មន្ត្រីសុំមិនឲ្យបញ្ចេញឈ្មោះឲ្យដឹងថា ឈើប្រណីតរាប់រយម៉ែត្រគូបត្រូវបានក្រុមឈ្មួញដឹកជញ្ជូនឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាបន្តបន្ទាប់ បើទោះបីជាពុំមានច្បាប់អនុញ្ញាតក៏ដោយ។
រថយន្តដឹកឈើប្រណីតដែលក្រឡាប់នៅខេត្តរតនគិរី នៅថ្ងៃទី១៨ មិថុនា ២០០៩។
ប៉ុន្តែយ៉ាងដូច្នេះក្តី លោក ហេង គឹមសាន្ត ប្រធានច្រកទ្វារព្រំដែនអន្តរជាតិបដិសេធថា មិនបានដឹងពីករណីនេះទេ។ ចំណែកលោក ជួប ចំរើន ប្រធានគយប្រចាំច្រកទ្វារបដិសេធដែរថា មិនមានការអនុញ្ញាតឲ្យដឹកជញ្ជូនឈើឆ្លងកាត់ច្រកទ្វារនោះទេ ៖ «ចេះតែជឿគេ អត់មានអីចេញផង»។
ប្រភពដែលវិទ្យុអាស៊ីសេរីទទួលបានអះអាងបញ្ជាក់ថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០០៩ យ៉ាងហោចណាស់មានឈើប្រណីតគ្រប់ប្រភេទរាប់រយម៉ែត្រគូប ត្រូវបានគេដឹកជញ្ជូនពីក្រុងបានលុង បណ្តាស្រុកផ្សេងទៀតក្នុងខេត្តរតនគិរី តាមរថយន្តដឹកជញ្ជូនជាខ្សែពី៣ទៅ៥ ឬ១០គ្រឿង នាវេលាអធ្រាត្រ ដោយឈ្មួញរត់ការបង់ប្រាក់ឲ្យសមត្ថកិច្ចដើម្បីបើកផ្លូវ និងច្រកទ្វារនាំឈើទៅកាន់តំបន់ព្រំដែនប្រទេសវៀតណាម។
ប្រភពដដែល ដែលមានរូបថតនិងរូបវីដេអូបន្ថែមទៀតនោះ បានបង្ហាញឲ្យឃើញថា នៅក្នុងទឹកដីវៀតណាម ចម្ងាយប្រមាណមួយគីឡូមែត្រពីប៉ុស្តិ៍ច្រកទ្វារព្រំដែនជាប់ច្រកទ្វារអន្តរជាតិស្រុកអូរយ៉ាដាវ មានទីតាំងស្តុកឈើប្រណិតបីទៅបួនទីតាំង មានគំនរឈើរាប់ពាន់ម៉ែត្រគូបដែលដឹកជញ្ជូនចេញពីខេត្តរតនគិរី។
កាលពីថ្ងៃអាទិត្យ(១៥ វិច្ឆិកា)សប្តាហ៏មុននេះ មានសេចក្តីរាយការណ៍ថា មន្ត្រីអធិការកិច្ចក្រសួងកសិកម្មបានរឹបអូសឈើប្រណីតប្រមាណពី៤០ ទៅ៥០ម៉ែត្រគូប ដែលក្រុមឈ្មួញលាក់ទុកនៅឯស្រុកបរកែវដើម្បីនាំចេញ។
លោក ចាន់ សាវុធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម នៅថ្ងៃព្រហស្បតិ៍ ទី១៩ វិច្ឆិកា ឆ្នាំ២០០៩ មិនធ្វើអត្ថាធិប្បាយជាមួយអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ដោយប្រាប់ថា លោកជាប់ប្រជុំ។ ចំណែកមន្ត្រីខណ្ឌព្រៃឈើខេត្តរតនគិរីក៏ដូចគ្នា។
កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៩ អាជ្ញាធរខេត្តរតនគិរី រឹបអូសបានឈើប្រណីតជាង១០០ម៉ែត្រគូប នៅអតីតចម្ការលោក ខាំ ខឿន អតីតអភិបាលខេត្តរតនគិរី នៅឯស្រុកបរកែវ ក៏ប៉ុន្តែជនដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅទីនោះ មិនត្រូវបានដាក់ទោសនោះឡើយ។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ហៅបញ្ហានោះថា ជាភាពអនាធិបតេយ្យមិនទទួលខុសត្រូវរបស់អាជ្ញាធរ ហើយក៏បញ្ជាក់ថា គ្មាននរណាគោរពទៅតាមបទបញ្ជាលោកនាយរដ្ឋមន្ត្រី ទាក់ទិនការបង្ក្រាបបទល្មើសព្រៃឈើនេះឡើយ។
លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ដូច្នេះថា ៖ «កន្លងមកមានភាពអនាធិបតេយ្យ អាជីវកម្មយ៉ាងអនាធិបតេយ្យបំផុត ហើយបុគ្គលដែលជាអាជ្ញាធរដែនដី សមត្ថកិច្ច ស្ថាប័នជំនាញហ្នឹង លោកដេកលក់ឬមួយយ៉ាងម៉េចទេ»។
កាលពីសប្តាហ៍មុននេះ លោក ពិល ហ៊ុន ប្រធានភូមិផាវ ស្រុកតាវែង ខេត្តរតនគិរី ឲ្យដឹងថា សកម្មភាពចូលព្រៃកាប់ឈើប្រណីតកើតមានច្រើនទៀត ហើយនៅតំបន់ព្រៃសហគមន៍ជាប់នឹងឧទ្យានជាតិវីរជ័យ។ ប្រភពឲ្យដឹងថា អ្នកភូមិផាវ សៀងសាយ តាវែងលើ ផាយ៉ាង និងអ្នកភូមិដំបូក នាំគ្នាចូលព្រៃកាប់ឈើប្រណីតធ្វើឲ្យមានការព្រួយបារម្ភថា ឈើប្រណីតក្នុងឧទ្យានជាតិជិតនោះនឹងត្រូវគេកាប់ដើម្បីលក់ឲ្យឈ្មួញចាំប្រមូលទិញដល់មូលដ្ឋាន៕
ហ៊ុនសែនព្រមានមន្រ្តីយោធាឲ្យឈប់ពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់
ជំនួញឈើប្រណីតខុសច្បាប់បន្តកើតមាននៅរតនគិរី
អ្នកកាសែតប្ដឹងចោទមន្រ្តីយោធានៅក្រចេះថាប៉ុនប៉ងធ្វើមនុស្សឃាត
អាជ្ញាធរបដិសេធថាឈើដែលចាប់បានមិនមែនជារបស់កូនប្រសាអភិបាលខេត្ត
សកម្មភាពដឹកឈើខុសច្បាប់បន្តកើតមាននៅរតនគិរី
សមត្ថកិច្ចអះអាងថាពុំមានការកាប់ឈើខុសច្បាប់នៅរតនគិរីទេ
តុលាការកោះហៅសកម្មជនការពារព្រៃឈើ៨នាក់ទៅសួរចម្លើយ
អាជ្ញាធរប៉ៃលិនហាមទាហានកាប់ឈើសង់បន្ទាយនៅតាមព្រំដែនខ្មែរថៃ
សកម្មភាពកាប់ព្រៃឈើខុសច្បាប់បន្តកើតមាននៅជួរភ្នំក្រវាញ
មន្រ្តីយោធានៅរតនគិរីរងការចោទថាគំរាមអាជ្ញាធរមិនឲ្យចាប់រថយន្តដឹកឈើ
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
Hot line news from RFA. I got to know an important informations from RFA alot but you have to be careful of disinformation case. I am very appreciated to your independent and fair work.
2009-11-20 23:19
មើលមតិទាំងអស់.