មន្រ្តី​យោធា​នៅ​រតនគិរី​រង​ការ​ចោទ​ថា​គំរាម​អាជ្ញាធរ​មិន​ឲ្យ​ចាប់​រថយន្ត​ដឹក​ឈើ

មន្ត្រី​រដ្ឋបាល​ឃុំ​ញ៉ាង ស្រុក​អណ្តូងមាស ខេត្ត​រតនគិរី ចោទ​ប្រកាន់​ទៅ​លើ​មន្ត្រី​ប៉ូលិស​ម្នាក់​និង​យោធា​ពីរ​នាក់​ថា បាន​គំរាម​បាញ់​សម្លាប់​និង​ជេរ​ប្រមាថ​មិន​ឲ្យ​សមត្ថកិច្ច​ឃុំ​ចាប់​ឃាត់​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ប្រណីត​មួយ​គ្រឿង​របស់​ពួកគេ​ដែល​ព្យាយាម​នាំ​ឈើ​ខុស​ច្បាប់​ឆ្លង​ដែន​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម។

មន្ត្រី​ទាំង​៣​នាក់​រង​ការ​ចោទ​មាន​ឈ្មោះ ស៊ឹម ចាន់ណារិទ្ធ ជា​មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​ប៉ុស្តិ៍​តាង៉ា ឈ្មោះ កាំង សារឿង យោធា​ខេត្ត និង​ឈ្មោះ អ៊ូ ស៊ីសុផុន ហៅ អ៊ុង មណ្ឌល យោធា​ស្រុក​អណ្តូងមាស។

អនុ​ប្រធាន​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ញ៉ាង លោក ពុង ពឿន មាន​ប្រសាសន៍​បញ្ជាក់​ថា កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១០ អ្នក​ទាំង​៣​បាន​ដឹក​ជញ្ជូន​ឈើ​ប្រណីត​នាងនួន​មួយ​រថយន្ត​តូច​ចំណុះ​ប្រមាណ​៣​ម៉ែត្រ​គូប បំណង​នាំ​ចេញ​ឆ្លង​ដែន​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម ប៉ុន្តែ​សមត្ថកិច្ច​ឃុំ​បាន​ស្ទាក់​ឃាត់​ពួកគេ​នៅ​ចំណុច​ភូមិ​ដាល ដើម្បី​រឹប​អូស​វត្ថុតាង​ល្មើស ក៏​ប៉ុន្តែ​មិន​បាន​សម្រេច​ដោយ​អ្នក​ទាំង​បី​បាន​ប្រើ​អំណាច​និង​គំរាម​បាញ់​សម្លាប់​មក​លើ​ក្រុម​សមត្ថកិច្ច​អ្នក​បង្ក្រាប​ហើយ​សំរុក​នាំ​ឈើ​ចេញ ៖ «យើង​អនុវត្ត​ទៅ​លើ​បញ្ជា​ស្ដីពី​ការ​បង្រ្កាប​បទ​ល្មើស​ព្រៃឈើ»

ជំនួយ​ការ​មេ​ឃុំ​ញ៉ាង លោក ឯម សុវណ្ណ ដែល​ចូល​រួម​ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ​ប្រណីត​ដែរ​នោះ​បញ្ជាក់​ថា ក្រុម​ប្រឹក្សា​ឃុំ​បាន​ផ្តល់​របាយការណ៍​នេះ​ជូន​អាជ្ញាធរ​ស្រុក​រួច​ហើយ ដើម្បី​ចាត់​វិធានការ​ក្នុង​រឿង​នេះ។

លោក ឯម សុវណ្ណ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ប្រើ​ភាសា​គំរាម​កំហែង​ថា ពួក​សមត្ថកិច្ច​ឃុំ​ទាំង​អស់​មាន​ប៉ុន្មាន​នាក់​ត្រូវ​សម្លាប់​ចោល ត្រូវ​បាញ់​ចោល ត្រូវ​វ៉ៃ​ចោល គេ​គំរាម​អ៊ីចឹង»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​មន្ត្រី​ទាំង​៣​នាក់​ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទ​នោះ​បាន​ទេ​នៅ​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​មករា ឆ្នាំ​២០១០ ក៏​ប៉ុន្តែ​មេ​បញ្ជាការ​យោធា​ស្រុក​អណ្តូង​មាស លោក ប៉ុល សុវណ្ណ មាន​ប្រសាសន៍​ថា លោក​បាន​ស្រាវជ្រាវ​ករណី​នេះ​ហើយ​មិន​មាន​ពាក់​ព័ន្ធ​ខាង​មន្ត្រី​យោធា​ទេ។

អភិបាល​ស្រុក​អណ្តូងមាស លោក នង ដារិទ្ធ មាន​ប្រសាសន៍​ថា បាន​ទទួល​សេចក្តី​រាយ​ការណ៍​ពី​សមត្ថកិច្ច​ឃុំ​ស្តីពី​បញ្ហា​ខាង​លើ​នេះ​ហើយ។

លោក នង ដារិទ្ធ មាន​ប្រសាសន៍​ដូច្នេះ ៖ «មាន​ឡាន​ដឹក​ឈើ ហើយ​ពួក​ឃុំ​ចាប់​ទៅ​វា​មាន​ការ​កាង។ អម្បាញ់មិញ​ខ្ញុំ​ប្រាប់​ឃុំ ខ្ញុំ​ថា ដាក់​វិធានការ​ធ្វើ​ក្នុង​នាម​គណៈ​បញ្ជាការ​ឯកភាព​ឃុំ»

អាជ្ញាធរ​ខេត្ត​រតនគិរី កាល​ពី​សប្តាហ៍​មុន​នេះ បាន​រក​ឃើញ​គំនរ​ឈើ​ប្រណីត​ដែល​គេ​កាប់​ពី​ព្រៃ ហើយ​អារ​ជា​ឈើ​ជ្រុង​ប្រវែង​២​ទៅ​២​ម៉ែត្រ​៥០ ទទឹង​ពី​៣០​ទៅ​៤០​សង់ទីម៉ែត្រ​ប្រមាណ​ជាង​២០០​ដើម​ដែល​គេ​លាក់​ទុក​នៅ​ស្រុក​កូនមុំ និង​ក្រុង​បានលុង។ ជាមួយ​នោះ​ដែរ ក៏​បាន​រក​ឃើញ​ការ​ចរាចរ​ឈើ​ប្រណីត​តាម​រថយន្ត​ធំៗ​បង្កប់​ពី​ក្រោម​ការ​ដឹក​ជញ្ជូន​មើម​ដំឡូង​បំណង​នាំ​ចេញ​ពី​ស្រុក​វ៉ឺនសៃ​ទៅ​កាន់​ព្រំដែន​ប្រទេស​វៀតណាម។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា ចលនា​ធ្វើ​អាជីវកម្ម​ឈើ​ប្រណីត​កំពុង​កើត​មាន​ជា​ច្រើន​ករណី ដោយ​ក្រុម​ឈ្មួញ​បាន​រត់ការ​ត្រូវ​រ៉ូវ​ជាមូយ​ក្រុម​សមត្ថកិច្ច​គ្រប់​ទីតាំង​ដើម្បី​នាំ​ឈើ​ប្រណីត​តាម​រថយន្ត​ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​អន្តរជាតិ​ស្រុក​អូរយ៉ាដាវ ដោយ​គ្មាន​ការ​ទប់​ស្កាត់។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អភិបាល​ខេត្ត​រតនគិរី លោក ប៉ាវ ហមផាន ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​សេចក្តី​រាយ​ការណ៍​ទាំង​អស់​នេះ​បាន​ទេ​នៅ​ថ្ងៃ​សៅរ៍​(២៣ មករា)​ឈប់​សម្រាក​នេះ៕