ប្រធានភូមិបានមួង លោក ប៉េ នូកន បញ្ជាក់ថា កាលពីសប្តាហ៍មុនឈើប្រណីតគ្រញូងប្រមាណជាង១០ម៉ែត្រគូបត្រូវបានឈ្មួញឈ្មោះ ភ័ណ ដឹកជញ្ជូនតាមរថយន្តពីភូមិកំភោគ ឃុំព្រែកមាស ហើយយកមកទម្លាក់នៅកំពង់ទឹកអ្នកភូមិឈ្មោះ ស៊ុប តឺក្នុងភូមិបានមួង ហើយដឹកជញ្ជូនបន្តពីស្រុកសៀមប៉ាង តាមដងទន្លេចុះទៅកាន់ខេត្តស្ទឹងត្រែង ហើយករណីនេះលោកបានអន្តរាគមន៍ទៅអាជ្ញាធរឃុំ ក៏ប៉ុន្តែពុំមានកិច្ចអន្តរាគមន៍ណាមួយជួយស្ទាក់ឃាត់សកម្មភាពនោះទេ ហើយឈ្មួញបានព្រមានមន្ត្រីភូមិមិនឲ្យលូកដៃដោយគំរាមថាពួកគេបានបង់ប្រាក់ទៅឲ្យមន្ត្រីគ្រប់ផ្នែកនៅក្នុងមូលដ្ឋាននោះហើយ។
លោក ប៉េ នូកន បានមានប្រសាសន៍ថា ៖ «ចូលមកភូមិបានមួងរបស់ខ្ញុំ ខ្ញុំមេភូមិផង ហើយរក្សាផ្លូវលំហ្នឹងផង ខ្ញុំប្រាប់ថាកុំចាក់ ឈើនេះមិនមែនជាឈើសាធារណៈទេ គាត់ថា មេភូមិកុំនិយាយ រត់ការអស់ហើយ...។ ឃុំគេថាស្រេចលើខ្ញុំ ទៅស្រុក ស្រុកថាស្រេចលើខ្ញុំ ដល់ចុងក្រោយអាណាកើត រួចទទេ»។
ស្រុកសៀមប៉ាងប៉ុន្មានឆ្នាំបន្តបន្ទាប់គ្នានេះ អាជ្ញាធរឃុំនិងប្រជាពលរដ្ឋរាយការណ៍ថា ឈ្មួញផ្តល់មធ្យោបាយមានម៉ាស៊ីនកាត់ឈើជួលអ្នកភូមិក្រីក្រចូលព្រៃកាប់ឈើប្រណីតលក់ឲ្យពួកគេ ហើយបច្ចុប្បន្នសកម្មភាពនេះបានបំពានចូលកាប់ឈើនៅក្នុងឧទ្យានជាតិវីរជ័យទៀតផង។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងតាមទូរស័ព្ទទៅមន្ត្រីទទួលខុសត្រូវផ្នែកព្រៃឈើប្រចាំស្រុកសៀមប៉ាង លោក ខែល យោ ដើម្បីបំភ្លឺបញ្ហានេះបានទេ ហើយមេឃុំសេកុង លោក ចាន់ សុខា បដិសេធថាមិនមានជាប់ពាក់ព័ន្ធនៅក្នុងរឿងទទួលប្រាក់សំណូកពីឈ្មួញដឹកឈើទាំងនោះទេ ៖ «មិនដឹងផង ...ព្រោះខ្ញុំទៅកំពង់ធំ បានខ្ញុំបកមក ខ្ញុំទៅកោះកុង...»។
ចំណែកអភិបាលស្រុកសៀមប៉ាង លោក សាន់ រិទ្ធចំរើន មានប្រសាសន៍បញ្ជាក់ថា លោកមិនច្បាស់ថាឈើដែលប្រធានភូមិរាយការណ៍គឺជាឈើខុសច្បាប់ឬយ៉ាងណានោះទេ។
លោក សាន់ រិទ្ធចំរើន បានឲ្យដឹងថា ៖ «ជួនកាលឈើកម្លាំងចម្រុះគេចាប់យកមក គេអាចយកទៅទុកនៅភូមិក៏មិនដឹង ព្រោះខ្ញុំអត់បាននៅប៉ុន្មានថ្ងៃហើយ ខ្ញុំសុំច្បាប់មានធុរៈ... ពេលខ្ញុំត្រឡប់ទៅវិញខ្ញុំស្រាវជ្រាវមើលមើល៍យ៉ាងម៉េច»។
អភិបាលរងខេត្តស្ទឹងត្រែង លោក វ៉ាន់ វុឌ្ឍ កាលពីដើមខែតុលា បានអះអាងបា្រប់វិទ្យុអាស៊ីសេរីថា កងកម្លាំងយោធាយោធភូមិភាគ១ត្រូវបានដាក់ឲ្យជួយបង្ក្រាបសកម្មភាពចរាចរណ៍ឈើប្រណីតខុសច្បាប់នៅតំបន់នោះ បន្ទាប់ពីបែករឿងអាស្រូវលួចកាប់ឈើនៅតំបន់ឧទ្យានជាតិវីរជ័យមានទីតាំងជាប់នឹងស្រុកសៀមប៉ាង។ លោកថាសកម្មភាពដឹកជញ្ជូនឈើបានបញ្ចប់ហើយ។
ក៏ប៉ុន្តែបើតាមអ្នកភូមិនិងមន្ត្រីមូលដ្ឋានក្នុងស្រុកសៀមប៉ាងបញ្ជាក់ដោយសុំមិនឲ្យបញ្ចេញឈ្មោះថា អំពើពុករលួយឃុបឃិតរបស់មន្ត្រីគ្រប់ផ្នែកនៅតំបន់នោះមិនអាចបញ្ឈប់សកម្មភាពកាប់ឈើនិងចរាចរណ៍ឈើនៅតំបន់នោះបានទេ។
រហូតមកទល់នឹងថ្ងៃនេះរបាយការណ៍លួចកាប់ឈើប្រណីតនៅឧទ្យានជាតិវីរជ័យ ខេត្តស្ទឹងត្រែង មិនត្រូវបានក្រុមមន្ត្រីស៊ើបអង្កេតនៃឧទ្យានជាតិបញ្ចេញឲ្យដឹងទេ ក៏ប៉ុន្តែប្រភពមន្ត្រីមូលដ្ឋានបញ្ជាក់ថា មានទីតាំងលួចកាប់ឈើក្នុងឧទ្យានជាតិជាច្រើនកន្លែងទៀតដែលក្រុមស៊ើបអង្កេតមិនបានទៅដល់៕
