ពលរដ្ឋ​ចោទ​អាជ្ញាធរ​ខេត្ត​ព្រៃវែង​ថា​​ឲ្យ​វៀតណាម​ចូល​នេសាទ​ខុស​ច្បាប់

ប្រជាពលរដ្ឋ​បាន​ចោទ​អាជ្ញាធរ​ពាក់ព័ន្ធ​​មូលដ្ឋាន​ខេត្ត​ព្រៃវែង ថា បាន​បើក​ដៃ​ឲ្យ​ឈ្មួញ​វៀតណាម ចូល​មក​ចាប់​កូន​ត្រី​ដោយ​​ប្រើ​ឧបករណ៍​នេសាទ​ដែល​ច្បាប់​បាន​ហាមឃាត់។

0:00 / 0:00

បុរស​ឈ្មោះ ជុន វីរៈ ជា​តំណាង​ឲ្យ​ពលរដ្ឋ​សហគមន៍​ឃុំ​កោះរកា នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែ​សីហា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​ជនជាតិ​វៀតណាម បាន​ប្រើ​ឧបករណ៍​ស្បៃ​មុង​រាប់​ពាន់​ខ្សែ​នៅ​មូលដ្ឋាន​ឃុំ​កោះរកា ដោយ​អាជ្ញាធរ​ជលផល ក៏​ដូច​​ជា​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត មិន​បាន​ទប់ស្កាត់​នោះ​ទេ។

លោក​បន្ត​ថា អាជ្ញាធរ​បាន​បង្ក្រាប និង​ទប់ស្កាត់​តែ​ចំពោះ​ជនជាតិ​ខ្មែរ​ដែល​ប្រើ​ឧបករណ៍​ស្រប​ច្បាប់ ដូច​ជា​ដាក់​សន្ទូច ឬ មង ដើម្បី​ចាប់​ត្រី​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ ប៉ុន្តែ​ចំពោះ​ជនជាតិ​វៀតណាម ប្រើ​ឧបករណ៍​ចាប់​កូន​ត្រី​ល្មើស​ច្បាប់​បែរ​ជា​អាជ្ញាធរ​មើល​​មិន​​ឃើញ​ទៅ​វិញ។

តំណាង​សហគមន៍ បាន​ឲ្យ​ដឹង​បន្ថែម​ដូច្នេះ ៖ «មាន​ករណី​បទល្មើស​នេសាទ​ជនជាតិ​វៀតណាម បាន​ដាក់​ស្បៃ​មុង​រាប់​រយ​ខ្សែ ដោយ​ក្នុង​មួយ​ខ្សែៗ​មាន​ប្រវែង​រាប់​ពាន់​ម៉ែត្រ ហើយ​ដាក់​ហ្នឹង​នៅ​ខាង​ក្រោយ​ប៉ុស្តិ៍​ព្រំដែន​ឃុំ​កោះរកា តែម្ដង ដោយ​មាន​មន្ត្រី​មួយ​ចំនួន​គេ​កាង ជា​អ្នក​កាង​យួន ជា​មន្ត្រី​សមត្ថកិច្ច​ព្រំដែន​ឃុំ​កោះរកា»

បន្ថែម​លើ​នេះ ក្រុម​ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ទៅ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ក៏​ដូច​ជា​ស្ថាប័ន​ជលផល​​ថ្នាក់​លើ ឲ្យ​បញ្ចូន​មន្រ្តី​ជំនាញ​ចុះ​មក​ដល់​មូលដ្ឋាន ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ​កំពុង​កើត​មាន​នៅ​មូលដ្ឋាន​ឃុំ​កោះរកា ស្ថិត​ក្នុង​ស្រុក​ពាមជរ ខេត្ត​ព្រៃវែង ឲ្យ​បាន​ទាន់​ពេល​វេលា ប្រយោជន៍​ដើម្បី​រក្សា​ពូជ​ត្រី​មិន​ឲ្យ​បាត់បង់។

ចំណែក​ពលរដ្ឋ​ឈ្មោះ ភី សារៈ បាន​លើក​ជា​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​អាជ្ញាធរ​ពាក់ព័ន្ធ រួម​មាន​មន្ត្រី​ជលផល​ជា​ដើម ​មិន​ព្រម​ចាត់​វិធានការ​បង្ក្រាប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់ កំពុង​កើត​មាន​នៅ​ឃុំ​កោះរកា ទៅ​វិញ ឬ​មួយ​ក៏​មន្ត្រី​មូលដ្ឋាន​ទាំង​នោះ​បាន​ទទួល​លាភសក្ការៈ​អ្វី​មួយ​ពី​ឈ្មួញ​ល្មើសច្បាប់?

លោក ភី សារៈ បន្ថែម ៖ «ជាប់​កន្លែង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ឃុំ​កោះរកា មាន​យួន​ដាក់​ស្បៃ​មុង ឬ​ហៅ​ថា សៃយឺន ដាក់​ច្រើន​ណាស់ ខាប់ រាប់​រយ​ខ្សែ តែ​បើ​ប្រជាពលរដ្ឋ​ខ្មែរ​ដាក់​តិចតួច គឺ​កាប់​រយះរយាយ​អស់​ហើយ»

ទោះ​យ៉ាង​ណា អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ពាមជរ ខេត្ត​ព្រៃវែង បាន​បដិសេធ​ថា មិន​មាន​ជន​ជាតិ​វៀតណាម ចូល​មក​ធ្វើ​សកម្មភាព ឬ​ប្រើ​ឧបករណ៍​នេសាទ​ចាប់​កូន​ត្រី​ខុស​ច្បាប់​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​កោះរកា ដូច​ពលរដ្ឋ​ចោទ​ប្រកាន់​នោះ​ទេ។

លោក ច័ន្ទ ដេន អភិបាល​ស្រុក​ពាមជរ បាន​ឲ្យ​ដឹង​ថា កន្លង​មក​មូលដ្ឋាន​នេះ​ពិត​ជា​កើត​មាន​បទល្មើស​នេសាទ​ខ្លះៗ​ពិត​មែន ប៉ុន្តែ​អាជ្ញាធរ​បាន​ចាត់​វិធានការ​បង្ក្រាប ដោយ​អាជ្ញាធរ​ចាប់​បាន​ស្បៃ​មុង​រាប់​រយ​រាប់​ពាន់​ខ្សែ​យក​ទៅ​ដុត​បំផ្លាញ​ចោល។ ទោះ​យ៉ាង​ណា លោក​ទទួល​ស្គាល់​ថា បទល្មើស​នេសាទ​អាច​នៅ​មាន​​ជនល្មើស​លួច​ធ្វើ​សកម្មភាព​ម្ដងម្កាល ប៉ុន្តែ​បាន​លាក់​កំបាំង​ពី​ភ្នែក​សមត្ថកិច្ច​ជំនាញ។

លោក ច័ន្ទ ដេន បន្ថែម ៖ «​ថ្ងៃ​មុន​នេះ​ជាប់​ព្រំ​ប្រទល់​ខាង​ឃុំ​កោះរកា ខាង​គណៈ​បញ្ជាការ​ឯកភាព​ខ្ញុំ​បាន​ចុះ​ទៅ​ធ្វើ​សកម្មភាព​ចាប់​បាន​ស្បៃ​មុង​ហ្នឹង​ដុត​ចោល​ជាង ២​ពាន់​ម៉ែត្រ។ ជៀស​មិន​ផុត​ទេ ដូច​កៀស​ចក​អ៊ីចឹង កម្លាំង​សមត្ថកិច្ច​យើង​ទៅ​ប្រមូល​ដុត​ទៅ ផុត​ពី​ហ្នឹង​ទៅ​គេ​ទិញ​ដាក់​ទៀត​ទៅ។ ការ​ពិត​ទៅ​នៅ​កន្លែង​ព្រំ​ប្រទល់​វៀតណាម​ហ្នឹង វា​ជៀស​មិន​ផុត​ពី​មាន​អាណិកជន​គាត់​រកស៊ី​ខ្លះ​​ទេ ប៉ុន្តែ​សមត្ថកិច្ច​របស់​យើង​នៅ​តែ​បង្ក្រាប​ជា​បន្តបន្ទាប់»

លោក សុខ ស៊ីណាត មន្ត្រី​ជលផល​ស្រុក​ពាមជរ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​​បទល្មើស​នេសាទ​កំពុង​កើត​មាន​នៅ​មូលដ្ឋាន​ឃុំ​កោះរកា ដែល​ពលរដ្ឋ​បាន​ចោទ​ប្រកាន់​នោះ​ទេ។ យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​នៅ​ឃុំ​កោះរកា ស្រុក​ពាមជរ ខេត្ត​ព្រៃវែង នៅ​តែ​អះអាង​ថា បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ដើម្បី​ចាប់​កូន​ត្រី​ផ្ដើម​ដោយ​ជនជាតិ​វៀតណាម ពិត​ជា​បាន​កើត​មាន​នៅ​មូលដ្ឋាន​នេះ​យ៉ាង​អនាធិបតេយ្យ​ពិត​មែន ហើយ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មូលដ្ឋាន​ទំនង​ជា​បាន​ទទួល​សំណូក​លុយ​កាក់​ពុក​រលួយ​ពី​ឈ្មួញ​ល្មើស ទើប​អាជ្ញាធរ​មិន​មាន​វិធានការ​​ទប់​ស្កាត់។

ដើម្បី​ទប់ស្កាត់​ភាព​អនាធិបតេយ្យ​នៃ​បទល្មើស​នេសាទ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗ​នេះ​បាន​ចេញ​បទបញ្ជា​លេខ ០០១ ដាក់​ជូន​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​អនុវត្ត និង​ចាត់​វិធានការ​បង្ក្រាប​បទល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ឲ្យ​បាន​ជា​ស្ថាពរ និង​ត្រូវ​ធ្វើ​សកម្មភាព​ជា​ប្រចាំ។

បទ​បញ្ជា​លេខ ០០១ បាន​ឈាន​ដល់​ដក​តួនាទី​មន្ត្រី​ជលផល​តាម​ខេត្ត​ជាប់​ទន្លេ​សាប​ចំនួន ៥​រូប ដើម្បី​ព្រមាន​ផង​ដែរ។ ប៉ុន្តែ​ទោះ​ជា​បែប​ណា​ក្ដី រហូត​មក​ដល់​ពេល​នេះ មាន​សេចក្ដី​រាយការណ៍​ពី​សហគមន៍​ពលរដ្ឋ​នៅ​​តាម​បណ្ដា​ខេត្ត​ក្រុង​មួយ​ចំនួន​ក្នុង​ប្រទេស​​កម្ពុជា បាន​អះអាង​ថា បទល្មើស​នេសាទ​នៅ​តែ​បន្ត​កើត​មាន ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​អ្នក​កាង​នៅ​ពី​ក្រោយ​ខ្នង​ឈ្មួញ​បង្ក​​បទល្មើស​ថែម​ទៀត ដូចជា​ករណី​បទល្មើស​នេសាទ​កំពុង​កើត​មាន​នៅ​មូលដ្ឋាន​ខេត្ត​ព្រៃវែង ជាដើម៕