សកម្មភាព​កាប់​ព្រៃឈើ​ខុស​ច្បាប់​​បន្ត​កើត​មាន​នៅ​ជួរ​ភ្នំ​ក្រវាញ

នៅ​ឯ​ខេត្ត​ពោធិ៍សាត់ មាន​សេចក្ដី​រាយ​ការណ៍​មក​ថា ការ​កាប់​ព្រៃ​ឈើ​ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត​នៅ​តែ​កើត​មាន​នៅ​តំបន់​ព្រៃជ្រៅ​នៃ​ជួរ​ភ្នំ​ក្រវាញ។

ប្រជាពលរដ្ឋ​មួយ​ក្រុម​ដែល​រស់​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​បាន​បង្ហើប​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា ក្រុម​អភិរក្ស​ព្រៃឈើ​តំបន់​ភ្នំ​ក្រវាញ ភាសា​អ្នក​ស្រុក​ហៅ​ថា ក្រុម CI (Conservation International) ជា​អ្នក​នៅ​ពី​ក្រោយ​ការ​កាប់​ព្រៃឈើ​ដោយ​ខុស​ច្បាប់​នេះ។

ឈើ​ប្រណីត​ប្រភេទ​គ្រញូង បេង នាងនួន​និង​ធ្នង់​រាប់​សិប​រទេះ​ក្នុង​មួយ​ថ្ងៃ​ត្រូវ​បាន​គេ​កាប់​ដឹក​យក​មក​លក់​ឲ្យ​ក្រុម​អភិរក្ស​តំបន់​ព្រៃ​ការពារ​ជួរ​ភ្នំ​ក្រវាញ​កណ្តាល ដែល​មាន​ទី​ស្នាក់ការ​នៅ​ភូមិ​វាល ឃុំ​រកាត ស្រុក​ភ្នំ​ក្រវាញ និង​ស្នាក់ការ​មួយ​ទៀត​នៅ​ភូមិ​រវៀង តំបន់​អូរ​លាក់មាស ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។

ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ​ប៉ែក​ខាង​ស្រុក​វាលវែង ក្នុង​ឃុំ​ទួលក្រួស ក៏​មាន​សកម្មភាព​ដូច​គ្នា​នេះ​ដែរ ពោល​គឺ​ជា​រៀងរាល់​ថ្ងៃ​មាន​រទេះ​ក្របី​រាប់​សិប​ដឹក​ឈើ​យក​មក​លក់​ឲ្យ​ក្រុម​ស៊ី.អាយ។

អ្នក​ដឹក​ឈើ​ម្នាក់​បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា គាត់​ស៊ី​ឈ្នួល​ដឹក​ពី​ក្នុង​ព្រៃ​យក​មក​ដល់​ទី​ស្នាក់ការ​ស៊ី.អាយ ក្នុង​មួយ​រទេះ​ដែល​មាន​ចំណុះ​ជិត​មួយ​គូប​ឈើ​នេះ​ក្នុង​តម្លៃ​មួយ​លាន​រៀល។ ប្រភព​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​កាប់​ព្រៃ​ឈើ​ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត​នេះ​ស្ថាប័ន​មាន​សមត្ថកិច្ច​នានា​ក្នុង​ខេត្ត​បាន​ដឹង​ទាំង​អស់​តែ​គេ​ធ្វើ​ជា​មិន​ដឹង។

មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​នាយខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​គឺលោក គឹម ចន្ថា បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​២៤ មករា​នេះ។ រី​ឯ​មន្ត្រី​ជាន់​ខ្ពស់​នៃ​កម្មវិធី​អភិរក្ស​តំបន់​ព្រៃ​ការពារ​ជួរ​ភ្នំ​ក្រវាញ ឬ​ហៅ​កាត់​ថា​អង្គការ​ស៊ី.អាយ គឺ​លោក អ៊ុក គឹមសាន បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ។ លោក​មាន​ប្រសាសន៍​ថា ពុំ​មាន​រឿង​ដូច្នេះ​ទេ អាច​មាន​ជន​ខិល​ខូច​យក​ឈ្មោះ​អង្គការ​ស៊ី.អាយ ប្រើ​ដើម្បី​បិទ​បាំង​សកម្មភាព​ល្មើស​ច្បាប់​របស់​ពួកគេ។

ប្រជាពលរដ្ឋ​និយាយ​ថា ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ បច្ចុប្បន្ន​បាន​កើត​មាន​ដោយសារ​មាន​ការ​ប្រកាស​ទិញ​ពី​ក្រុមហ៊ុន​មួយ​ដែល​ទទួល​បន្ទុក​កសាង​វារី​អគ្គិសនី​តំបន់​ស្ទឹង​អាតៃ នៃ​ព្រំដែន​ខេត្ត​ពោធិ៍សាត់​និង​ខេត្ត​កោះកុង៕