ពលរដ្ឋ​ខេត្ត​កំពត​ស្នើ​អាជ្ញាធរ​ទប់ស្កាត់​ទូក​នេសាទ​វៀតណាម

ពលរដ្ឋ​មាន​លំនៅឋាន​តាម​ខេត្ត​ជាប់​មាត់​សមុទ្រ បាន​លើក​ឡើង​ពី​ផល​វិបាក​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ ដោយ​សារ​មាន​ជាតិ​សាសន៍​ដទៃ​ចូល​មក​ដណ្ដើម​ទីផ្សារ​ការងារ​ដោយ​ខុស​ច្បាប់ ក្នុង​ប្រទេស​កម្ពុជា យ៉ាង​អនាធិបតេយ្យ។
ដោយ ដែន អយុធ្យា
2012-09-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទូក​នេសាទ​សមុទ្រ ៣០៥
៨-កញ្ញា-២០១២៖ ទូក​នេសាទ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​របស់​ជនជាតិ​ថៃ ចូល​ចត​ក្នុង​ដែន​សមុទ្រ​កម្ពុជា ក្នុង​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ។
RFA/Den Ayuthea

ពលរដ្ឋ​រស់នៅ​ឃុំ​ត្រើយកោះ ក្រុង​កំពត ខេត្ត​កំពត ចំនួន​៩០%​ក្នុង​ចំណោម​ពលរដ្ឋ​ជាង​៥០០​គ្រួសារ មាន​របរ​ជា​អ្នក​នេសាទ​សមុទ្រ បាន​អះអាង​ដូចៗ​គ្នា​ថា ការ​ធ្វើ​របរ​នេសាទ​របស់​គាត់ ត្រូវ​គំរាម​កំហែង​ដោយ​ទូក​គូ ឬ​ទូក​ឆក់​របស់​អ្នក​នេសាទ​ជនជាតិ​វៀតណាម ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ដែន​សមុទ្រ​ខ្មែរ។

បុរស​អ្នក​នេសាទ​ឈ្មោះ សេន សារី រស់នៅ​សង្កាត់​ត្រើយកោះ ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា ទូក​នេសាទ​ជនជាតិ​វៀតណាម ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​រាប់​សិប​គ្រឿង បាន​ឆ្លង​ចូល​ដែន​សមុទ្រ​ខ្មែរ ក្នុង​ខេត្ត​កំពត រាល់​រាត្រី។ លោក​ថា របរ​ធ្វើ​នេសាទ​សមុទ្រ​របស់​ពួក​គាត់​មិន​អាច​រក​ត្រី បង្កង ក្ដាម ឬ​បង្គា ដើម្បី​លក់​ចិញ្ចឹម​ជីវិត​ដូច​ពេល​មុន​ទៀត​ទេ ព្រោះ​សព្វថ្ងៃ​នេះ មាន​ទូក​គូ ឬ​មាន​កម្លាំង​ម៉ាស៊ីន​ធំៗ និង​ទូក​ឆក់​ជនជាតិ​វៀតណាម ចូល​មក​ចាប់​ត្រី និង​ផល​សមុទ្រ​ខ្មែរ​យ៉ាង​អនាធិបតេយ្យ និង​គ្មាន​ការ​ទប់ស្កាត់​ពី​សមត្ថកិច្ច​ទេ។

លោក សេន សារី៖ «នៅ​ពី​ខាង​លិច​កោះ​ត្រងោល ឬ​កោះ​ការាំង ទូក​គូ​ជនជាតិ​វៀតណាម វា​អូស​មក​ដល់​មាត់​ព្រែក​កំពត។ ខ្ញុំ​ធ្លាប់​ទូរស័ព្ទ​ប្រាប់​ជលផល​ខេត្ត ឲ្យ​គេ​ជួយ​ទប់ស្កាត់ ដើម្បី​ឲ្យ​ប្រជាជន​ក្នុង​ភូមិ​ងាយ​ស្រួល​ក្នុង​របរ​ធ្វើ​នេសាទ យក​មក​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ។ តែ​ដល់​ពេល​ប្រាប់​ជលផល ជួន​កាល​ជលផល​ថា ពេល​គេ​ចេញ​ល្បាត​អត់​ឃើញ និង​ពេល​ខ្លះ​គេ​ថា ខ្វះ​កម្លាំង​ចុះ​ល្បាត​ជាដើម»

ប្រជាពលរដ្ឋ​បាន​ចោទ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ខេត្ត​កំពត មាន​មន្ត្រី​ជលផល និង​មន្ត្រី​យោធា​ការពារ​ព្រំដែន​សមុទ្រ​ជាដើម ជា​អ្នក​បើក​ដៃ​ឲ្យ​ឈ្មួញ​នេសាទ​វៀតណាម ចូល​មក​នេសាទ​ក្នុង​ដែន​សមុទ្រ​ខ្មែរ ជា​ថ្នូរ​បាន​ប្រាក់​សំណូក ទើប​គ្មាន​​វិធានការ​បង្ក្រាប។

លោក​បន្ត​ថា សកម្មភាព​ទូក​នេសាទ​វៀតណាម ចូល​មក​រំលោភ​ក្នុង​ដែន​សមុទ្រ​ខ្មែរ លោក​ធ្លាប់​បាន​ផ្ដល់​ព័ត៌មាន​ជូន​សមត្ថកិច្ច​ជំនាញ​ជា​ប្រចាំ ប៉ុន្តែ​សមត្ថកិច្ច​ទាំង​នោះ​មិន​បាន​ទប់ស្កាត់​ទេ ដោយ​ថ្លែង​ថា គ្មាន​កម្លាំង​គ្រប់គ្រាន់ ឬ​ក៏​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​មិន​ជួប​ទូក​នេសាទ​វៀតណាម ជាដើម។

ស្ត្រី​វ័យ​ចំណាស់ ឈ្មោះ កែវ សូម រស់នៅ​ភូមិ​ដូន​តោក សង្កាត់​ត្រើយកោះ ក្រុង​កំពត ដែល​មាន​ស្វាមី និង​កូនៗ​ប្រកប​របរ​នេសាទ​សមុទ្រ​តាំង​ពី​ដូនតា​មក​នោះ លោកស្រី​ក៏​បាន​រៀបរាប់​ពី​ផល​វិបាក​បណ្ដាល​មក​ពី​ទូក​នេសាទ​ជនជាតិ​វៀតណាម ចូល​មក​នេសាទ​ក្នុង​ដែន​សមុទ្រ​ខ្មែរ​នេះ​ដែរ។

លោកស្រី​ឲ្យ​ដឹង​ថា ទូក​នេសាទ​វៀតណាម មិន​ខ្លាច​រអែង​សមត្ថកិច្ច​កម្ពុជា ទេ និង​បន្ត​ចូល​នេសាទ​ ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ក្នុង​សមុទ្រ​ខ្មែរ​រាល់​រាត្រី៖ «កាល​ពី​យប់​ថ្ងៃ​សុក្រ ទូក​វៀតណាម អូស​គូ​ហ្នឹង​អូស​ចូលៗ ហើយ​កាត់​ផ្ដាច់​មង​ខ្ញុំ រួច​អូស​ទូក​ខ្ញុំ​ទៅ​ដល់​ជិត​ប្រទេស​វៀតណាម។ ទាល់​តែ​ខ្ញុំ​ស្រែក​ឲ្យ​គេ​ជួយ ទើប​ទូក​នេសាទ​វៀតណាម ឈប់ និង​បាន​សម្លុត​គំរាម​កំហែង​ពួក​ខ្ញុំ។ ដល់​ពេល​យើង​មក​ប្ដឹង​រដ្ឋ​អំណាច ដូចជា ជលផល ឬ​ខាង​ជើង​ទឹក គេ​ដោះស្រាយ​ឲ្យ​ដែរ តែ​ដោះ​ហើយ​ស្ងាត់ៗ មិន​មាន​ឃើញ​ផល​ប្រយោជន៍ ឬ​បាន​កាន់​ជើង​យើង​បន្តិច គឺ​អត់​សោះ»

ស្ត្រី​រូប​នេះ​មាន​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​សមត្ថកិច្ច​ខ្មែរ​មិន​ហ៊ាន​បង្ក្រាប​ទូក​នេសាទ​វៀតណាម ដែល​រំលោភ​ចូល​ក្នុង​ដែន​សមុទ្រ​របស់​ខ្លួន ឬ​មួយ​ក៏​សមត្ថកិច្ច​ទាំង​នោះ ត្រូវ​ដង​ត្រូវ​ផ្លែ​ជាមួយ​ឈ្មួញ​នេសាទ​វៀតណាម ទើប​បទល្មើស​នេសាទ​បន្ត​កើត​មាន។

ផ្ដើម​ពី​ភាព​អនាធិបតេយ្យ​នេះ ស្ត្រី​អ្នក​នេសាទ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល ឆាប់​វាស់​កំណត់​ព្រំដែន​សមុទ្រ​ជាមួយ​ប្រទេស​វៀតណាម ឲ្យ​បាន​ឆាប់ ដើម្បី​ទប់ស្កាត់​ការ​រំលោភ​ដែន​សមុទ្រ​ពី​ប្រទេស​ជិត​ខាង ចូល​ក្នុង​សមុទ្រ​កម្ពុជា នា​ថ្ងៃ​អនាគត។

រដ្ឋាភិបាល​មាន​ផែនការ​បោះ​កំណត់​ព្រំដែន​គោក​ជាមួយ​ប្រទេស​វៀតណាម ឲ្យ​ចប់​ជា​ស្ថាពរ​ត្រឹម​ឆ្នាំ​២០១២។ បន្ទាប់​ពី​នោះ នឹង​ពិនិត្យ​លើ​ការ​កំណត់​ព្រំដែន​ទឹក​ជាមួយ​ប្រទេស​វៀតណាម ឬ​ព្រំដែន​គោក​ជាមួយ​ប្រទេស​ថៃ ជា​បន្ត​ទៀត។

ទោះ​ជា​បែប​នេះ​ក្ដី ប្រជាពលរដ្ឋ​ខ្លះ​ទៀត​បញ្ចេញ​ទស្សនៈ​ថា ការ​ដែល​រដ្ឋាភិបាល​មិន​ទាន់​កំណត់​ព្រំដែន​សមុទ្រ​ជាមួយ​ប្រទេស​ជិត​ខាង ឲ្យ​បាន​ច្បាស់​លាស់ អាច​ជា​ដើម​ហេតុ​នាំ​ឲ្យ​មាន​សកម្មភាព​រំលោភ​ដែន​សមុទ្រ ចូល​មក​ក្នុង​សមុទ្រ​កម្ពុជា។

ទោះ​ជា​បែប​នេះ​ក្ដី ប្រជា​នេសាទ​មួយ​ចំនួន​បាន​ថ្លែង​ថា ការ​ចូល​រំលោភ​ដែន​សមុទ្រ​កម្ពុជា ពី​សំណាក់​ប្រទេស​ជិត​ខាង មាន​វៀតណាម ឬ​ថៃ ជាដើម អាច​បណ្ដាល​មក​ពី​ភាព​កម្សោយ និង​អំពើ​ពុក​រលួយ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ខេត្ត​ជាប់​មាត់​សមុទ្រ​ទៅ​វិញ​ទេ។

អ្នក​នេសាទ​ម្នាក់​ទៀត លោក ហាត ការីម មាន​លំនៅឋាន​ក្នុង​ខេត្ត​កំពត បាន​រៀបរាប់​ពី​សកម្មភាព​ នៃ​បទល្មើស​នេសាទ​របស់​ជនជាតិ​វៀតណាម ចូល​មក​រំលោភ​ដែន​សមុទ្រ​កម្ពុជា បង្ក​ការ​លំបាក និង​គំរាម​កំហែង​ដល់​ប្រជា​នេសាទ​ខ្មែរ ដែល​ប្រើ​ឧបករណ៍​ស្រប​ច្បាប់ និង​មាន​កម្លាំង​ទូក​តូចៗ។

លោក ហាត ការីម៖ «ទូក​គូ​បើ​នៅ​ទន្លេ​គេ​ហៅ​អូស​អួន។ ទូក​ពីរ​វា​អូស​មង​មួយ តែ​មុខ​មង​ប្រហែល​ជា​២០០​ម៉ែត្រ ជម្រៅ​មង​ប្រហែល​ទឹក​១០​ម៉ែត្រ អណ្ដែត​កំសួល​ខាង​លើ​ផ្ទៃ​ទឹក គឺ​អូស​យក​ទាំង​ត្រី​តូច​ត្រី​ធំ បង្គា​តូច បង្គា​ធំ ក្ដាម ខ្ចង​តូច​ធំ គឺ​អូស​យក​ទាំង​អស់។ បញ្ហា​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក ព្រោះ​ថា​ការ​ធ្វើ​នេសាទ​ទូក​យើង​តូចៗ វា​អូស​យក​ទាំង​ទូក ឬ​មង ហើយ​ខ្លះ​ទៀត​កំពុង​តែ​លើក​មង​អូស​ដាច់​មង​ទៅ​តាម​ទូក​គូ​វា​អស់​ហើយ»

អ្នក​នេសាទ​រូប​នេះ​ស្ទើរ​អស់​ជំនឿ​លើ​សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត​កំពត ក្នុង​ការ​បង្ក្រាប​ទូក​នេសាទ​វៀតណាម ឆ្លង​ដែន​ចូល​ក្នុង​សមុទ្រ​ខ្មែរ ព្រោះ​ថា​កន្លង​មក ពួក​គាត់​ធ្លាប់​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត​ឲ្យ​មាន​វិធានការ​ទប់ស្កាត់ ប៉ុន្តែ​ជា​ការ​អត់​ប្រយោជន៍។

ក្រៅ​ពី​ចោទ​សមត្ថកិច្ច​ខេត្ត​កំពត​ថា ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​ទូក​នេសាទ​ឆ្លង​ដែន​វៀតណាម អ្នក​នេសាទ​ខ្មែរ​ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​កំណត់​ព្រំដែន​សមុទ្រ​ជាមួយ​ប្រទេស​ជិត​ខាង ឲ្យ​បាន​ឆាប់ ដើម្បី​កំណត់​អធិបតេយ្យ​ដែន​សមុទ្រ​កម្ពុជា ឲ្យ​បាន​ច្បាស់​លាស់។

ទោះ​យ៉ាង​ណា មន្ត្រី​ជលផល​ខេត្ត​កំពត មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​ដែល​ថា មាន​ទូក​នេសាទ​វៀតណាម ចូល​មក​នេសាទ​ក្នុង​ឆ្លង​ដែន​សមុទ្រ​កម្ពុជា នេះ​ទេ។ ប៉ុន្តែ មន្ត្រី​ខេត្ត​កំពត មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​ឲ្យ​ដឹង​ថា សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​ឆ្លង​ដែន​របស់​មន្ត្រី​ជលផល​ខេត្ត​កន្លង​មក បាន​បណ្ដាល​ឲ្យ​មន្ត្រី​ជលផល​ស្លាប់​បាត់​បង់​ជីវិត​មិន​តិច​ជាង​២នាក់​ទេ។ មន្ត្រី​រូប​នេះ​ទទួល​ស្គាល់​ថា ពិត​ជា​មាន​បទល្មើស​ទូក​នេសាទ​ជនជាតិ​វៀតណាម ប្រើ​ឧបករណ៍​ល្មើស​ច្បាប់​ចូល​នេសាទ ក្នុង​ដែន​សមុទ្រ​កម្ពុជា រាល់​រាត្រី​ដូច​ប្រជា​នេសាទ​ខ្មែរ​អះអាង​ពិត​មែន។

ក្រៅ​ពី​ខេត្ត​កំពត នៅ​ខេត្ត​ព្រះសីហនុ ក៏​មាន​ទូក​នេសាទ​បរទេស​ចូល​មក​ចាប់​ត្រី ក្នុង​ដែន​សមុទ្រ​ខ្មែរ​ដែរ។

លោក ហោ ហេង រស់នៅ​សង្កាត់​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ មាន​របរ​ជា​អ្នក​នេសាទ​ជិត​៣០ឆ្នាំ​លើ​ផ្ទៃ​សមុទ្រ ក៏​បាន​អះអាង​ថា សព្វថ្ងៃ​នេះ​ឃើញ​មាន​ទូក​នេសាទ​ជនជាតិ​ថៃ ប្រើ​ឧបករណ៍​ខុស​ច្បាប់ បាន​ចូល​មក​នេសាទ​ក្នុង​ដែន​សមុទ្រ​ខ្មែរ​នៅ​ខេត្ត​ព្រះសីហនុ។

លោក​ថា ទូក​នេសាទ​ថៃ ចូល​នេសាទ​ក្នុង​ដែន​សមុទ្រ​ខ្មែរ បាន​ប្រើ​ឧបករណ៍​ចាប់​ត្រី ដែល​ច្បាប់​កម្ពុជា ហាម​ឃាត់ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​បង្ក្រាប ឬ​ហាម​ឃាត់​ទេ។

លោក ហោ ហេង៖ «ទូក​ពីរ​កំពុង​ចត​ក្នុង​សមុទ្រ​ហ្នឹង ជា​របស់​ថៃ។ ទូក​ហ្នឹង​វា​បើក​ភ្លើង រួច​ហើយ​យក​អួន​ព័ទ្ធ​ចាប់ ឬ​វាង​យក​តែ​ម្ដង។ តែ​បើ​វា​បើក​ភ្លើង ត្រី​មក​លេង​ភ្លើង​នៅ​ពេល​ម៉ោង​៦ល្ងាច វា​រត់​ពី​កោះ​ ទៅ​ក្រៅ​បើក​ភ្លើង​ហើយ។ នៅ​ខ្មែរ​យើង អត់​មាន​អ្នក​ការពារ​ព្រំដែន​ទឹក​ថា ចម្ងាយ​ពី​កោះ​ប៉ុន្មាន​គីឡូម៉ែត្រ​ឲ្យ​វាង ឬ​នេសាទ​នោះ​ទេ។ តែ​បើ​នៅ​ប្រទេស​គេៗ​កំណត់ បើ​៥ម៉ាយ​ពី​កោះ គឺ​៥ម៉ាយ​ពី​កោះ។ បើ​មក​ដែន​សមុទ្រ​ខ្មែរ​រាល់​ថ្ងៃ​នេះ អត់​មាន​អ្នក​ការពារ​ព្រំដែន​ទឹក​មើល​ការ​ខុស​ត្រូវ​សមុទ្រ​ទេ។ ទោះ​ទូក​នេសាទ​ជនជាតិ​ដទៃ​មក​នេសាទ​ក្បែរ​កោះ ក៏​មិន​ហ៊ាន​ធ្វើ​អី​គេ​ដែរ»

លោក​ថ្លែង​ថា ទោះ​កម្ពុជា​មាន​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ ដាក់​ពង្រាយ​តាម​ប្រជុំ​កោះ​មួយ​ចំនួន ដើម្បី​ការពារ​បូរណភាព​ដែន​សមុទ្រ​ក្ដី ក៏​ប៉ុន្តែ​បទល្មើស​ទូក​នេសាទ​ពី​ប្រទេស​ជិត​ខាង​មាន​ថៃ និង​វៀតណាម ជាដើម បាន​បន្ត​រំលោភ​ចូល​មក​ដែន​សមុទ្រ​កម្ពុជា យ៉ាង​អនាធិបតេយ្យ។

អ្នក​នេសាទ​រូប​នេះ​មាន​ចម្ងល់​ថា តើ​ទូក​នេសាទ​វៀតណាម ឬ​ថៃ​ចូល​រំលោភ​មក​ក្នុង​ដែន​សមុទ្រ​កម្ពុជា ដោយ​សារ​តែ​កម្ពុជា​មិន​ទាន់​បាន​បោះ​កំណត់​ព្រំដែន​ទឹក​ត្រឹមត្រូវ ឬ​មួយ​ក៏​មាន​ការ​ឃុបឃិត​រវាង​សមត្ថកិច្ច​ជាមួយ​ឈ្មួញ​បរទេស ទើប​បទល្មើស​រំលោភ​ដែន​សមុទ្រ​អាច​ធ្វើ​សកម្មភាព​បាន។

ទោះ​យ៉ាង​ណា លោក សុខ នី ជា​ប្រជា​នេសាទ​នៅ​ខេត្ត​កំពត បាន​ថ្លែង​ថា ប្រជា​នេសាទ​ពួក​គាត់​មិន​ចង់​ឃើញ​បទល្មើស​នៃ​ទូក​នេសាទ​ប្រទេស​ជិត​ខាង ចូល​រំលោភ​ក្នុង​ដែន​សមុទ្រ​កម្ពុជា ទៀត​ទេ។ លោក​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល ជួយ​បោះ​កំណត់​ព្រំដែន​សមុទ្រ​ជាមួយ​ប្រទេស​ជិត​ខាង​ឲ្យ​បាន​ឆាប់ ដើម្បី​ទប់ស្កាត់​បទល្មើស​រំលោភ​ដែន​សមុទ្រ​ពី​ប្រទេស​ជិត​ខាង។

លោក សុខ នី៖ «បើ​សិន​រាជ​រដ្ឋាភិបាល​គាត់​បាន​បោះ​បង្គោល​ព្រំដែន​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​យល់​ថា កន្លែង​ណា​ព្រំដែន​វៀតណាម និង​កន្លែង​ណា​ព្រំដែន​ខ្មែរ ប្រជាពលរដ្ឋ​ខ្មែរ​អរ​ណាស់។ ព្រោះ​ថា យើង​ដឹង​ទីតាំង យើង​អាច​ចូល​នេសាទ​បាន យើង​ចូល ឬ​កន្លែង​ណា​យើង​មិន​អាច​ចូល​បាន គឺ​យើង​មិន​ចូល​ទេ។ តែ​ដល់​ពេល​យើង​ឡើង​ទៅ​ដល់​ចៅហ្វាយ​ខេត្ត គាត់​បែរ​ជា​និយាយ​ថា ដែន​នេសាទ​នៅ​ខេត្ត​កំពត នេះ​គឺ​តូច​ណាស់ គឺ​ងាយ​ទៅ​ឃើញ ហើយ​មិន​អាច​កំណត់​ព្រំដែន​បាន​ទេ។ យើង​ចេញ​ចូល​ទៅ​គេ គេ​ចូល​មក​យើង»

យ៉ាង​ណា​ក៏ដោយ លោក ហ៊ីង សុធារ៉ា នាយ​សេនាធិការ​ជើង​ទឹក ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ទូក​នេសាទ​ចូល​មក​នេសាទ​ក្នុង​ដែន​សមុទ្រ​ខ្មែរ​ពិត​មែន ប៉ុន្តែ​ទូក​ទាំង​នោះ​មាន​ច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ៖ «ទូក​ថៃ ចូល​មក​ដែន​សមុទ្រ​កម្ពុជា គេ​សុទ្ធ​តែ​មាន​អាជ្ញាប័ណ្ណ​ពី​គណៈកម្មការ​របស់​ខេត្ត គឺ​គេ​មាន​ជា​ក្រដាស​ស្នាម​ឲ្យ​គេ​ចូល​បាន​គេ​ចូល។ ព្រោះ​ទូក​ពួក​នេះ មិន​មែន​ចូល​អត់​ច្បាប់​ទេ បើ​ចូល​អត់​ច្បាប់​ធ្ងន់។ ដូច្នេះ មាន​ការ​ឯកភាព​ពី​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​កោះកុង។ មាន​ចូល​មែន​ទូក​នេសាទ​ថៃ ក្នុង​ដែន​សមុទ្រ​កម្ពុជា ប៉ុន្តែ​វា​ចូល​នៅ​ក្រៅ គឺ​មិន​ចូល​ក្នុង​ខ្សែ​ទឹក​ខាង​ក្នុង​ទេ ព្រោះ​ទូក​នេសាទ​ថៃ មាន​ទំហំ​ធំៗ»

យ៉ាង​នេះ​ក្ដី ប្រជា​នេសាទ​ខ្មែរ​បាន​ប្រតិកម្ម​ថា សមត្ថកិច្ច​មិន​គួរ​អនុញ្ញាត​ឲ្យ​ទូក​នេសាទ​ប្រទេស​ជិត​ខាង មាន​ថៃ និង​វៀតណាម ជាដើម ប្រើ​ឧបករណ៍​ល្មើស​ច្បាប់ ដែល​ច្បាប់​កម្ពុជា​ហាម​ឃាត់​នោះ​ទេ។ លោក​ថា សកម្មភាព​ប្រើ​ឧបករណ៍​ល្មើស​ច្បាប់​ពី​ប្រទេស​ជិត​ខាង​ក្នុង​ដែន​សមុទ្រ​កម្ពុជា នឹង​អាច​នាំ​ឲ្យ​បាត់​បង់​ធនធាន​សមុទ្រ​នា​ថ្ងៃ​អនាគត បើ​បទល្មើស​បន្ត​កើត​មាន និង​គ្មាន​ការ​ទប់ស្កាត់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី Washington, USA

Where is our Khmer Navy? Please help protecing our maritime territory and resources.

Sep 14, 2012 08:41 AM

badboy

ពី នារាយណ័

មហិចតាយួនមិនចេះស្កប់ទេ បើមេដឹកនាំខ្មែរនៅល្ងង់ ល្មមអំនាចនិងអស់ហើយ​មើលប្រវត្តិសាស្រ្តទៅ តាំងពីធំដល់រូមតូចមួយ។

Sep 14, 2012 01:38 AM

អ្នក​អាន​អនាមិក

Who dare to stop? VN killed to hydro production officers in the past,nothing happened. Oh! Khmer achharyak.

Sep 13, 2012 11:43 PM

អ្នក​អាន​អនាមិក

My response to your comment is that If Pen Sovann becomes prime minister he will sulrely clear and clean this illegal VN fishing boats. Because he who knows well VN ambition to annex the rest of Cambodia's territory as put fowarded by Ho Chi Minh's ghost even though it can be materialized in a 1000 years to come.

Sep 14, 2012 11:54 PM

NICO

ពី KHMER PARIS FRANCE

WE COULD STATED THAT KHMER PEOPLE ARE SMART THAT KHMER OFFICIAL WHO'S ONLY FOR POWER AND CORRUPTION AND NO CONSCIENCIOUS ABOT OUR INTEGRITY TERRITORIAL.

Sep 13, 2012 07:59 AM

nico

ពី khmer paris france

THIS COULD HAPPEN CAUSE HUN SEN GOVERMENT SURRENDER TO YOUN, IN THE OLD TIME NO OTHER NATIONS COULD DO THIS ACTION WITHOUT OUR POLICE ARREST THEM.IN 1974 I SAW OUR NATIONAL POLICE ARRESTED EACH TIME ALMOST DOUZAINE SIEM'S FISHERS IN OUR SEA AREAS

Sep 13, 2012 07:55 AM

មើល​មតិ​ទាំង​អស់.