ចរាចរណ៍ឈើប្រណីតខុសច្បាប់នេះ ធ្វើឡើងតែប៉ុន្មានម៉ោងក្រោយដំណើរទស្សនកិច្ចការងាររបស់លោក ឡូយ សូផាត អភិបាលខេត្តស្ទឹងត្រែង ទៅកាន់ស្រុកសៀមប៉ាង កាលពីថ្ងៃសៅរ៍ និងអាទិត្យកន្លងទៅនេះ។
មន្ត្រីដដែលបានឃើញហេតុការណ៍ផ្ទាល់បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា កម្មករបានជញ្ជូនឈើពីកន្លែងស្តុកដាក់រថយន្តកាមីញ៉ុងធំៗចំណុះ៣០ម៉ែត្រគូបពីរគ្រឿង ហើយដឹកចេញពីតំបន់ព្រៃស្រោងស្រឡៅ ក្នុងឃុំស្រែសំបូរ។ ចំណែករថយន្តប្រភេទកាមរីទេសចរណ៍ប្រមាណ១០គ្រឿងទៀត ដឹកឈើចេញពីទីរួមស្រុកសៀមប៉ាង ដោយមិនមានសមត្ថកិច្ចទប់ស្កាត់ ៖ «កន្លែងផ្លូវដែលគេដឹកចេញ ឡានធំហ្នឹងគឺនៅទីតាំងឃុំស្រែសំបូរ ឡានតូចៗចេញពីទីរួមស្រុកតែម្ដង។ ជញ្ជូនទាំងយប់ ទាល់តែទៀបភ្លឺម៉ោង៥បានគេចេញ»។
ស្រុកសៀមប៉ាងជាតំបន់សំបូរទៅដោយព្រៃឈើ ហើយរងការកាប់ធ្វើអាជីវកម្មជាច្រើនឆ្នាំរហូតមកទល់សត្វថ្ងៃនេះ។ មន្ត្រីអាជ្ញាធរមូលដ្ឋានបានទទួលស្គាល់ និងចាត់វិធានការបង្ក្រាបជាបន្តបន្ទាប់ ក៏ប៉ុន្តែមិនអាចបញ្ចប់បញ្ហានេះបានឡើយ។
លោក សំណាង នាយកផ្នែកនៃខណ្ឌរដ្ឋបាលព្រៃឈើ ទទួលបន្ទុកស្រុកសៀមប៉ាង មានប្រសាសន៍ថា លោកមិនបានដឹងពីសេចក្តីរាយការណ៍ខាងលើនេះទេ ពីព្រោះលោកមិនមានវត្តមាននៅមូលដ្ឋាន ហើយមន្ត្រីក្រោមឱវាទលោកបដិសេចថា មិនមានករណីនេះទេ។
លោក សំណាង មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំទូរស័ព្ទសួរក្មេងៗអម្បាញ់មិញវាថាអត់ផង អត់ដឹងថាមានផង អ៊ីចឹងប្រហែលខ្លាចមានគេជញ្ជូនតូចៗមក ហើយគេយកមកដាក់នៅឯណាឯណីវិញ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក ស៊ី សួន អភិបាលស្រុកសៀមប៉ាង ដើម្បីអធិប្បាយបញ្ហានេះបានទេនៅថ្ងៃច័ន្ទ (២៣ វិច្ឆិកា) ដោយលោកមិនទទួលទូរស័ព្ទ។
យ៉ាងនេះក្តីអ្នកភូមិស្រែសំបូរ សុំមិនឲ្យបញ្ចេញឈ្មោះបញ្ជាក់ដែរថា គាត់បានឃើញរថយន្តជាច្រើនគ្រឿងដឹកជញ្ជូនឈើចេញពីស្រុកសៀមប៉ាង កាត់មុខផ្ទះគាត់ កាលពីជិតភ្លឺថ្ងៃច័ន្ទនេះ។ គាត់បន្តថា នេះគ្រាន់តែជាផ្នែកមួយនៃការដឹកជញ្ជូនឈើដែលអ្នកភូមិឃើញស្ទើររៀងរាល់រាត្រីច្រើនខែកន្លងទៅនេះ។
អ្នកភូមិសុំមិនបញ្ចេញឈ្មោះឲ្យដឹងដូច្នេះ ៖ «យប់មិញមានដឹកទាល់ភ្លឺមែន គេដឹកគ្រញូង។ សកម្មភាពរបស់ប៉ូលិស ទាហាន ប៉េអឹមអី គេចុះបង្រ្កាបដូចគ្នា ប៉ុន្តែគេបង្រ្កាបក្នុងនាមថាសម្រួល បើថាអ្នកមិនរត់ការគេចាប់»។
វិទ្យុអាស៊ីសេរីក៏មិនអាចទាក់ទងលោក ឡូយ សូផាត អភិបាលខេត្តស្ទឹងត្រែង ដើម្បីបញ្ជាក់បញ្ហានេះបានដូចគ្នា ព្រោះលោកមិនទទួលទូរស័ព្ទ។
នៅខេត្តស្ទឹងត្រែង ក៏ដូចខេត្តរតនគិរី ភាគឦសានប្រទេសកម្ពុជា សេចក្តីរាយការណ៍ពីមន្ត្រីមូលដ្ឋានភូមិឃុំ និងអ្នកភូមិឲ្យដឹងថា ឈើប្រណីតត្រូវឈ្មួញមានខ្នងបង្អែកចលនាឲ្យអ្នកភូមិចូលព្រៃកាប់ ហើយពួកគេជាអ្នកប្រមូលទិញនាំចេញទៅទីក្រុងភ្នំពេញ និងមួយចំណែកទៀតនាំចេញតាមច្រកទ្វារព្រំដែន ទៅលក់ឲ្យឈ្មួញវៀតណាម ក៏ប៉ុន្តែករណីទាំងនោះក្រុមមន្ត្រីសមត្ថកិច្ចតែងបដិសេធថា មិនបានដឹងឬមិនមានជាប់ពាក់ព័ន្ធទេ៕
