អាជ្ញាធរ​ខេត្ត​រតនគិរី​បញ្ជា​ឲ្យ​ដោះលែង​រថយន្ត​ដឹកឈើ

2008-04-26

មន្រ្តី​គណៈ​បញ្ជាការ​កង​ឯកភាព​ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី អះអាង​ថា ឈើ​ប្រណីត​ប្រភេទ​បេង​២​រថយន្ត​ចំណុះ​ប្រមាណ ២០​ម៉ែត្រ​គូប​ដឹក​ជញ្ជូន​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បញ្ជា​ឲ្យ​ដោះលែង​កាលពី​រំលង​អធ្រាត្រ​ថ្ងៃ​សុក្រ ឆ្លង​ចូល​ថ្ងៃ​សៅរ៍ ទី​២៦ ខែមេសា បន្ទាប់ពី​អាជ្ញាធរ​ស្រុក​ព្យាយាម​បង្ក្រាប ។

អភិបាល​ស្រុក​ស្ដីទី លោក ផាន់ ស៊ី បញ្ជាក់​ថា ឈើ​នោះ​ត្រូវ​បាន​គេ​នាំ​ចេញ​ពី​តំបន់​ភូមិ​បាក់កែ មាន​ទីតាំង​ជាប់​ព្រំប្រទល់​ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី និង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ក៏​ប៉ុន្តែ​ពុំ​ឃើញ​មាន​លិខិតស្នាម​អ្វី​ឡើយ ។

លោក ផាន់ ស៊ី បាន​មាន​ប្រសាសន៍​ថា ៖ «ជ័យ សាយឿន គាត់​ទូរស័ព្ទ​មក​រក​ខ្ញុំ​ថា​សុំ​បើក​ផ្លូវ ថា​គេ​ដឹក​ឈើ​មក​នេះ មក​ថ្នាក់​ជាតិ​ដើម្បី​គេ​យក​ទៅ​ធ្វើ​ស្អី​នៅ​ភ្នំ​តាម៉ៅ​នោះ ។ ខ្ញុំ​ថា​រឿង​ហ្នឹង​ដូច​ពីរ​សា​ហើយ លើក​មុន​ខ្ញុំ​ចាប់​មួយ​សា​ហើយ លើក​នេះ​មាន​រឿង​ហ្នឹង​មក​ទៀត ។ ខ្ញុំ​ថា​ថ្នាក់​ណា​ក៏ដោយ​ពីព្រោះ​សម្ដេច ហ៊ុន សែន គាត់​ក៏​ផ្សាយ​តាម​ទូរទស្សន៍ តាម​វិទ្យុ​រាល់​ថ្ងៃ​តើ​រឿង​ឲ្យ​ទប់​ស្កាត់ ។ ធម្មតា​ខ្ញុំ​នៅ​ជិតដិត​ជាមួយ​ប្រជាជន ប្រជាជន​គេ​ឃើញ​ទាំងអស់​គ្នា ដល់​ពេល​យើង​ដឹក​មួយ​គុម្ព​ពីរ​គុម្ព​ចាប់ ដល់​ពេល​ទាំង​ឡានៗ​អ៊ីចឹង​សុទ្ធ​តែ​របស់​ជាតិ របស់​ជាតិ​ខ្ញុំ​ចង់​ឃើញ​ឯកសារ​ដែរ សុខ អាន ស៊ីញ៉េ ឬ​ក៏​សម្ដេច ហ៊ុន សែន ។ ម្សិល​មិញ​ទាំង​ប៉េអឹម ទាំង​មេ​ព្រៃ​គេ​មក​តើ!»

នេះ​គឺ​ជា​លើក​ទី២​ហើយ​នៅ​ក្នុង​ខែ​មេសា ដែល​សកម្មភាព​ចរាចរណ៍​ឈើ​ប្រណីត​គ្មាន​លិខិត​ស្នាម​ត្រូវ​បាន​បង្រ្កាប​ក្រោម​ការ​ដឹក​ជញ្ជូន​ដោយ​មន្រ្តី​ព្រៃឈើ​ខេត្ត អម​ដំណើរ​ដោយ​កងកម្លាំង​កង​រាជអាវុធហត្ថ​ពី​ទីក្រុង​ភ្នំពេញ ក៏​ប៉ុន្តែ​បន្ទាប់​ពី​កិច្ច​បង្រ្កាប​ដោយ​ភាព​ចម្រូងចម្រាស អាជ្ញាធរ​ខេត្ត​បាន​បញ្ជា​ឲ្យ​ដោះលែង ។

ស្នងការ​ប៉ូលិស​ខេត្ត​រតនគិរី លោក រ៉ាយ រ៉ៃ មាន​ប្រសាសន៍​ថា ជា​ការ​សម្រេច​របស់​ថ្នាក់​លើ ហើយ​លោក​ជំរុញ​ឲ្យ​សួរ​ករណី​នេះ​ទៅ​អភិបាល​រង​ខេត្ត ជ័យ សាយឿន ។

នៅ​ថ្ងៃ​សៅរ៍​នេះ​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​លោក ជ័យ សាយឿន អភិបាល​រង​ខេត្ត និង​អភិបាល​ខេត្ត​រតនគិរី លោក មួង ប៉យ បាន​ទេ ពីព្រោះ​ជា​ថ្ងៃ​សៅរ៍​ឈប់​សម្រាក ហើយ​ការ​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​មិន​អាច​ភ្ជាប់​បាន ។

យ៉ាង​នេះ​ក្ដី​នាយ​ខណ្ខ​រដ្ឋបាល​ព្រៃឈើ​ស្ដីទី ខេត្ត​រតនគិរី លោក យូកាន វិមាន បដិសេធ​ថា​មិន​បាន​ដឹង​រឿង​ទាំងនោះ​ឡើយ ៖ «ខ្ញុំ​អត់​ដឹង​ដែរ ខ្ញុំ​នៅ​ភ្នំពេញ​ឯណេះ»

បើ​តាម​មន្រ្តី​ខេត្ត​រតនគិរី សូម​មិន​ឲ្យ​បញ្ចញ​ឈ្មោះ​បញ្ជាក់​ថា វា​ជា​ភាព​មិន​ប្រក្រតី​ដែល​ក្រុម​មន្រ្តី​ជំនាញ​ព្រៃឈើ និង​ថ្នាក់​ដឹកនាំ​ខេត្ត​ប្រើប្រាស់​អំណាច​ថ្នាក់​ជាតិ​ដើម្បី​ដឹក​ជញ្ជូន​ឈើ ដោយ​ពុំ​បាន​បង្ហាញ​លិខិត​ស្នាម​អនុញ្ញាត​ទៅ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម ៖ «ទប់​មិន​រួច​... ។ អត់​មាន​សំបុត្រ​ស្នាម​ទាំងអស់ ។ ប្រជាជន​ទាំងអស់​គេ​ឆ្ងល់​ដែរ អា​លេខ ០១ របស់​សម្ដេច​នាយក ហើយ​លេខ ០២​ហ្នឹង​មិន​ដឹង​ជា​យ៉ាង​ម៉េច​ផ្សាយ​រាល់​ថ្ងៃ»

តាម​របាយការណ៍​របស់​ក្រុម​ឃ្លាំមើល​បញ្ហា​ព្រៃឈើ នៃ​សមាគម​អាដហុក ខេត្តរតនគិរី ឲ្យ​ដឹង​ថា​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ចេញ​ពី​ខេត្ត​រតនគិរី ធ្វើ​ឡើង​រាប់រយ​ម៉ែត្រគូប​រួច​ទៅ​ហើយ​តាំង​ពី​ដើម​ឆ្នាំ ២០០៨​មក តាម​រយៈ​មន្រ្តី​ព្រៃឈើ​ខេត្ត ដោយ​មាន​រថយន្ត​ស៊ីរ៉ែន​បើក​ផ្លូវ និង​កង​រាជអាវុធហត្ថ​អម​ដឹក​ជញ្ជូន​ឈើ​នោះ ។ ហើយ​បើ​តាម​មន្រ្តី​បង្រ្កាប​បញ្ជាក់​ថា សកម្មភាព​នេះ​ពុំ​មាន​លិខិត​ស្នាម​អ្វី​ឡើយ និង​បង្កើត​ឲ្យ​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា​ជា​ញឹកញាប់​រវាង​ក្រុម​បង្រ្កាប និង​ក្រុម​អ្នក​ដឹក​ជញ្ជូន ៕

អត្ថបទ​ដែល​ទាក់ទង

បំរាម​ផ្អាក​ការរៀបការ​រវាង​ស្ត្រី​ខ្មែរ​និង​ជន​បរទេស​មិន​ទាន់​ក្លាយ​ជា​អចិន្ត្រៃយ៍​ទេ

ប៉េអឹម​ខេត្ត​កំពង់ធំ​៣​រូប​រង​ការចោទ​ថា​គំរាម​ប្រជា​សហគមន៍

មាន​ជន​មួយ​ចំនួន​ឃុបឃិត​នឹង​គ្រូពេទ្យ​យក​ឈាម​សប្បុរសជន​ទៅ​លក់

ការដឹក​ជញ្ជូន​ឈើ​កើត​មាន​នៅ​រតនគិរី ខណៈ​ដែល​ការឃោសនា​បោះឆ្នោត​កំពុង​ប្រព្រឹត្ត

ខុមហ្វ្រែល​រៀបចំ​វេទិកា​សាធារណៈ​លើក​ទី​៣​នៅ​កំពង់ចាម

ពលរដ្ឋ​៥០០​នាក់​នៅ​ស្រុក​អង្គស្នួល​ទាមទារ​ឲ្យ​ត​បណ្ដាញ​អគ្គិសនី​រដ្ឋ

ក្រុង​ភ្នំពេញ​អាច​នឹង​មាន​អគ្គិសនី​គ្រប់គ្រាន់​នៅ​ឆ្នាំ​២០០៩

សកម្មភាព​កាប់​ឈើ​ធ្វើ​អាជីវកម្ម​នៅ​ខែត្រ​សៀមរាប​កើនឡើង

ភរិយា​របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក ចន ម៉ាកខេន មក​កម្ពុជា

គ្រឿង​ញៀន​ជាង​២០០​គីឡូក្រាម​ត្រូវ​បាន​ដុត​បំផ្លាញ