានការដឹកតាមរថយន្តកូរ៉េធំៗចេញពីតំបន់ព្រៃសម្បទានរបស់ក្រុមហ៊ុន សំរោង Robber ផងដែរ ។
តាមកាសែតប្រចាំថ្ងៃនៅក្នុងស្រុកមួយចេញផ្សាយកាលពីថ្ងៃទី១៩ ខែមិថុនាកន្លងមក ក៏បាននិយាយដែរថា ការដឹកជញ្ជូនឈើជាហូរហែចេញពីតំបន់ស្រែណូយ ត្រូវបានគេបង់លុយទៅឲ្យមន្ត្រីមេព្រៃមួយកន្លែងៗពី៤០-៥០ដុល្លារក្នុងមួយឡានកាំម៉ារីនិងឡានកូរ៉េធំៗ គេត្រូវបង់ពី១០០-៤០០ដុល្លារទៅតាមប្រភេទឈើប្រណីត ៕
0:00 / 0:00
