សេចក្តីអះអាងនេះធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០០៩ បន្ទាប់ពីអ្នកភូមិប្រទះឃើញកម្មករពីរក្រុមមានគ្នា១៥នាក់ បានសង់ជម្រក ហើយធ្វើការកាប់ព្រៃឈើផ្នែកខាងក្រោមនៃតំបន់ព្រៃឈើក្រងសុទេសជាថ្មីទៀត បន្ទាប់ពីតំបន់នោះរងការកាប់ទន្ទ្រានយកដីពីរលើកកាលពីខែកញ្ញា ឆ្នាំ២០០៩។
លោក រចំ ធឿនអ៊ើក តំណាងអ្នកភូមិបញ្ជាក់ថា អ្នកភូមិស្រីប្រុសប្រមាណ៨០នាក់ កាលពីថ្ងៃទី៦ និងទី៧ ខែតុលា បាននាំគ្នាទៅប្រាប់ក្រុមកម្មករឲ្យបញ្ឈប់ការកាប់រានព្រៃ ក៏ប៉ុន្តែពួកមេការនិងកម្មករសំអាងថា លោក អ៊ួន សុវណ្ណា មេបញ្ជាការវរប៉ូលិសព្រំដែនខេត្តរតនគិរី ជាអ្នកជួលពួកគេឲ្យកាប់រាន។
លោក រចំ ធឿងអ៊ើក បានឲ្យដឹងដូច្នេះ ៖ «ប៉ះពាល់ឈើធំៗ មួយម៉ែត្រពីរម៉ែត្រ។ គេអត់រាយការណ៍ផង។ ថ្ងៃនោះខ្ញុំទៅឃាត់ ៨នាក់អត់រោងទេ ៧នាក់មានរោង»។
លោក អ៊ួន សុវណ្ណា បដិសេធថា មិនជាប់ទាក់ទិនបញ្ហានេះទេ ដោយសំអាងថា ដីនៅតំបន់នោះលោកបានលក់អស់ហើយ ក៏ប៉ុន្តែលោកមិនបានប្រាប់ពីអត្តសញ្ញាណអ្នកទិញដីនោះជានរណានោះទេ ៖ «ដីហ្នឹងខ្ញុំលក់យូរហើយ ៥-៦ឆ្នាំហើយ»។
លោក ចាប ដាន់ អនុប្រធានភូមិលឺហន់ មានប្រសាសន៍ថា មន្ត្រីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធក្នុងការលក់ដូរដីនៅតំបន់នោះទើបមិនយកចិត្តទុកដាក់បង្ក្រាប។
លោក ចាប ដាន់ មានប្រសាសន៍ដូច្នេះថា ៖ «ប្រជាពលរដ្ឋគេចង់ធ្វើម៉េចឲ្យហាមឃាត់មិនឲ្យបំផ្លាញព្រៃឈើ ព្រៃហ្នឹងព្រៃយើងថែរក្សាសត្វព្រៃ»។
លោក រចំ ឡៃ មេឃុំកិចុង ទទួលស្គាល់ថា ពិតជាមានការកាប់រានព្រៃ ក៏ប៉ុន្តែអាជ្ញាធរឃុំមិនមានអំណាចបង្ក្រាបបានទេ។ លោកថាបានរាយការណ៍ពីករណីនេះច្រើនលើកហើយ។
លោក រចំ ឡៃ មានប្រសាសន៍ដូច្នេះ ៖ «ដល់ថ្នាក់គេទៅស្កាត់ម្ដងហើយ ឥឡូវហ្នឹងគេនៅតែបន្តធ្វើទៀត នេះខ្ញុំមានតែដាក់របាយការណ៍ជូនគេតែប៉ុណ្ណឹង»។
មន្ត្រីព្រៃឈើខេត្តរតនគិរី កាលពីខែកញ្ញា បានចុះបង្ក្រាបសកម្មភាពកាប់ទន្ទ្រានព្រៃដើម្បីយកដីនៅទីនោះ ហើយចាប់បានកម្មករ៧នាក់ ប៉ុន្តែបានដោះលែងវិញ ដោយសំអាងថា ការខូចខាតមានកម្រិតតិចតួច ហើយអះអាងថា នឹងសើបអង្កេតរកមេខ្លោងអ្នកជួលកម្មករឲ្យកាប់រានព្រៃនេះ។
លោក យ៊ូកាន វិមាន ជានាយខណ្ឌរដ្ឋបាលព្រៃឈើនៅខេត្តរតនគិរី មានប្រសាសន៍ថា បានដឹងពីករណីនេះហើយ ក៏ប៉ុន្តែបដិសេធមិនធ្វើអត្ថាធិប្បាយដោយរវល់ជាប់ប្រជុំ។
អភិបាលខេត្តរតនគិរី លោក ប៉ាវ ហមផាន វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការអធិប្បាយបានទេ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ តុលា ក៏ប៉ុន្តែលោក ណាប់ ប៊ុនហេង នាយខុទ្ទកាល័យសាលាខេត្តបញ្ជាក់ថា ខេត្តមិនបានទទួលរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានពីបញ្ហានេះទេ។
អ្នកភូមិលឺហន់ ឲ្យដឹងថា កាលពីឆ្នាំ២០០៧ និង២០០៨ ព្រៃឈើនៃតំបន់ព្រៃក្រងសុទេសរាប់ពាន់ហិកតារ ជាគម្របព្រៃឈើគ្រប់គ្រងដោយអាជ្ញាធររដ្ឋបាលព្រៃឈើ ត្រូវគេកាប់រានដើម្បីយកដីជាកម្មសិទ្ធិឯកជនដោយគ្នានការទទួលខុសត្រូវ៕
