ប្រធានសហគមន៍ការពារធនធានធម្មជាតិឃុំអូរជ្រៅ និងជាអនុប្រធានភូមិស្រែចាមលើ លោក លឿង ប៊ុន្នី បានថ្លែងថា ប្រជាពលរដ្ឋមានការគាំទ្រពីអាជ្ញាធរឃុំគ្រោងនឹងធ្វើលិខិតសុំអន្តរាគមន៍មួយឲ្យបញ្ឈប់បទល្មើសនេសាទពីសំណាក់ជនវៀតណាម និងអ្នកមានធនធានដែលកំពុងចូលនេសាទដោយប្រើឧបករណ៍ខុសច្បាប់អនាធិបតេយ្យហាក់ពុំមានការអើពើឡើយ។
លោកបន្តថា បញ្ហានេះបាននាំឲ្យពលរដ្ឋខ្លះបាត់បង់មុខរបរនាំគ្នាចំណាកស្រុកទៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ជាដើម ៖ «នៅភូមិកោះខ្យង ទៅដល់ឃើញហើយ ទ្រង់ទ្រាយវាពេញទាំងអស់ ហើយមិនមែនអ្នកតូចតាចធ្វើបានទេ ព្រោះឧបករណ៍ល្មើសវាមានទូកឌុន ឈឹបយន្តហ្នឹងណា រុញដោយម៉ាស៊ីន វារុញតែមានជម្រៅទឹកមួយម៉ែត្រជាង ២ម៉ែត្រហ្នឹង ហើយប្រជាពលរដ្ឋយើងរាវតែគ្រែង រាវតែបង្គា វាបាត់បង់មុខរបរហ្នឹង។ បទល្មើសចេះតែកើនឡើង ហើយខាងជំនាញជលផលមិនដឹងយ៉ាងម៉េចដែរ ពាក្យបណ្ដឹងដាក់ញឹកញាប់ដែរ ហើយប្រជាពលរដ្ឋប្ដឹងផងអីផង ការប្រជុំ ប្រជុំវាច្រើនពេក ហើយអត់ឃើញបានលទ្ធផលអីសោះ វានៅតែកើនឡើង»។
ពលរដ្ឋម្នាក់ទៀតនៅតំបន់កោះខ្យងបានត្អូញត្អែរអំពីផលលំបាកក្នុងការប្រកបរបរនេសាទដោយសារតែមានបទល្មើស និងគ្មានការទប់ស្កាត់ទាន់ពេល។ លោកបានសំណូមពរឲ្យមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការចំពោះបញ្ហានេះ ៖ «ខ្ញុំអង្វរឲ្យគាត់ដកទៅ ចែកប្រឡោះដែនសមុទ្ទឲ្យរកផង។ ពីមុនមកដើររើសតែមាត់គ្រែង ក៏រែកអត់រួចដែរ ប៉ុន្តែឥឡូវវារកអត់បាន វាក្រខ្សត់ពេក។ ទី១ ទូករុញ ទី២ ទូកអូស ទី៣ អាទូកដាក់កាវគ្រែង អាហ្នឹងវាប៉ះពាល់ដល់បរិស្ថាន ដល់ប្រជាពលរដ្ឋយើងច្រើនណាស់។ កម្លាំងរបស់យើងដៃម្រាម ៥ ហើយគេប្រើយានយន្តអូស។ ខ្ញុំសូមអង្វរខាងបរិស្ថាន ជលផល គាត់ជាកងកម្លាំងហ្នឹង គាត់បង្ក្រាបជនល្មើសនោះឲ្យអស់ មានវៀតណាម ថៃ ខ្មែរគ្នាយើងហ្នឹង ជួនកាលវាមានមន្ត្រីរាជការពុករលួយហ្នឹងមួយចំនួនគាត់ទៅដែរ»។
មេឃុំអូរជ្រៅ លោក យន់ ឆេង បានទទួលស្គាល់ថា បច្ចុប្បន្នមានទូកឌុនដែលជាប្រភេទទូកម្យ៉ាងដែលច្បាប់ជលផលបានហាមឃាត់ប្រមាណជា ៣០ ទៅ ៤០ទូក កំពុងបន្តធ្វើសកម្មភាពនៅតំបន់កោះខ្យង ៖ «ខ្ញុំក៏បានប្រជុំផ្សព្វផ្សាយឲ្យប្រជានេសាទអ្នកដែលល្មើសនោះ គាត់ផ្លាស់ប្ដូរមុខរបរ ដូចអ្នកនេសាទដទៃទៅ តែគាត់នៅតែត្អូញត្អែរថា គាត់ជំពាក់លុយគេ អ៊ីចឹងហើយការផ្លាស់ប្ដូរមុខរបរនេះវាអស់លុយច្រើន បើថា ទូកឌុននេសាទនោះ កាត់មងទូកឌុន មានដងមានអី រៀបចំសម្ភារៈ ជាសម្ភារៈទូកឌុន ហើយបើកែច្នៃយកមកវាយមងបង្គាវិញ គឺថា វាពិបាក អ៊ីចឹងអាសម្ភារៈនោះវាកាត់ចោលទាំងអស់ យើងត្រូវទិញមងថ្មី ត្រូវសារ៉េទូកថ្មីទៀត តាំងពីទូកនៅតិចរហូតដល់ទូកច្រើននោះ មកទល់ពេលនេះគាត់នៅធ្វើវិញដដែល»។
លោក គឹម អាន នាយផ្នែករដ្ឋបាលជលផលស្រុកព្រៃនប់ បានបិទទូរស័ព្ទមិនឆ្លើយតបជាមួយអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីឡើយ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១១។
ប៉ុន្តែអភិបាលស្រុកព្រៃនប់ លោក ទិដ្ឋ វុទ្ធី មានប្រសាសន៍ថា លោកកំពុងរង់ចាំរបាយការណ៍ពីអាជ្ញាធរឃុំ និងរដ្ឋបាលជលផល ពីបញ្ហាបទល្មើសនេសាទនេះ ហើយបើមានការសុំស្នើឲ្យជួយអន្តរាគមន៍នោះលោកនិងពិនិត្យមើល ៖ «ព្រោះឥឡូវយើងកំពុងតែការពារធនធានធម្មជាតិដូចតែគ្នា អាហ្នឹងជាទិសដៅរបស់រដ្ឋាភិបាល តែកាលណាល្មើសនឹងជលផល យើងត្រូវតែមានការទប់ស្កាត់ហើយ»។
ប្រភពពីសហគមន៍នេសាទឲ្យដឹងថា កាលពីឆ្នាំ២០១០ កន្លងទៅ ប្រជាសហគមន៍នៅតំបន់កោះខ្យងជាង ១៣០នាក់ បាននាំគ្នាផ្ដិតស្នាមមេដៃដាក់ពាក្យបណ្ដឹងទៅទីស្ដីការគណៈរដ្ឋមន្ត្រី ទៅក្រសួងមហាផ្ទៃ និងនាយកដ្ឋានជលផល ដើម្បីសុំឲ្យជួយអន្តរាគមន៍ចំពោះបញ្ហាបទល្មើសនេសាទអានាធិបតេយ្យនេះម្ដងរួចមកហើយ ក៏ប៉ុន្តែពុំទទួលបានលទ្ធផលនោះទេ៕