សកម្មភាព​ដឹក​ឈើ​ខុស​ច្បាប់​បន្ត​កើត​មាន​នៅ​រតនគិរី

ក្រោយ​ពី​មាន​ការ​ព្រមាន​ខ្លាំងៗ​ទៅ​លើ​មន្រ្តី​ជាន់​ខ្ពស់​យោធា​មួយ​ចំនួន​អំពី​សកម្មភាព​កាប់​និង​ដឹក​ជញ្ជូន​ឈើ​កាល​ពី​ថ្ងៃ​២៨ មករា ដោយ​នាយករដ្ឋមន្រ្តី​ខ្មែរ​មក​នោះ នៅ​ខេត្ត​រតនគិរី ត្រូវ​បាន​គេ​រាយការណ៍​មក​ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នៅ​មិន​ទាន់​ត្រូវ​បាន​គេ​បញ្ឈប់​សកម្មភាព​លើ្មស​នៅ​ឡើយ​ទេ។

0:00 / 0:00

ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​វ៉ឺនសៃ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយការណ៍​ថា មក​ដល់​ថ្ងៃ​នេះ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​នៅ​តែ​បន្ត​ជា​ធម្មតា មិន​បាន​អើពើ​ទៅ​នឹង​ការ​ព្រមាន​ខ្លាំងៗ​របស់​លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី​ខ្មែរ​នោះ​ទេ។ ពួក​អាជ្ញាធរ​នៅ​ក្នុង​ស្រុក​នេះ​នៅ​តែ​មាន​ការ​ឃុបឃិត​ជា​ដដែល​ឲ្យ​ឈើ​ចេញ​រាល់​យប់។

លោក​បាន​បន្ត​ថា ឈើ​ទាំង​នោះ​ត្រូវ​គេ​ដឹក​ចេញ​ពី​ចំណុច​សំខាន់ៗ​មួយ​ចំនួន ដូចជា​ឃុំ​កោះពាក ឃុំ​ភ្នំកុក​និង​ឃុំ​វ៉ឺនសៃ​ជាដើម សុទ្ធសឹង​ជា​ប្រភេទ​ឈើ​គ្រញូង ធ្នង់ បេង​និង​នាងនួន​ជាដើម ដែល​ជា​ប្រភេទ​ឈើ​ប្រណីត​លេខ​១។

លោក​បាន​រៀបរាប់​បែប​នេះ​ថា ៖ «បើ​ថា​ខាង​ក្រសួង​ព្រៃឈើ​គេ​ចុះ​មក​ដល់​ស្រុក​វ៉ឺនសៃ​អ៊ីចឹង​ហើយ ខាង​ស្រុក​គេ​និយាយ​ប្រាប់​លោក​មេ​ឃុំ​ហ្នឹង​ឲ្យ​ផ្អាក​អារ​ឈើ​សិន បើ​ថា ថ្ងៃ​នេះ​គេ​ចុះ​ហើយ គេ​ប្រាប់​តាម​ភូមិ​តាម​អី​ហ្នឹង​ឲ្យ​រោង​ម៉ាស៊ីន​សម្រាក​សិន ចាំ​គេ​ទៅ​ផុត​ហើយ​ចាំ​ធ្វើ​ទៀត»

លោក សល់ ភុន អនុ​ប្រធាន​ភូមិ​លើឃួន ឃុំ​កិចុង ស្រុក​បរកែវ មាន​ប្រសាសន៍​ដែរ​ថា ពី​មុន​ដល់​ឥឡូវ​នៅ​តែ​មាន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ដដែល​តាម​រយៈ​ឡាន​តូច​និង​ឡាន​ធំៗ ពី​តំបន់​នានា​ក្នុង​ស្រុក​បរកែវ ហើយ​លោក​ឃើញ​ថា មាន​ឈើ​រាប់​រយ​គូប​ទៀត​ត្រូវ​គេ​លាក់​នៅ​ក្នុង​ព្រៃ​មិន​ទាន់​យក​ចេញ​អស់​នៅ​ឡើយ។ លោក​ថា មាន​ការ​ព្រួយ​បារម្ភ​ទៅ​ថ្ងៃ​មុខ​ព្រៃឈើ​នៅ​ក្នុង​ស្រុក​បរកែវ ត្រូវ​វិនាស​ហិនហោច​អស់។

លោក សល់ ភុន បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ច្រើន​តើ...! ឈើ​នៅ​ក្នុង​ព្រៃ​មិន​ទាន់​ចេញ​នៅ​មិន​ដឹង​ជា​ប៉ុន្មាន​រយ​គូប​ទេ ឈើ​ដែល​ចេញៗ​ច្រើន»

លោក ប៉ែន ប៊ុណ្ណារ៍ មន្រ្តី​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​រតនគិរី មាន​ប្រសាសន៍​ថា សកម្មភាព​ខុស​ច្បាប់​កាប់​និង​ដឹក​ជញ្ជូន​ឈើ​នៅ​ខេត្ត​នេះ​មិន​ទាន់​មាន​ការ​ថមថយ​ទេ បើ​ទោះ​ជា​មាន​ការ​ព្រមាន​ក្នុង​អំឡុង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​បន្ថែម​ទៅ​លើ​បទបញ្ជា​០១ បទ​បញ្ជា​០២​ទៀត​ដោយ​នាយករដ្ឋមន្រ្តី​ខ្មែរ​ក៏ដោយ។

លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា តាម​សេចក្តី​រាយ​ការណ៍​ពី​សហគមន៍​និង​បណ្តាញ​ជា​ច្រើន​របស់​លោក​បាន​ឲ្យ​ដឹង​ថា មក​ដល់​ថ្ងៃ​នេះ​ការ​កាប់​ដឹក​ជញ្ជូន​ឈើ​ចេញ ពិសេស​មាន​ស្រុក​វ៉ឺនសៃ ស្រុក​តាវែង ស្រុក​អណ្តូងមាស​ជាដើម នៅ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀងរាល់​ថ្ងៃ​មិន​ទាន់​ថម​ថយ​ឡើយ។ លោក​បាន​បន្ត​ទៀត​ថា ក្រុមហ៊ុន​ទទួល​បាន​ការ​សម្បទាន​ខ្លះ​បាន​កាប់​ដឹក​ឈើ​ចេញ​បង្ក​នូវ​ភាព​វិនាស​ហិនហោច​ព្រៃឈើ​ដ៏​មាន​តម្លៃ​ដែល​មាន​អាយុ​រាប់​រយ​ឆ្នាំ​មក​ហើយ។

លោក ប៊ែន ប៊ុណ្ណារ៍ បាន​ឲ្យ​ដឹង​ដូច្នេះ​ថា ៖ «ទោះ​លោក​បាន​ធ្វើការ​ព្រមាន​មន្រ្តី​យោធា​ថ្នាក់​ខ្ពស់ៗ យើង​ឃើញ​ថា ចលនា​ឈើ តាម​បណ្ដាញ​សកម្មជន​រាយការណ៍​មក​ឃើញ​ថា នៅ​តែ​មាន​ការ​ដឹក​ចេញ​ទៅ​ព្រំដែន​ដដែល ហាក់​ដូចជា​មិន​មាន​ការ​ញញើត​នឹង​ប្រសាសន៍​ព្រមាន​របស់​នាយករដ្ឋមន្រ្តី​ទេ»

លោក យូកាន វិមាន ប្រធាន​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី ធ្លាប់​បញ្ជាក់​ថា កន្លង​មក​កម្លាំង​របស់​លោក​បាន​ប្រឹងប្រែង​ក្នុង​ការ​ទប់ស្កាត់​និង​មាន​ចាប់​បាន​ជា​ហូរហែ​ដែរ ហើយ​លោក​ក៏​បាន​អំពាវនាវ​សុំ​ឲ្យ​មាន​កិច្ចសហការ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ទាំង​នោះ។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចង្អុល​ចំ​មុខ​នូវ​នាយ​ឧត្តមសេនីយ៍​មួយចំនួន​របស់​លោក ដូចជា​ឈ្មោះ ឈឿន ចាន់ថន ហៅ ម៉ៅ ចៅហ្វាយ​ខេត្ត​និង​មន្ត្រី​ជា​ច្រើន​នាក់​ទៀត​ដែល​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​កាប់​ឈើ​ខុស​ច្បាប់៕