អភិបាលស្រុកស្ដីទី លោក ផាន់ ស៊ី បញ្ជាក់ថា ឈើនោះត្រូវបានគេនាំចេញពីតំបន់ភូមិបាក់កែ មានទីតាំងជាប់ព្រំប្រទល់ស្រុកវ៉ឺនសៃ ខេត្តរតនគិរី និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក៏ប៉ុន្តែពុំឃើញមានលិខិតស្នាមអ្វីឡើយ ។
លោក ផាន់ ស៊ី បានមានប្រសាសន៍ថា ៖ «ជ័យ សាយឿន គាត់ទូរស័ព្ទមករកខ្ញុំថាសុំបើកផ្លូវ ថាគេដឹកឈើមកនេះ មកថ្នាក់ជាតិដើម្បីគេយកទៅធ្វើស្អីនៅភ្នំតាម៉ៅនោះ ។ ខ្ញុំថារឿងហ្នឹងដូចពីរសាហើយ លើកមុនខ្ញុំចាប់មួយសាហើយ លើកនេះមានរឿងហ្នឹងមកទៀត ។ ខ្ញុំថាថ្នាក់ណាក៏ដោយពីព្រោះសម្ដេច ហ៊ុន សែន គាត់ក៏ផ្សាយតាមទូរទស្សន៍ តាមវិទ្យុរាល់ថ្ងៃតើរឿងឲ្យទប់ស្កាត់ ។ ធម្មតាខ្ញុំនៅជិតដិតជាមួយប្រជាជន ប្រជាជនគេឃើញទាំងអស់គ្នា ដល់ពេលយើងដឹកមួយគុម្ពពីរគុម្ពចាប់ ដល់ពេលទាំងឡានៗអ៊ីចឹងសុទ្ធតែរបស់ជាតិ របស់ជាតិខ្ញុំចង់ឃើញឯកសារដែរ សុខ អាន ស៊ីញ៉េ ឬក៏សម្ដេច ហ៊ុន សែន ។ ម្សិលមិញទាំងប៉េអឹម ទាំងមេព្រៃគេមកតើ!» ។
នេះគឺជាលើកទី២ហើយនៅក្នុងខែមេសា ដែលសកម្មភាពចរាចរណ៍ឈើប្រណីតគ្មានលិខិតស្នាមត្រូវបានបង្រ្កាបក្រោមការដឹកជញ្ជូនដោយមន្រ្តីព្រៃឈើខេត្ត អមដំណើរដោយកងកម្លាំងកងរាជអាវុធហត្ថពីទីក្រុងភ្នំពេញ ក៏ប៉ុន្តែបន្ទាប់ពីកិច្ចបង្រ្កាបដោយភាពចម្រូងចម្រាស អាជ្ញាធរខេត្តបានបញ្ជាឲ្យដោះលែង ។
ស្នងការប៉ូលិសខេត្តរតនគិរី លោក រ៉ាយ រ៉ៃ មានប្រសាសន៍ថា ជាការសម្រេចរបស់ថ្នាក់លើ ហើយលោកជំរុញឲ្យសួរករណីនេះទៅអភិបាលរងខេត្ត ជ័យ សាយឿន ។
នៅថ្ងៃសៅរ៍នេះវិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីលោក ជ័យ សាយឿន អភិបាលរងខេត្ត និងអភិបាលខេត្តរតនគិរី លោក មួង ប៉យ បានទេ ពីព្រោះជាថ្ងៃសៅរ៍ឈប់សម្រាក ហើយការទំនាក់ទំនងតាមទូរស័ព្ទមិនអាចភ្ជាប់បាន ។
យ៉ាងនេះក្ដីនាយខណ្ខរដ្ឋបាលព្រៃឈើស្ដីទី ខេត្តរតនគិរី លោក យូកាន វិមាន បដិសេធថាមិនបានដឹងរឿងទាំងនោះឡើយ ៖ «ខ្ញុំអត់ដឹងដែរ ខ្ញុំនៅភ្នំពេញឯណេះ» ។
បើតាមមន្រ្តីខេត្តរតនគិរី សូមមិនឲ្យបញ្ចញឈ្មោះបញ្ជាក់ថា វាជាភាពមិនប្រក្រតីដែលក្រុមមន្រ្តីជំនាញព្រៃឈើ និងថ្នាក់ដឹកនាំខេត្តប្រើប្រាស់អំណាចថ្នាក់ជាតិដើម្បីដឹកជញ្ជូនឈើ ដោយពុំបានបង្ហាញលិខិតស្នាមអនុញ្ញាតទៅឲ្យអាជ្ញាធរថ្នាក់ក្រោម ៖ «ទប់មិនរួច... ។ អត់មានសំបុត្រស្នាមទាំងអស់ ។ ប្រជាជនទាំងអស់គេឆ្ងល់ដែរ អាលេខ ០១ របស់សម្ដេចនាយក ហើយលេខ ០២ហ្នឹងមិនដឹងជាយ៉ាងម៉េចផ្សាយរាល់ថ្ងៃ» ។
តាមរបាយការណ៍របស់ក្រុមឃ្លាំមើលបញ្ហាព្រៃឈើ នៃសមាគមអាដហុក ខេត្តរតនគិរី ឲ្យដឹងថាសកម្មភាពដឹកជញ្ជូនឈើប្រណីតចេញពីខេត្តរតនគិរី ធ្វើឡើងរាប់រយម៉ែត្រគូបរួចទៅហើយតាំងពីដើមឆ្នាំ ២០០៨មក តាមរយៈមន្រ្តីព្រៃឈើខេត្ត ដោយមានរថយន្តស៊ីរ៉ែនបើកផ្លូវ និងកងរាជអាវុធហត្ថអមដឹកជញ្ជូនឈើនោះ ។ ហើយបើតាមមន្រ្តីបង្រ្កាបបញ្ជាក់ថា សកម្មភាពនេះពុំមានលិខិតស្នាមអ្វីឡើយ និងបង្កើតឲ្យមានការប្រឈមមុខដាក់គ្នាជាញឹកញាប់រវាងក្រុមបង្រ្កាប និងក្រុមអ្នកដឹកជញ្ជូន ៕
