ព្រៃឈើ​សហគមន៍​នៅ​ឃុំ​ត្រពាំងជោរ ខេត្ត​កំពង់ស្ពឺ រង​ការកាប់​បំផ្លាញ​និង​ទន្រ្ទាន​យក​ដី

ប្រធាន​សហគមន៍​ការពារ​ព្រៃ​ឈើ​តំបន់​ស្រែពស់​អះអាង​ថា ដី​សហគមន៍​ទំហំ​៤០០​ហិកតា​ក្នុង​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កំពុង​រង​នូវ​ការកាប់​បំផ្លាញ​ដើម​ឈើ​និង​ទន្រ្ទាន​ព្រៃ​សង់​ផ្ទះ​ថ្មី​រហូត​មាន​ការប្រទូសរ៉ាយ​ពាក្យ​សម្ដី​ខ្លះ​ពី​អ្នក​ចូល​តាំង​លំនៅ​ថ្មី​និង​ក្រុម​ប្រជាសហគមន៍។

0:00 / 0:00

លោក វ៉ែន សុខ ប្រធាន​សហគមន៍​មាន​ប្រសាសន៍​ដូច្នេះ​បន្ទាប់ពី​ប្រជាជន​ក្នុង​សហគមន៍​នោះ​រក​រឿង​ដក​បង្គោល​របង​បោះ​ព័ទ្ធ​យក​ដី​ព្រៃ។ លោក​ថា កាល​ដើម​ឡើយ​ព្រៃ​នេះ​បាន​ការពារ​ជាង​២៤០០​ហិកតា​ដែល​មាន​ចម្ងាយ​ប្រមាណ​៨០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​កំពង់ស្ពឺ​ប៉ែក​ខាង​លិច​ឆៀង​ខាង​ជើង​ជាប់​ព្រំប្រទល់​ខេត្ត​ពោធិ៍សាត់​និង​ខេត្ត​កំពង់ឆ្នាំង។

លោក​ថា ក្រោយ​មក​ក្រសួង​បរិស្ថាន​បាន​ប្រកាស​ឲ្យ​សហគមន៍​ការពារ​ព្រៃ​ស្រប​ច្បាប់​តែ​៤០០​ហិកតារ​វិញ​នៅ​ថ្ងៃ​ទី​៣០ ខែ​៩ ឆ្នាំ​២០០៤ ប្រគល់​ឲ្យ​អ្នកស្រុក​បី​ភូមិ​មាន​ភូមិ​ច្រកទាក ភូមិ​ត្រពាំងអង្រ្គង និង​ភូមិ​ពោធិ៍មាស រក្សា​ការពារ​ព្រៃ​នោះ។ បច្ចុប្បន្ន​ព្រៃ​នេះ​ត្រូវ​មនុស្ស​ចំណូល​ថ្មី​និង​អ្នក​រស់នៅ​ឃុំ​ត្រពាំងជោរ​ខ្លះ​ទន្រ្ទាន​កាប់​បំផ្លាញ​ព្រៃ​ឈើ​លក់​និង​សង់​ផ្ទះ​ថ្មី​បន្ត​បន្ទាប់ ឯ​អ្នក​ខំ​ការពារ​ព្រៃ​ឈើ​បី​ភូមិ​ជំទាស់​នឹង​ទង្វើ​ទន្រ្ទាន​ដី​ថ្មី​នេះ។

លោក វ៉ែន សុខ បាន​ឲ្យ​ដឹង​ថា ៖ «បញ្ហា​ទី​១ ការទន្រ្ទាន​យក​ដី។ មាន​ប្រជាជន​យើង​ខ្លះ ហើយ​និង​មក​ពី​ក្រៅ​ខ្លះ មក​ពី​ខេត្ត​តាកែវ​អី​អ៊ីចឹង គាត់​មក​ទន្រ្ទាន​ខ្លាំង​ជាង​ប្រជាជន​យើង ប្រជាជន​យើង​គាត់​ចេះតែ​ខ្លាច​បាត់​បង់ ដល់​អ៊ីចឹង​គាត់​ចេះតែ​លូក​បន្តិច​ម្ដង​ខ្លះៗ​ដែរ»

អ្នក​ស្រុក​ច្រើន​រយ​នាក់​អះអាង​ថា ទង្វើ​ទន្រ្ទាន​យក​ដី​ព្រៃ​ការពារ​ដោយ​សហគមន៍​នេះ​បាន​កើន​ខ្លាំង​ក្រោយ​បោះឆ្នោត​សភា​ជាតិ​អាណត្តិ​ទី​៤។ ពួក​គាត់​សុំ​ឲ្យ​អាជ្ញាធរ​ប្រញាប់​ដោះស្រាយ​បណ្តេញ​ក្រុម​អ្នក​វាតទី​បំផ្លាញ​ព្រៃ​យក​ដី​សង់​ផ្ទះ​ចាកចេញ​ឲ្យ​បាន​ឆាប់ ៖ «ឥឡូវ​ប្រជាពលរដ្ឋ​ខ្ញុំ​ចំនួន​ប្រហែល​ជា​៣០០​គ្រួសារ​នេះ​មិន​សុខចិត្ត​ទេ។ ទាមទារ​យក​ដី​ហ្នឹង​មក​វិញ ដើម្បី​ទុក​ជា​របស់​សមូហភាព»

មេ​ភូមិ​ច្រកទាក លោក សន សុន មាន​ប្រសាសន៍​ថា ប្រជាជន​ភូមិ​នេះ​១៧៣​គ្រួសារ​ជួយ​ការពារ​ព្រៃ​ឈើ ការពារ​បរិស្ថាន​តាំង​ពី​ឆ្នាំ​១៩៨៦ បើ​ទោះ​បី​ដាច់​ពោះ អត់​បាយ ក៏​អ្នកស្រុក​មិន​ហ៊ាន​ទន្រ្ទាន​ព្រៃ​ដែរ ព្រោះ​ចង់​រក្សា​ឈើ​ដែល​ហៀប​នឹង​បាត់បង់​មាន​ផ្ចឹក សុក្រំ បេង នាងនួន ជាដើម ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ឃើញ។ ម្យ៉ាងទៀត​ព្រៃ​សហគមន៍​នេះ​បាន​ជួយ​បង្កើន​ជីវភាព​អ្នកស្រុក​ពី​ការប្រមូល​ស្លឹក​ឈើ​និង​សំរាម​យក​មក​កែច្នៃ​ធ្វើ​ធ្យូង​ដុត។ ប៉ុន្តែ​ថ្មីៗ​នេះ​ក្រុម​អ្នក​ចំណូល​ថ្មី​មក​ពី​ខេត្ត​និង​ស្រុក​ផ្សេងៗ​កាប់​បំផ្លាញ​ដើម​ឈើ​ទំហំ​មុខ​កាត់​ខ្លះ​តូច​ជាង​១​ម៉ែត្រ ខ្លះ​ធំ​ជាង​១​ម៉ែត្រ យក​ធ្វើ​ឧស​វាស់​ជា​ម៉ែត្រ​ការ៉េ​លក់​និង​ទន្ទ្រាន​ដី​សង់​ផ្ទះ​ថ្មី ខ្លះ​ទៀត​ព័ទ្ធ​ព្រៃ​នោះ​បោះ​របង​យក​ដី​ទុក​លក់។

លោក សន សុន បាន​ឲ្យ​ដឹង​ថា ៖ «បាត់បង់​ដោយសារ​អ្នក​មាន​អំណាច​បុណ្យស័ក្តិ​បន្តិច​បន្តួច​អ៊ីចឹង គាត់​រំលោភ​បំពាន​ទៅ​លើ​របស់​សហគមន៍​ភូមិ​យើង​ខ្ញុំ​នេះ»

មេ​ភូមិ​ត្រពាំងអង្រ្គង លោក ប្រាជ្ញ អៀម មាន​ប្រសាសន៍​ថា អ្នក​ដាច់​ស្បៀង​ក្នុង​ភូមិ​នោះ​ច្រើន​គ្រួសារ​សុខចិត្ត​ហូប​ក្តួច​មិន​ចូល​ទៅ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ធ្វើ​ឧស​លក់​ដូច​អ្នក​ចំណូល​ថ្មី​ទេ។

លោក ប្រាជ្ញ អៀម បាន​បញ្ជាក់​ថា ៖ «ប៉ះពាល់​ច្រើន បើ​តាម​គេ​កាប់​ច្រើន​ណាស់ ដី​សហគមន៍​ខាង​ជើង​ហ្នឹង ជាប់​ប៉ុន្មាន​ប្លង់​ឯណោះ​កាប់​ឆ្ការ​ហ្នឹង ប្រហែល​ជា​១០​ប្លង់​អី​ហើយ​មើល​ទៅ។ មួយ​ហិកតារ​មិន​ដឹង​ប៉ុន្មាន​ទេ ខ្លះ​ទទឹង ១០០ ខ្លះ​ទទឹង ៥០ ខ្លះ​ទទឹង ៣០ បណ្ដោយ ១០០។ កាប់​ឆ្ការ​ល្ហ​អស់​ហើយ»

ដើម្បី​បញ្ជាក់​ឲ្យ​បាន​ជាក់ស្តែង​គាត់​នាំ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ដើរ​ចូល​ព្រៃ​នោះ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​ភូមិ​តាម​ផ្លូវ​រទេះ​ដែល​កប់​ភក់​ជ្រៅៗ​និង​លុយ​ទឹក​ផង ឃើញ​ផ្ទះ​មួយចំនួន​ទើប​សង់​ថ្មី​និង​រោង​មាន​ក្តារ​សន្លឹក​បញ្ឈរ​ត្រៀបត្រា​បម្រុង​លើក​ផ្ទះ​ថ្មី ។

សំឡេង​រណារ​អារ​ឈើ​បាន​ឮ​ទ្រហឹង​ចេញ​ពី​តំបន់​នោះ គំនរ​ដើម​ឈើ​អារ​ថ្មីៗ​ជា​កង់​ខ្លីៗ​រាប់​ម៉ឺន​កំណាត់​ដាក់​តម្រៀប​វាស់​ជា​ម៉ែត្រ​ការ៉េ​ក្នុង​ដី​ឡូត៍​ព័ទ្ធ​របង​ថ្មីៗ​ក្នុង​ព្រៃ​នោះ។ រថយន្ត​វ៉ែន​និង​គោ​យន្ត​ច្រើន​គ្រឿង​ចូល​ទៅ​ក្នុង​ព្រៃ​ដ៏​លំបាក​គ្មាន​ផ្លូវ​នោះ​បាន​ប្រមូល​ទិញ​កំណាត់​ឈើ​រៀប​ជា​ម៉ែត្រ​ការ៉េ​រួច​នោះ​ដឹក​ចេញ​ទៅ​ក្រៅ​គគ្រឹកគ្រេង។

ជួប​ជាមួយ​អ្នក​រស់នៅ​ផ្ទះ​ទើប​សង់​ថ្មី លោក សេក ឈីង អះអាង​ថា ពី​មុន​គាត់​រស់នៅ​ស្រុក​ឧដុង្គ ឥឡូវ​គាត់​មក​រស់នៅ​ឃុំ​នេះ​ដោយ​ដី​នៅ​តំបន់​នេះ​ទំនេរ​ចោល​ច្រើន​រយ​ហិកតារ​និង​សំបូរ​ព្រៃ​ឈើ​អាច​ធ្វើ​ក្តារ​សង់​ផ្ទះ​បាន។

លោក សេក ឈីង បន្ត​ថា​រស់នៅ​តំបន់​ថ្មី​នេះ​លើ​ដី​ក្បាល​៣០​ម៉ែត្រ​បណ្តោយ​១៤០​ម៉ែត្រ គាត់​បាន​សុំ​ចែក​ដី​ពី​មេ​ភូមិ​ពោធិ៍មាស ឈ្មោះ ភោគ ជុំ ដោយ​ជូន​សគុណ​ថវិកា​២០​ម៉ឺន​រៀល។ គាត់​ទើប​តែ​ដឹង​ថា ដី​ព្រៃ​ទំនេរ​នេះ​ជា​របស់​សហគមន៍​ស្រែពស់ ឃុំ​ត្រពាំងជោរ។ លោក​ថា​ប្រសិនបើ​ប្រជាសហគមន៍​ចង់​បាន​ដី​ពី​គាត់​វិញ​ត្រូវ​តវ៉ា​នៅ​តុលាការ​កុំ​ប្រើ​ហិង្សា។

លោក សេក ឈីង បាន​ឲ្យ​ដឹង​ថា ៖ «ភោគ ជុំ ហ្នឹង ដល់​ពេល​នេះ​ទៅ​មក​ចែក ខ្ញុំ​ឯណេះ​ក៏​មិន​មែន​ថា​អត់​សគុណ​ឲ្យ​គាត់​ដែរ យើង​បាន​សគុណ​ជូន​គេ​ដែល​គេ​ខំ​កាប់​គាស់ ២០​ម៉ឺន​រៀល»

នៅ​ពី​មុខ​រោង​ខ្ពស់​ពី​ដី​ក្នុង​ព្រៃ​របស់​សហគមន៍ បុរស​ឈ្មោះ ឃីម មក​ពី​ភូមិ​ក្រវៀក ឃុំ​យាអង្គ ស្រុក​ថ្ពង អះអាង​ថា​ការធ្វើ​ស្រែ​នៅ​ឃុំ​យាអង្គ​បាន​ចប់​រួចរាល់ ក្រោយ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០០៨ គាត់​មក​សង់​រោង​ក្នុង​ព្រៃ​ដែល​ទំនេរ​នេះ​ដើម្បី​កាប់​ឧស​ការ៉េ​និង​កាប់​ឈើ​ធ្វើ​បង្គោល​របង​លក់។ គាត់​មិន​ដឹង​ជា​ដី​របស់​សហគមន៍​ទេ។

លោក ឃីម បាន​មាន​ប្រសាសន៍​ថា ៖ «ម្ចាស់​ស្រែ​គេ​នេះ សុំ​គេ​នៅ​មាត់​ស្រែ​ហ្នឹង​ទៅ។ រក​កាប់​ឧស​ការ៉េ​ឧស​អី​គេ បង្គោល​របង​បង្គោល​អី។ នេះ​ឧស​គ្រាក់ ១​ដើម ២​ពាន់ បាន​គ្រាន់តែ​ចិញ្ចឹម​គ្រួសារ​បន្តិច​បន្តួច»

ច្រើន​គ្រួសារ​ទៀត​ទើប​សង់​លំនៅ​ថ្មីៗ​ក្នុង​ដី​ព្រៃ​សហគមន៍​ដែល​វិទ្យុ​អាស៊ីសេរី​បាន​ជួប​សុទ្ធតែ​អះអាង​ថា​បាន​សុំ​ចែក​ដី​ពី​មេ​ភូមិ​ពោធិ៍មាស ឈ្មោះ ភោគ ជុំ។

ចំណែក​មេ​ភូមិ​ពោធិ៍មាស លោក ភោគ ជុំ មិន​បដិសេធ​នូវ​អ្វី​ដែល​ប្រជាជន​ចំណូល​ថ្មី​អះអាង​ថា​បាន​សុំ​ចែក​ដី​រស់នៅ​ពី​គាត់​នោះ​ទេ។ លោក ភោគ ជុំ ឲ្យ​ដឹង​ថា គាត់​ក៏​ជា​អ្នក​ចូលរួម​ការពារ​ព្រៃ​នេះ​តាំង​ពី​យូរ​មក​ហើយ​ដែរ ព្រៃ​បាន​ការពារ​មាន​ទំហំ​២៤០០​ហិកតា​ជាង។ ដល់​ថ្ងៃ​ប្រកាស​ឲ្យ​អ្នកស្រុក​ជួយ​ការពារ​ព្រៃ​ដោយ​ក្រសួង​និង​មន្ទីរ​បរិស្ថាន​បែរ​ជា​ឲ្យ​កាន់កាប់​ដី​តែ​៤០០​ហិកតា​វិញ។ គាត់​ឃើញ​ថា ដី​សល់​ច្រើន​ហិកតារ​ទើប​គាត់​ចែក​ឲ្យ​គេ​ឯង​រស់នៅ​មិន​បាន​ប្រាប់​សហគមន៍​ឲ្យ​ដឹង​ឮ។

លោក ភោគ ជុំ បាន​មាន​ប្រសាសន៍​ថា ៖ «ទទួល​ស្គាល់ ពី​មុន​គាត់​នៅ​នេះ​ទេ ខ្ញុំ​អត់​មាន​អនុញ្ញាត​រឿង​ហ្នឹង​ទេ គាត់​នៅ​ដោយ​ចិត្ត​គាត់​ទេ។ គាត់​នៅ​តាកែវ​មែន ក៏ប៉ុន្តែ​គាត់​មាន​លិខិត​ផ្លាស់ប្ដូរ​អនុញ្ញាត​ពី​ឃុំ​របស់​គាត់​ត្រឹមត្រូវ​ដែរ។ ខ្ញុំ​មិន​អនុញ្ញាត​ទេ គាត់​ទៅ​នៅ​ខ្លួន​គាត់​ចំនួន​២​គ្រួសារ»

មន្រ្តី​បរិស្ថាន​និង​អាជ្ញាធរ​ឃុំ​មិន​អាច​បំភ្លឺ​រឿង​នេះ​បាន​ទេ។ ចំណែក​អភិបាល​ខេត្ត​កំពង់ស្ពឺ លោក កង ហ៊ាន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​បាន​ចាត់​កម្លាំង​ចុះ​ឃ្លាំមើល​រឿង​នោះ​មិន​បណ្តោយ​ឲ្យ​មាន​ការវាត​យក​ដី​ព្រៃ​រដ្ឋ​អនាធិបតេយ្យ​ទេ។

លោក កង ហ៊ាន បាន​មាន​ប្រសាសន៍​ថា ៖ «តាម​ច្បាប់​ព្រៃ ភ្នំ​ឱរ៉ាល់ អ៊ីចឹង​គេ​នឹង​ចាត់ការ​ទៅ​តាម​ច្បាប់​ហើយ ហើយ​បើ​កាលណា​និយាយ​មិន​ស្ដាប់​ទេ អា​ហ្នឹង​យើង​អនុវត្ត​ទៅ​តាម វិធានការ​ច្បាប់»

មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក រ័ត្ន ថាវី ចុះ​ស៊ើបអង្កេត​រឿង​ជម្លោះ​ទន្រ្ទាន​ដី​ព្រៃ​នៅ​សហគមន៍​តំបន់​ស្រែពស់​សំណូមពរ​ឲ្យ​អាជ្ញាធរ​គួរតែ​ប្រញាប់​ដោះស្រាយ​ខណៈ​រឿង​ហេតុ​មិន​ទាន់​ឈាន​ទៅ​រក​អំពើ​ហិង្សា៕