ជនជាតិវៀតណាមបានឆ្លៀតឱកាសប្រើឧបករណ៍ឆក់ត្រីខុសច្បាប់នេះ ស្របពេលដែលប្រទេសកម្ពុជាកំពុងមមាញឹករៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៤ ដែលនៅសល់តែ៦ថ្ងៃទៀតតែប៉ុណ្ណោះដល់ថ្ងៃបោះឆ្នោតគឺថ្ងៃទី២៧ កក្កដា ។
ប្រជាពលរដ្ឋនៅក្នុងស្រុកកោះសូទិនសុំមិនបញ្ចេញឈ្មោះបានសម្ដែងនូវក្តីកង្វល់ខ្លាចអស់ត្រីក្នុងទន្លេមេគង្គ និងបង្កការលំបាកដល់ប្រជាពលរដ្ឋខ្មែរដែលមានមុខរបរនេសាទជាលក្ខណៈគ្រួសារ ថានៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ លោកបានឃើញទូកនេសាទជនជាតិវៀតណាមធំៗ និងមានឧបករណ៍នេសាទក្នុងនោះបានធ្វើការឆក់ត្រីរាល់ថ្ងៃនៅក្នុងស្រុករបស់លោក ។
ពលរដ្ឋដដែលបានឲ្យដឹងថា ៖ «យួនអ្នកឆក់ ឧបករណ៍មានម៉ាស៊ីនឆក់ ម៉ាស៊ីនធំ ហើយមានរបៀបគេធ្វើដូចជាថ្នងដងត្រីអ៊ីចឹង ប៉ុន្តែថ្នងវាធំណាស់» ។
ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ គីម ស្រុន នៅក្នុងឃុំពាមប្រធ្នោះ បានមានប្រសាសន៍ថាជនជាតិវៀតណាមទាំងនោះបានឆក់ត្រីទាំងថ្ងៃទាំងយប់ទាំងថ្ងៃ ហើយមន្រ្តីជលផលពុំមានការហាមឃាត់ឬទប់ស្កាត់អ្វីនោះទេ ។
លោក គីម ស្រុន បានមានប្រសាសន៍ថា ៖ «គេដាក់ទម្លាក់ទៅបាតដីឯណោះ រួចទៅវាបើកកាណូតចុះមកឆក់រហូត ដល់មកដល់កន្លែង... វាលើក វាលើកមកត្រីងាប់ទាំងអស់គ្មានសល់ទេ» ។
វិទ្យុអាស៊ីសេរីមិនអាចធ្វើការទំនាក់ទំនងនិងអ្នកនេសាទជនជាតិវៀតណាមបានទេ នៅថ្ងៃច័ន្ទ ទី២១ កក្កដានេះ ។
អភិបាលស្រុកកោះសូទិន លោក ច្រឹង គឹមស្រ៊ាន បានមានប្រសាសន៍ថាលោកមិនទាន់បានទទួលព័ត៌មាននេះទេ ៖ «ការងារសំខាន់បំផុតសមត្ថកិច្ចពាក់ព័ន្ធនឹងជលផល សួរមន្រ្តីជលផល...» ។
រីឯប្រធានការិយាល័យជលផលខណ្ឌកំពង់ចាម ឈ្មោះ គង់ ពុទ្ធិរិទ្ធិ មិនបានបកស្រាយពីបញ្ហានេះទេដោយលោកបានប្រាប់តាមទូរស័ព្ទថាជាប់ប្រជុំ ៖ «ជាប់ប្រជុំនៅក្រសួង» ។
រីឯមន្រ្តីសង្កេតការណ៍បោះឆ្នោតប្រចាំស្រុកកោះសូទិន ឈ្មោះ វៃ គីមរី បានមានប្រសាសន៍ថា ក្នុងរយៈពេលយុទ្ធនាការឃោសនារកសំឡេងបោះឆ្នោតរបស់គណបក្សនយោបាយនេះ អ្នកនេសាទជនជាតិវៀតណាមទាំងនោះបានឆ្លៀតឱកាសធ្វើការនេសាទ ដោយប្រើឧបករណ៍ខុសច្បាប់តាមអំពើចិត្ត មន្រ្តីមានសមត្ថកិច្ចមិនបានយកចិត្តទុកដាក់នឹងបញ្ហានេះទេ ពួកគេគិតតែអំពីការរៀបចំសណ្តាប់ធ្នាប់បោះឆ្នោតជាង ឬក៏ពួកគេទទួលសំណូកពីជនជាតិវៀតណាមឬយ៉ាងណានោះទេ ។
មន្ត្រីដដែលបានបញ្ជាក់ថា ៖ «បើកម៉ាស៊ីនរោទ៍តាំងពីកោះថ្មីមក ផ្អើលទាំងថ្ងៃហ្នឹង បើទោះបីអ្នកថ្លង់ក៏ឮដែរ ។ វាដូចជាអនាធិបតេយ្យពេក» ។
គួរបញ្ជាក់ថាប្រជាពលរដ្ឋនៅក្នុងស្រុកកោះសូទិន បានសំណូមពរដល់រដ្ឋាភិបាលថ្មីក្រោយពីបោះឆ្នោតនាពេលខាងមុខនេះ ជួយរកដំណោះស្រាយយ៉ាងណាទប់ស្កាត់ជនជាតិវៀតណាមដែលបាននេសាទត្រីខុសច្បាប់ទាំងនោះផង ៕
