សកម្មភាព​កាប់​ឈើ​នៅ​ស្ទឹងត្រែង​មាន​សាច់​ញាតិ​អ្នក​ធំ​នៅ​ពី​ក្រោយ?

អ្នក​ភូមិ​និង​មន្ត្រី​មូលដ្ឋាន​ឃុំ​តាឡាត ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង រាយការណ៍​ថា ឈើ​ប្រណីត​ប្រមាណ ៥០​ម៉ែត្រ​គូប ត្រូវ​បាន​គេ​គ្រោង​ដឹក​ចេញ​ពី​មូលដ្ឋាន​នេះ​ដោយ​ឈ្មួញ​មាន​អំណាច​ម្នាក់​ប្រើប្រាស់​ឈ្មោះ​ជា​សាច់​ញាតិ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន សំណាង។

0:00 / 0:00

ប្រភព​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ឈើ​ប្រណីត​ទាំង​នោះ​គឺ​ឈ្មួញ​ខាង​លើ​ប្រមូល​ទិញ​តាំង​ពី​ថ្ងៃ​សុក្រ​មក​ម្ល៉េះ ហើយ​គេ​គ្រោង​ដឹក​ជញ្ជូន​ចេញ​នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​ក្រោយ ៖ «ម្សិលមិញ គេ​ទិញ ៤០​គូប ថ្ងៃ​នេះ​គេ​ទិញ ១០​គូប ហើយ​គេ​យក​មក​គរ​ពេញ​ហ្នឹង។ ហ៊ុន សំណាង អ្នក​រត់ការ​ឈើ​ហ្នឹង...»

បើ​តាម​មន្ត្រី​មូលដ្ឋាន​ឃុំ​មាន​ប្រសាសន៍​ដែរ​ថា ឈើ​ប្រណីត​ត្រូវ​បាន​អ្នក​ភូមិ​តំបន់​នោះ​ស៊ី​ឈ្នួល​ចូល​ព្រៃ​កាប់​នៅ​តំបន់​ភ្នំ​ក្រឡា​ពស់ និង​ភ្នំ​ក្រហម ស្ថិត​នៅ​ជាប់​ព្រំ​ប្រទល់​ស្រុក​សេសាន និង​ស្រុក​សៀមប៉ាង ហើយ​អារ​ច្រៀក​ដោយ​ម៉ាស៊ីន​អារ​ស្វ័យ​ប្រវត្តិ​តូចៗ​និង​ដឹក​ជញ្ជូន​ដោយ​រទេះ​គោយន្ត​មក​ស្តុក​ទុក​នៅ​ត្រើយ​ម្ខាង​ទន្លេ​សាសាន ហើយ​ឈ្មួញ​ប្រមូល​ទិញ​ដឹក​ជញ្ជូន​ឆ្លង​ទន្លេ​ដាក់​រថយន្ត​កាំមីញ៉ុង​ធំៗ​នាំ​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​តាម​ច្រក​ព្រំដែន​ស្រុក​ស្នួល​ខេត្ត​ក្រចេះ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ឈ្មួញ​អ្នក​ទិញ​ឈើ​លោក ហ៊ុន សំណាង បាន​ទេ ពីព្រោះ​មិន​មាន​មន្ត្រី​មូលដ្ឋាន​និង​អ្នក​ភូមិ​ណា​ស្គាល់​អាសយដ្ឋាន​ឬ​លេខ​ទូរស័ព្ទ​អាច​ទាក់ទង​នឹង​បំភ្លឺ​ការ​ចោទ​ប្រកាន់​នោះ​បាន​ឡើយ។

មេឃុំ​តាឡាត លោក សឿង ខង មាន​ប្រសាសន៍​ថា អាជ្ញាធរ​ឃុំ​មិន​មាន​លទ្ធភាព​ទប់ស្កាត់​បញ្ហា​នេះ​បាន​ទេ ពីព្រោះ​ឈ្មួញ​អ្នក​ទិញ​ឈើ គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​ផ្តល់​ប្រាក់​គ្រឿង​សម្ភារៈ​ដល់​អ្នក​ភូមិ​និង​ជា​អ្នក​កាង​ការពារ​សកម្មភាព​ខុស​ច្បាប់​នេះ ៖ «គេ​កាប់​ពី​ភ្នំ​ក្រឡាពស់ ភ្នំ​ក្រហម»

ភូមិ​ខ្សាច់​ធំ បើ​តាម​មន្ត្រី​មូលដ្ឋាន​បញ្ជាក់​ថា គឺ​ជា​មូលដ្ឋាន​ធ្វើ​អាជីវកម្ម​ឈើ​ប្រណីត​ខុស​ច្បាប់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​អ្នក​ភូមិ​និង​មន្ត្រី​មូលដ្ឋាន​មួយ​ចំនួន​នៅ​ទីនោះ​តែ​ម្តង។

នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ប្រចាំ​ឃុំ​តាឡាត លោក អឿ គឹមហេង មាន​ប្រសាសន៍​ទទួល​ស្គាល់​ដែរ​ថា ពិត​ជា​មាន​សកម្មភាព​ធ្វើ​អាជីវកម្ម​ឈើ​ប្រណីត​ខុស​ច្បាប់​នៅ​តំបន់​នោះ​ប្រាកដ​មែន។

លោក​ថា បាន​ចុះ​បង្រ្កាប​ជា​ច្រើន​លើក ក៏​ប៉ុន្តែ​មាន​ករណី​ខ្លះ សមត្ថកិច្ច​បង្រ្កាប​ក៏​រង​ការ​គំរាម​កំហែង​ពី​មន្ត្រី​មាន​អំណាច​ទាំង​នោះ​វិញ​ផង។

លោក អឿ គឹមហេង មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «យើង​ហាម​ឃាត់​ដែរ តែ​ធ្វើ​ម៉េច បើ​សុទ្ធតែ​ថ្នាក់​កំពូលៗ​អី​អ៊ីចឹង។ ខ្ញុំ​ចុះ​ទៅ​ទប់ស្កាត់​បាន​មួយ​គំនរ​ទេ​តើ! ហ៊ុន សំណាង ហ្នឹង គាត់​ត្រូវ​ជា​ក្មួយ​សម្ដេច ហ៊ុន សែន»

ចំណែក​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង លោក ហាក់ វិមាន មាន​ប្រសាសន៍​ថា វា​ជា​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន ក៏​ប៉ុន្តែ​ព្រៃឈើ​ទៅ​តំបន់​ភ្នំ​ក្រឡា​ពស និង​ភ្នំ​ក្រហម គឺ​ជា​ដែន​សមត្ថកិច្ច​របស់​ជំនាញ​ព្រៃ​ឈើ។

លោក ហាក់ វិមាន ថ្លែង​ដូច្នេះ​ថា ៖ «គោលការណ៍​រួម​ហ្នឹង គឺ​អ្នក​ណា​ក៏​ដូច​គ្នា មាន​សិទ្ធិ​តួនាទី​ការពារ​ធនធាន​ធម្មជាតិ​ទាំង​អស់​គ្នា។ ...​ខាង​រដ្ឋបាល​ព្រៃឈើ​អ៊ីចឹង វា​ពិបាក​ណាស់ ព្រោះ​ថា យើង​ធ្វើ​ទៅ​វា​ប៉ះ​អ៊ីចឹងៗ​ទៅ វា​ពិបាក​ដែរ»

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង កាល​ពី​ខែ​តុលា​កន្លង​ទៅ បាន​បង្កើត​គណៈកម្មការ​ទប់ស្កាត់​សកម្មភាព​កាប់​ឈើ​ប្រណីត ដែល​កើត​មាន​ជា​ច្រើន​ករណី ក៏​ប៉ុន្តែ​រហូត​បច្ចុប្បន្ន អ្នក​ភូមិ​រាយការណ៍​ថា ឈើ​ប្រណីត​នៅ​តែ​មាន​កាប់​ឥត​ឈប់​ឈរ។

បើ​តាម​តួលេខ​បង្ក្រាប​ដោយ​សង្កាត់​រដ្ឋាបាល​ព្រៃឈើ​តាឡាត ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០០៨ មាន​ម៉ាស៊ីន​កាត់​ឈើ ២០​គ្រឿង រថយន្ត​៥​គ្រឿង​និង​ឈើ​ប្រណីត ៨០​ម៉ែត្រ​គូប ត្រូវ​បាន​រឹប​អូស៕