ព្រៃ​ស្រោង​ជាង​១០​ហិកតា​នៅ​មណ្ឌលគិរី​រង​ការ​កាប់​រាន​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន

ក្រុម​សហគមន៍​ការពារ​ព្រៃ​ឈើ​ជនជាតិ​ដើម​ព្នង​នៅ​ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ថា ព្រៃស្រោង​តំបន់​ការពារ​ប្រមាណ​ជាង​១០​ហិកតា​កំពុង​រង​ការ​កាប់​រាន​ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ​ឯកជន​ដោយ​បុគ្គល​ជា​មន្ត្រី​មាន​អំណាច​ក្នុង​កង​នគរបាល។

0:00 / 0:00

តំណាង​សហគមន៍​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍​ថា ក្រុម​សហគមន៍​ដែល​ដើរ​ល្បាត​ក្នុង​ព្រៃ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១០ ប្រទះ​ឃើញ​កម្មករ​ច្រើន​នាក់​កំពុង​កាប់​រំលំ​ដើម​ឈើ និង​ព្រៃ​ផ្នែក​ខាង​ក្រោម​ដើម្បី​រាន​យក​ដី ហើយ​កម្មករ​មួយចំនួន​ទៀត​មាន​ម៉ាស៊ីន​អារ​ច្រៀក​យក​ឈើ​មាន​តម្លៃ​នៅ​តំបន់​ព្រៃ​ស្រែទេស ជាប់​មាត់​អូរ​ប៉ាប ចម្ងាយ​ប្រមាណ​១២​គីឡូម៉ែត្រ​ពី​ភូមិ​ស្រែខ្ទុំ។

តំណាង​សហគមន៍​ដដែល​បាន​បញ្ជាក់​ថា ៖ «មាន​ការ​ប៉ះពាល់​ដ៏​ខ្លាំង ទី​១ សំខាន់​រឿង​ព្រៃ​បម្រុង​ទុក ហើយ​ទី​២ ជា​ព្រៃ​តម អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច​ព្នង។ កំពុង​តែ​ធ្វើ​របាយការណ៍ ហើយ​បញ្ជូន​ទៅ​អង្គការ​អាដហុក​ឲ្យ​ជួយ»

ប្រភព​ឲ្យ​ដឹង​ថា កម្មករ​កំពុង​កាប់​រាន​ព្រៃ​និយាយ​ប្រាប់​ក្រុម​សហគមន៍​ឲ្យ​ដឹង​ថា អ្នក​ដែល​ជួល​ពួក​គេ​ឲ្យ​កាប់​រាន​ព្រៃ​នោះ​គឺ​ជា​អធិការ​រង​ប៉ូលិស​ឈ្មោះ ឈៀត ក៏​ប៉ុន្តែ​កម្មករ​មិន​បាន​ដឹង​ថា លោក ឈៀត មាន​ត្រកូល​អ្វី ធ្វើ​ការ​ជា​ប៉ូលិស​ស្រុក​កែវសីមា ឬ​យ៉ាង​ណា​ទេ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ឈ្មោះ ឈៀត ដើម្បី​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ ក៏​ប៉ុន្តែ​អធិការ​រង​ប៉ូលិស​ស្រុក​កែវសីមា លោក ហេង អ៊ួង មាន​ប្រសាសន៍​ថា ឈ្មោះ ឈៀត មិន​មែន​ជា​មន្ត្រី​ប៉ូលិស​ស្រុក​កែវសីមា​នោះ​ទេ ក៏​ប៉ុន្តែ​ជា​អធិការ​ប៉ូលិស​ស្រុក​អូររាំង ហើយ​លោក​មិន​បាន​ដឹង​ពី​ការ​កាប់​រាន​ព្រៃ​ឈើ​នោះ​ទេ៖ «នៅ​ខាង​ខ្ញុំ​មិន​មែន​ទេ! ឈ្មោះ​ហ្នឹង រង​នៅ​អូរ​រាំង​ទេ!»

មេ​ឃុំ​ស្រែខ្ទុំ លោក ឈៀក ឈឹង មាន​ប្រសាសន៍​ដែរ​ថា នេះ​គឺ​ជា​ការ​ទន្ទ្រាន​ទៅ​លើ​ព្រៃ​ឈើ​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។ លោក​បញ្ជាក់​ថា គឺ​ជា​ការ​ចូល​ទៅ​កាប់​រាន​ព្រៃ​ដើម្បី​កាន់កាប់​ដី​រដ្ឋ​ខុស​ច្បាប់។

លោក ឈៀក ឈឹង បាន​ឲ្យ​ដឹង​ថា ៖ «ចេះ​តែ​ចូល​កាន់កាប់​ដី​រដ្ឋ​ខុស​ច្បាប់ ហើយ​ដល់​ពេល​រដ្ឋ​ត្រូវការ​អី ចលាចល​ទៀត​ហើយ!»

មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក ឆាយ ធី មាន​ប្រសាសន៍​ថា ក្រុម​សហគមន៍​បាន​ផ្តល់​របាយការណ៍​ពី​ការ​រក​ឃើញ​ករណី​កាប់​រាន​ព្រៃ​មក​ការិយាល័យ​សមាគម​អាដហុក​ខេត្ត ដើម្បី​ជួយ​អន្តរាគមន៍​ហើយ​នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ។

លោក ឆាយ ធី បាន​អះអាង​ថា ៖ «សកម្មភាព​នេះ​វា​ជា​សកម្មភាព​បទល្មើស​ព្រៃ​ឈើ​ផង ហើយ​ជា​បទល្មើស​កាប់​រាន​ដី​ព្រៃ​រដ្ឋ​ផង។ រដ្ឋបាល​ព្រៃ​ឈើ​មេត្តា​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ចុះ»

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក សុង ឃាង មាន​ប្រសាសន៍​ថា តំបន់​ដែល​សហគមន៍​រាយ​ការណ៍​ថា មាន​ការ​កាប់​រាន​ព្រៃ​នោះ​ជា​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​អភិរក្ស​ព្រៃ​ឈើ​ស្រុក​កែវសីមា ហើយ​ករណី​នេះ​លោក​នឹង​ចាត់​មន្ត្រី​អភិរក្ស​ចុះ​ទៅ​តំបន់​នោះ​ជា​បន្ទាន់។

កាល​ពី​ដើម​ខែ​មករា​នៅ​ស្រុក​កែវសីមា ក្រុម​សមត្ថកិច្ច​ចម្រុះ​អភិរក្ស​ព្រៃ​ឈើ​បាន​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់​ក្នុង​ការ​តាម​ចាប់​ឡាន​ដឹក​ឈើ​ប្រណីត​ខុស​ច្បាប់​មួយ​គ្រឿង​របស់​មន្ត្រី​ក្រុមប្រឹក្សា​ស្រុក​នោះ ដែល​ព្យាយាម​បើក​ឡាន​រត់​គេច មិន​ឲ្យ​ក្រុម​សមត្ថកិច្ច​ត្រួត​ពិនិត្យ ហើយ​បន្ទាប់​ពី​ហេតុការណ៍​នោះ​ពីរ​ថ្ងៃ​ការិយាល័យ​របស់​ក្រុម​អភិរក្ស​ត្រូវ​គេ​លួច​ដុត​ចោល៕