សហគមន៍​បង្ហាញ​អំពី​​បទល្មើស​ព្រៃ​ឈើ​នៅ​មណ្ឌលគិរី

តំណាង​ប្រជា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​មណ្ឌលគិរី បាន​ជួបជុំ​គ្នា​បង្ហាញ​ពី​ផល​លំបាក​ក្នុង​ការ​ទប់​ស្កាត់​បទល្មើស​ព្រៃ​ឈើ​តាម​សហគមន៍​នានា​ក្នុង​ខេត្ត​នេះ។

0:00 / 0:00

ក្នុង​អង្គ​សិក្ខាសាលា​មួយ​នៅ​ក្រុង​សែនមនោរម្យ កាល​ពី​ថ្ងៃ​ពុធ ទី​១៦ ខែ​វិច្ឆិកា ប្រជា​សហគមន៍​ភាគ​ច្រើន​បាន​សម្ដែង​នូវ​ក្ដី​កង្វល់​ពី​ការ​បាត់បង់​ធនធាន​ធម្មជាតិ​ក្នុង​សហគមន៍​នីមួយៗ ដោយសារ​ជនល្មើស​លួច​កាប់​ធ្វើ​អាជីវកម្ម​យ៉ាង​អនាធិបតេយ្យ​ជា​បន្តបន្ទាប់​ឥត​ឈប់។

ក្រុម​ប្រជា​ពលរដ្ឋ​សហគមន៍​បាន​អះអាង​ថា រហូត​មក​ទល់​ពេល​នេះ​គេ​ពុំ​ឃើញ​អាជ្ញាធរ​សមត្ថកិច្ច​ចាត់​វិធានការ​បង្ក្រាប​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​ទាំង​នោះ​ឡើយ។

ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ឈ្មោះ ញើន អៀប បាន​ឲ្យ​ដឹង​ថា ការ​ដែល​សហគមន៍​មិន​អាច​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​បាន ដោយសារ​ខ្វះ​ការ​គាំទ្រ​ពី​មន្ត្រី​អនុវត្ត​ច្បាប់ អាជ្ញាធរ​ពាក់​ព័ន្ធ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​នេះ៖ «អ្នក​ដែល​ពាក់ព័ន្ធ​បទល្មើស​ហ្នឹង ច្រើន​សុទ្ធតែ​ប៉ូលិស ទាហាន ពេល​ខ្លះ​ខ្ញុំ​ថា អាច​ពាក់ព័ន្ធ​ទៅ​ដល់​ស្រុក​ទៀត​ណោះ ហើយ​ឈើ​ពេញ​តែ​ព្រៃ​ហ្នឹង​ពួក​គាត់​មើល​អត់​ឃើញ គាត់​មើល​ឃើញ​តែ​អា​លុយ​កាក់​របស់​គាត់​ហ្នឹង​ច្រើន​ជាង»

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​ថ្លែង​ថា ដើម​ឈើ​ដែល​អាច​ទាញ​យក​ផល​ជា​ជ័រ​ទឹក​បាន មាន​ដូច​ជា​ដើម​ឈើ​ទាល និង​ដើម​ត្រាច ប្រមាណ​ជាង ១​ពាន់​ដើម ជា​របស់​អ្នក​ភូមិ​ពូរាំង ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ត្រូវ​ជន​ល្មើស​លួច​កាប់​ផ្ដួល​រំលំ អារ​ច្រៀក​ធ្វើ​អាជីវកម្ម​ដឹក​ទៅ​ប្រទេស​វៀតណាម ក្នុង​អំឡុង​ខែ​តុលា និង​ខែ​វិច្ឆិកា​នេះ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ​របស់​លោក សេក បណ្ឌិត អំពី​រឿង​នេះ៖