ក្រុមអ្នកភូមិដែលរងផលប៉ះពាល់ បាននាំគ្នាធ្វើពាក្យបណ្ដឹងដាក់ជូនរដ្ឋបាលជលផល និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។
លោក ម៉ឹង នី ជាតំណាងប្រជាពលរដ្ឋនៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង បានថ្លែងថា បទល្មើសនេសាទស្បៃមងក្រឡាល្អិត (ណរ៉ាវ) កំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រឃុំកំពង់ព្រៀង នៅឆ្នាំ២០១២ នេះ មានសន្ទុះកើនឡើងលើសពីឆ្នាំមុន៖ «ពួកខ្ញុំប្រជាពលរដ្ឋមិនដឹងថាធ្វើម៉េចជួយការពាររបៀបណា ធ្វើម៉េចឲ្យអស់បទល្មើសហ្នឹងពីភូមិឃុំ ដើម្បីឲ្យត្រីវាធ្វើចរាចរបានស្រួល មានណរ៉ាវហ្នឹង មួយគីឡូមាន៨០០ម៉ែត្រ វាតជាប់គ្នាអ៊ីចឹងទៅ មួយគ្រួសារអ៊ីចឹងមួយគីឡូ៨០០ម៉ែត្រ ខ្លះទៅក៏ពីរគីឡូតគ្នាជាប់ច្រើនណាស់ចាប់ពីមាត់បឹងទន្លេសាបមករហូត ច្រើនចាប់ពីបឹងតាប៉ង់ វាលត្រសក់ រហូតដល់វាលបែងថ្លាង»។
របាយការណ៍ស្ដីពីសកម្មភាពបទល្មើសនេសាទដាក់ទៅរដ្ឋបាលជលផលខេត្តបាត់ដំបង បញ្ជាក់ថា ទីតាំងដែលកំពុងកើតមាននៅក្នុងឃុំកំពង់ព្រៀង នោះ មានចំនួន១០កន្លែង ក្នុងនោះមាននៅចំណុចបឹងតាប៉ង់ វាលត្រសក់ បឹងអាស្ពាន បឹងអាកន្ទួត បឹងអាខ្ចៅ ខាងត្បូងបឹងអាជ្រឹង ដំណាក់ដំរី និងបីកន្លែងទៀត នៅចំណុចបឹងអាក្រោល។ នៅចំណុចទីតាំងបទល្មើសនីមួយៗមានស្បៃមងក្រឡាល្អិត វែងខ្លីជាច្រើនខ្សែ ត្រូវបានគេដាក់បង្កប់ក្នុងព្រៃ។
បទល្មើសនេសាទដែលមានទ្រង់ទ្រាយធំៗនេះ មាននៅក្នុងព្រៃលិចទឹក មានបរណរ៉ាវ កំពុងដាក់ចាប់ត្រី និងកន្លែងខ្លះទៀត កំពុងកាប់ឆ្ការព្រៃដើម្បីដាក់បរណរ៉ាវ។ អ្នកប្រព្រឹត្តិជាប្រជាពលរដ្ឋ ប៉ុន្តែមានមន្ត្រីខិលខូចនៅពីក្រោយ គឺកងកម្លាំងប្រដាប់អាវុធ។
លោក ហ៊ឹម វណ្ណណេង បានថ្លែងថា កិច្ចសហការរបស់មន្ត្រីជំនាញ និងអាជ្ញាធរចម្រុះ ពុំមានប្រសិទ្ធភាពទេ ដោយសារតែកងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធគិតលុយជាធំ៖ «មានការព្រួយបារម្ភច្រើន ព្រោះត្រីពីមួយឆ្នាំទៅមួយឆ្នាំ ចុះខ្សោយទៅៗ ហើយត្រីឥឡូវថ្លៃទៀត គ្រាន់តែត្រីក្រាញ់មួយគីឡូ ថ្លៃ១ម៉ឺនរៀល ហើយត្រីរ៉ស់១គីឡូ ១៥.០០០រៀល លើសសាច់ជ្រូកទៀត។ អ៊ីចឹងរយៈកាលកាន់តែយូរទៅ បទល្មើសនេសាទវាអត់ឈប់ឈរ បណ្ដាលឲ្យប្រជាពលរដ្ឋកាន់តែយ៉ាប់ឡើង។ ហើយប្រជាពលរដ្ឋ គាត់កន្លងមកធ្វើស្រែ ផុតពីរដូវស្រែគាត់ហ្នឹងរកត្រីដាក់មង ដាក់អី អាចពីមុនត្រីសម្បូរ ឥឡូវត្រីអស់ ប្រជាពលរដ្ឋសព្វថ្ងៃ ចង់បានឲ្យបទល្មើសអស់ សំខាន់បំផុតស្បៃណរ៉ាវ»។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងមន្ត្រីជលផល ដើម្បីសុំសេចក្ដីបញ្ជាក់ជុំវិញករណីបទល្មើសនេសាទមានការកើនឡើងនេះបានទេ។ ប៉ុន្តែ កន្លងទៅនេះក្រុមមន្ត្រីជលផល និងអាជ្ញាធរពាក់ព័ន្ធ បានលើកឡើងថា ការចុះធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទម្ដងៗ ពួកគេពុំមានថវិកាសម្រាប់ការចំណាយលើកមធ្យោបាយធ្វើដំណើរ និងការហូបចុកជាដើម ដូច្នេះហើយ ទើបមានមន្ត្រីខ្លះពាក់ព័ន្ធក្នុងរឿងលុយកាក់។
ប្រជាពលរដ្ឋរស់នៅជុំវិញបឹងទន្លេសាប មានប្រមាណ៦លាននាក់ ក្នុងនោះមានការប៉ាន់ប្រមាណថា មានមនុស្ស១លាននាក់ ជាអ្នករករបរនេសាទ។ ពួកគេបានលើកហេតុផលថា ទីតាំងភូមិសាស្ត្របទល្មើសមានភាពស្មុគស្មាញ ពិបាកបង្ក្រាប។ ម្យ៉ាងវិញទៀត កំណែទម្រង់ធនធានជលផលនេះ ជារឿងឆន្ទៈនយោបាយរបស់រដ្ឋាភិបាល។ ប៉ុន្តែប្រជាពលរដ្ឋឈ្មោះ យ៉ា សុភី រស់នៅខេត្តបាត់ដំបង បានថ្លែងថា មន្ត្រីស្ថាប័នពាក់ព័ន្ធមួយចំនួន មានជាប់ពាក់ព័ន្ធជាមួយអ្នកប្រព្រឹត្តិបទល្មើសនេសាទ៖ «ព្រោះបើយើងប្រើឧបករណ៍តូចតាច ចាប់ត្រីអត់បាន ហើយឧបករណ៍ដែលចាប់ត្រីបាន លុះត្រាណាតែខែប្រាំង ដូចថាទឹករាក់យើងចុះដល់ដី យើងរកបាន។ តែដោយឡែកពេលទឹកឡើងអញ្ចេះ ទន្លេវាធំ ខ្ញុំថាប្រជាជនគាត់ខុសត្រង់យើងឲ្យលុយទៅគេ ក៏ប៉ុន្តែខាងជំនាញក៏ខុសដែរ ព្រោះគាត់ទទួលលុយពីគេដែរ។ បើសិនគាត់ជាអ្នកគ្រប់គ្រងច្បាប់ គាត់មិនទទួលលុយគេ ក៏គេអត់ហ៊ានឲ្យគាត់ដែរ។ អ៊ីចឹងបានថា ប្រជាជនខុសមួយចំណែកតូច ដែលខុសធំខុសលើអ្នកជំនាញតែម្តង»។
លោក ស៊ុន តឹក ប្រធានសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តបាត់ដំបង សម្ដែងក្តីបារម្ភថា បទល្មើសនេសាទនៅតែកើតមាន ហើយការអនុវត្តច្បាប់នៅក្នុងរឿងបទល្មើសនេសាទនេះ ពុំមានប្រសិទ្ធភាព។ ក្រុមអង្គការសង្គមស៊ីវិល ទាមទារឲ្យគ្រប់គ្នាធ្វើតាមតួនាទី យកច្បាប់ជាធំ និងមានការទទួលខុសត្រូវ៖ «តួនាទីនៃស្ថាប័ននីមួយៗត្រូវយកចិត្តទុកដាក់តាមគោលនយោបាយ។ សហគមន៍ក៏ត្រូវប្រឹងប្រែងធ្វើការឲ្យបានម៉ត់ចត់ កុំឲ្យមានការឃុបឃិតជាមួយជនល្មើស។ កិច្ចការសំខាន់ គឺជលផល ហើយដែលត្រូវត្រួតពិនិត្យរាល់ថ្ងៃ។ គ្រាន់តែនៅឃុំកំពង់ព្រៀង មួយ យើងបានរបាយការណ៍ពីប្រជាពលរដ្ឋដែលរាយការណ៍មក គឺមានបទល្មើសនេសាទជាង១០កន្លែង។ អ៊ីចឹង យើងឃើញថាច្រើនណាស់ បើយើងបណ្ដោយឲ្យមានបទល្មើសនេសាទកាន់តែច្រើនឡើង វាប៉ះពាល់ដល់ពូជត្រី ដល់អនាគតអាចអត់ត្រី ប្រជាពលរដ្ឋអត់មានត្រីបរិភោគ»។
រដ្ឋាភិបាលបានប្រកាសលុបឡូត៍នេសាទពីវិស័យឯកជន ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនធនធានជលផលឲ្យមានភាពប្រសើរឡើង ដើម្បីជួយដល់កំណើនសេដ្ឋកិច្ច ប៉ុន្តែនៅពេលនេះ រដ្ឋាភិបាលទប់ស្កាត់បទល្មើសទាំងនេះពុំបានទេ។ ក្រុមមន្ត្រីអង្គការ សង្គមស៊ីវិល លើកឡើងថា បទល្មើសនេសាទនៅតែកើតមានដដែល។ កំណែទម្រង់ធនធានមច្ឆាជាតិនេះ ពុំមានប្រសិទ្ធភាពទេ នឹងអាចធ្វើឲ្យខូចគោលនយោបាយរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។