បទ​ល្មើស​នេសាទ​នៅ​ខេត្ត​កំពង់ឆ្នាំង

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ បាន​អំពាវនាវ​សុំ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​រួម​គ្នា​ទប់​ស្កាត់​បទ​ល្មើស​នេសាទ និង​បាន​លើក​ទឹក​ចិត្ត​ចំពោះ​ការ​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ។

0:00 / 0:00

ពល​រដ្ឋ​បាន​ឲ្យ​ដឹង​ថា បទ​ល្មើស​នេសាទ​កំពុង​កើត​ឡើង​យ៉ាង​ពេញ​ទំហឹង​នៅ​ឃុំ​មួយ​ចំនួន នៅ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង។ អ្នក​ភូមិ​បាន​ចោទ​ថា បញ្ហា​នេះ​បណ្ដាល​មក​ពី​មាន​មន្ត្រី​ជំនាញ​ខាង​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ មួយ​ចំនួន​ទៀត​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ជន​ល្មើស។

មេ​ភូមិ​ប្រឡាយ​មាស គឺ​លោក អ៊ឹម លឹមហេង បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ថា ជន​ខិល​ខូច​បាន​ប្រើ​ប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ដូច​ជា​របាំង​ក្រឡា​ញឹក​ប្រវែង​រាប់​សិប​ម៉ែត្រ និង​ខ្លះ​បាន​ប្រើ​ឧបករណ៍​ឆក់​ដើម្បី​ចាប់​ត្រី តែ​មន្ត្រី​ជំនាញ​បាន​បណ្ដោយ​ឲ្យ​ជន​ខិល​ខូច​ទាំង​នោះ​ប្រព្រឹត្ត​បទ​ល្មើស​តាម​អំពើ​ចិត្ត ៖ «នៅ​ម្ដុំ​ឃុំ​ពោធិ៍ គឺ​សុទ្ធ​តែ​តំបន់​គេ​ឆក់​ត្រី។ ខាង​ជំនាញ​ជលផល​គាត់​បាន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​អ៊ីចឹង គាត់​ធ្វើ​ជា​លេស​គាត់​លែង​អើពើ​បណ្ដោយ​តែ​ម្ដង...»

បុរស​អ្នក​ភូមិ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព​បាន​ឲ្យ​ដឹង​បន្ថែម​ថា មន្ត្រី​ជំនាញ​កំពុង​ឆ្លៀត​ឱកាស​ប្រើប្រាស់​ប្រសាសន៍​លោក​នាយក​រដ្ឋ​មន្ត្រី ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ៖ «ជន​ខិល​ខូច​ឆ្លៀត​ពេល​ដែល​សម្ដេច ហ៊ុន សែន មាន​ប្រសាសន៍​ថា ទុក​ឲ្យ​ប្រជា​ពល​រដ្ឋ​រក​ជា​លក្ខណៈ​គ្រួសារ​គេ​ក៏​ទាក់​ទង​ជា​មួយ​មន្ត្រី​ជលផល លួច​ប្រើ​ឧបករណ៍​នេសាទ​ហាម​ឃាត់​ដើម្បី​ចាប់​ត្រី និង​ធ្វើ​នេសាទ​ជា​ទ្រង់​ទ្រាយ​ធំ...»

មេ​ឃុំ​ប្រឡាយ​មាស​លោក នៅ ស៊ីម ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​ប្រើប្រាស់​របាំង​ក្រឡា​ល្អិត​នៅ​ក្នុង​ដែន​នេសាទ​ឃុំ​ប្រឡាយ​មាស​មែន។ លោក​ថា អាជ្ញាធរ​ដែន​ដី​ពុំ​មាន​សមត្ថកិច្ច​ក្នុង​ការ​ហាម​ឃាត់ ឬ​ចាប់​ដក​ហូត​ឧបករណ៍​នេសាទ​របស់​ប្រជា​ពល​រដ្ឋ​នោះ​ទេ ព្រោះ​នេះ​ជា​សមត្ថកិច្ច​របស់​ជំនាញ​ជល​ផល ៖ «ខ្ញុំ​បាន​ចុះ​មើល​រួច​ហើយ គឺ​គេ​ពិត​ជា​បាន​ធ្វើ​របាំង​ពី ៤០​ទៅ​៥០​ម៉ែត្រ និង​ប្រើ​អួន​ក្រឡា​ញឹក...»

យ៉ាង​នេះ​ក្ដី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់​ឆ្នាំង គឺ​លោក សេង ប៊ុន​ឈឿន មាន​ប្រសាសន៍​ថា បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នេះ​លោក​នឹង​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់។ លោក​បាន​ព្រមាន​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​លោក​ថា ប្រសិន​បើ​រក​ឃើញ​ថា​មន្ត្រី​រូប​ណា​មាន​ការ​ពាក់ព័ន្ធ​មន្ត្រី​រូប​នោះ​ត្រូវ​ទទួល​ការ​ដាក់​ពិន័យ​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង និង​តាម​ផ្លូវ​ច្បាប់ ៖ «ព្រឹក​មិញ​ខ្ញុំ​បាន​ចាត់​មន្ត្រី​ចុះ​ទៅ​មើល​ហើយ ខ្ញុំ​ក៏​បាន​ឃើញ​ថា តំបន់​អតីត​ឡូត៍​លេខ​៥ ដែល​យើង​រំសាយ​ទុក​ជូន​ប្រជា​ពល​រដ្ឋ​រក​នោះ​ខ្ញុំ​បាន​ប្រាប់​ពួក​គាត់​រួច​ហើយ សុំ​ឲ្យ​គាត់​គោរព​តាម​ច្បាប់​ជលផល ព្រោះ​សម្ដេច​នាយក​លោក​ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​រក​ជា​លក្ខណៈ​គ្រួសារ និង​តាម​ច្បាប់​ដែរ...»

កន្លង​មក​នៅ​ខេត្ត​កំពង់ឆ្នាំង មាន​ការ​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​យ៉ាង​ក្ដៅ​គគុក រហូត​មាន​ការ​ចាប់​ឃាត់​ខ្លួន​ជន​ប្រព្រឹត្តិ​បទ​ល្មើស​នេសាទ និង​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ជា​ច្រើន​នាក់​ផង។ យ៉ាង​នេះ​ក្ដី មន្ត្រី​ជំនាញ​បាន​ត្អូញត្អែរ​ថា ការ​បង្ក្រាប​បទ​ល្មើស​នេសាទ មាន​ការ​លំបាក​ដោយ​សារ​តែ​ជន​ល្មើស​ច្រើន​លួច​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ ដែល​កម្លាំង​មាន​សមត្ថកិច្ច​មិន​បាន​ទៅ​ដាក់​ការពារ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។