បទ​ល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​បង្វែរ​ទិសដៅ​ទៅ​កាប់​ឈើ​នៅ​តំបន់​ផ្សេង

តំណាង​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ ឃុំ​សៀមបូក ថ្លែង​ថា បទ​ល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ នៅ​ខែ​សីហា នេះ មាន​ការ​ថមថយ ដោយ​សារ​តែ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ ក្នុង​ខេត្ត​ស្ទឹងត្រែង លែង​សូវ​សម្បូរ ហើយ​ប្រជា​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ល្បាត​ព្រៃ​ជា​ប្រចាំ​ទៀត ទើប​ឈ្មួញ​ឈើ​បង្វែរ​ទិសដៅ​ទៅ​កាប់​ឈើ​នៅ​តំបន់​ផ្សេង។
ដោយ វណ្ណ វិចារ
2012-08-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កាប់​ឈើ ស្ទឹងត្រែង ៣០៥
២៥-សីហា-២០១២៖ ឈើ​ដែល​ឈ្មួញ​លាក់​ទុក​ក្នុង​ឃុំ​តាឡាត នៅ​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។
RFA/Vann Vicha

ចំណែក​ឯ​ពលរដ្ឋ​នៅ​ក្រុង​ស្ទឹងត្រែង វិញ អះអាង​ថា ឈ្មួញ​ឈើ​កំពុង​តែ​ដឹក​ឈើ​ចុះ​ទៅ​វៀតណាម បាន​ជា​ធម្មតា ដោយ​មិន​មាន​ការ​រាំងស្ទះ​នោះ​ឡើយ។

អនុប្រធាន​សហគមន៍​ការពារ​ព្រៃ​ឡង់ ឃុំ​សៀមបូក អ្នកស្រី ខា ស្រស់ នៅ​ថ្ងៃ​ទី​២៦ សីហា មាន​ប្រសាសន៍​ថា កាល​ពី​ខែ​មុន មាន​បទ​ល្មើស​ព្រៃ​ឈើ​ច្រើន​ណាស់ ដោយ​មាន​ឈ្មួញ​ឈើ​មក​ពី​ខេត្ត​ផ្សេង​ចំណាយ​លុយ​ឲ្យ​កម្មករ​ចូល​កាប់​ឈើ រួច​ដឹក​ជញ្ជូន​តាម​ទូក។ អ្នកស្រី​បន្ត​ថា នៅ​ក្នុង​ខែ​សីហា នេះ ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ ឃុំ​សៀមបូក និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ល្បាត​ព្រៃ​ចំនួន​ពីរ​ដង ប៉ុន្តែ​មិន​មាន​ឃើញ​បទ​ល្មើស​កើត​ឡើង​ឡើយ។

អ្នកស្រី ខា ស្រស់ បញ្ជាក់​ថា សហគមន៍​ការពារ​ព្រៃ​ឡង់ ឃុំ​សៀមបូក យល់​ថា ការ​ថយ​ចុះ​នៃ​ចំនួន​បទ​ល្មើស ជា​ការ​សន្សំ​កម្លាំង​ទុក​របស់​ឈ្មួញ​ជួញ​ឈើ​ប៉ុណ្ណោះ៖ «នៅ​ខេត្ត​ក្រចេះ អ៊ីចឹង គេ​យក​សម្ភារៈ​មក​ទាំង​អស់ កម្មករ​មក​ទាំង​អស់ គេ​កាប់​ឈើ​ចេញ​ពី​ព្រៃ​ឡង់ ហើយ​ដាក់​ទូក​ទៅ​ខេត្ត​ក្រចេះ វិញ»

អ្នកស្រី ខា ស្រស់ បន្ត​ថា កន្លង​មក​អ្នក​ដែល​រក​ស៊ី​ឈើ ច្រើន​តែ​សហការ​ជាមួយ​មន្ត្រី​មាន​អំណាច ចូល​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ ដោយ​សមត្ថកិច្ច​មូលដ្ឋាន​មិន​ហ៊ាន​បង្ក្រាប​ឡើយ។

យ៉ាង​ណា​ក៏​ដោយ ពលរដ្ឋ​រស់នៅ​ម្តុំ​អូរពងមាន់ លោក វ៉ាន់ ធី មាន​ប្រសាសន៍​ថា នៅ​ខែ​សីហា មាន​រថយន្ត​ដឹក​ឈើ​ជាច្រើន​គ្រឿង ដឹក​កាត់​ចំណុច​អូរពងមាន់។ លោក​បន្ត​ថា នៅ​សប្ដាហ៍​មុន មាន​រថយន្ត​យីឌុប ចំនួន​៥គ្រឿង ផ្ទុក​ទៅ​ដោយ​ឈើ​ពេញ ដឹក​កាត់​មុខ​ផ្ទះ​លោក​ពេល​យប់ តាម​ផ្លូវ​ជាតិ​ឆ្ពោះ​ទៅ​ខេត្ត​ក្រចេះ សំដៅ​ទៅ​ប្រទេស​វៀតណាម។ លោក វ៉ាន់ ធី បញ្ជាក់​ថា ក្នុង​រយៈពេល​មួយ​ខែ​ចុង​ក្រោយ​នេះ មាន​រថយន្ត​ដឹក​ឈើ​ធំៗ​រាប់​សិប​គ្រឿង​ឆ្លង​កាត់​ជា​ធម្មតា មិន​ដែល​ឃើញ​សមត្ថកិច្ច​បង្ក្រាប​នោះ​ទេ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ និង​មន្ត្រី​បរិស្ថាន ខេត្ត​ស្ទឹងត្រែង ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១២។

ទោះ​ជា​យ៉ាង​នេះ​ក្តី អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ឡូយ សុផាត នៅ​សប្ដាហ៍​មុន ក្នុង​កិច្ច​ប្រជុំ​ជាមួយ​មេ​ឃុំ ចៅ​សង្កាត់​ទូទាំង​ខេត្ត លោក​បាន​បញ្ជា​ឲ្យ​មេឃុំ​គ្រប់​ឃុំ រួម​គ្នា​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ។ លោក​បន្ត​ថា ឈ្មួញ​ដឹក​ឈើ​បាន​ជា​រៀងរាល់​ថ្ងៃ ស្រប​ពេល​ដែល​សមត្ថកិច្ច​ជំនាញ​រាប់​សិប​នាក់ បណ្ដាក់​គ្នា​ដូច​ខ្យង​ចាំ​យក​លុយ។

លោក ឡូយ សុផាត បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​ត្រូវ​ដោះស្រាយ​បញ្ហា​បទ​ល្មើស​ព្រៃ​ឈើ​នេះ​ជា​បន្ទាន់ ពិសេស​ចាត់​ការ​ចំពោះ​មន្ត្រី​ដែល​ពុក​រលួយ​ក្នុង​សំណុំ​រឿង​ព្រៃ​ឈើ៖ «អ្នក​បទ​ល្មើស​មុន​គេ មេ​ព្រៃ ប៉ូលិស ប៉េអិម យោធា ត្រូវ​គ្នា​ពី​លើ​ដល់​ក្រោម  អំពើ​ពុក​រលួយ​ក្នុង​បទ​ល្មើស​ព្រៃ​ឈើ ប្រជាពលរដ្ឋ​វិញ មើម​គ្រញូង គាត់​គាស់​ពី​ក្នុង​ដី​ក៏​ពួក​វា​ចាប់​ដែរ»

ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ក្នុង​ខេត្ត​ស្ទឹងត្រែង កើត​មាន​ការ​កាប់​ឈើ​នៅ​ស្ទើរ​តែ​គ្រប់​តំបន់ រាប់​ទាំង​ព្រៃ​ឡង់ និង​មាន​អ្នក​ទិញ​ទៅ​លក់​បន្ត ដូច​ជា អ្នក​រត់​តាក់ស៊ី អ្នក​ដឹក​តាម​ម៉ូតូ តាម​រថយន្ត​ទំនើប តាម​ទូក និង​មាន​ឈ្មួញ​ធំៗ​ដឹក​តាម​រថយន្ត​យីឌុប ទៀត​ផង។

ក្រុម​ប្រជាពលរដ្ឋ​សហគមន៍​ព្រៃ​ឡង់​លើក​ឡើង​ថា បើ​សិន​ជា​រដ្ឋាភិបាល​មិន​កំចាត់​អំពើ​ពុក​រលួយ​ក្នុង​បទ​ល្មើស​ព្រៃ​ឈើ ឲ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ ព្រៃ​ឡង់​នឹង​វិនាស​ឆាប់ៗ​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី សៀម​រាប

កាប់ព្រៃឈើឲ្យអស់ទៅ ព្រោះព្រៃឈើទាំងនោះ ជារបស់គណបក្សCPP តែមួយ។

Aug 29, 2012 12:09 AM

អ្នក​អាន​អនាមិក

These illegal loggers won't stop cutting down trees until there are no more trees left for them to fall down then they will stop by themselves. No stongman can stop them.

Aug 26, 2012 10:55 PM

Vuth Lee

ពី Lowell, Massachusetts,U.S.A

I'm so strinking that Prey Lang(Lang Forest) where it was covered by plenty of valuable trees were and illegal logging by all kinds of criminals without any interventions from local authorities and the top ranking folks in the Cambodia's government. Hun Sen was living right in the middle of Cambodia and he did not aware of what was happening to Prey Lang? This is rediculous. Where were Hun Sen's deputy Primister-Nhouk Bun Chhay, Hor Nam Hong,Sar Kheng, and his confidants Phay Siphan and Cheam Yeap, and.........?Oh, Chhuth Vuthy! you had done a lot for your country. You were very brave and a respectful gentleman. You had devoted your precious life just try to protect the forest. This corrupted government(Hun Sen's govt.)should be proud of what you had done for your country and Hun Sen did nothing to protect the forests, instead, you get killed by this government. To me and to all of the Khmer patriots, Chhut Vuthy, you are remembered as the Khmer HERO and Hun Sen?

Aug 26, 2012 08:52 AM