ប្រធានប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែន លោក ឡុង រុក្ខា ឲ្យដឹងថា កាលពីរាត្រីរំលងអធ្រាត្រថ្ងៃទី២២ ឆ្លងចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ ក្រុមសមត្ថកិច្ចបានប្រទះឃើញរថយន្តទេសចរណ៍មួយគ្រឿងប៉ុនប៉ងដឹកជញ្ជូនឈើនោះចេញតាមផ្លូវទៅច្រករបៀងព្រំដែនបំណងចេញទៅប្រទេសវៀតណាម ដោយខុសច្បាប់ ក៏ប៉ុន្តែក្រុមសមត្ថកិច្ចបានស្ទាក់ចាប់ទើបអ្នកបើកបររថយន្តបើករុលទៅមុខ ហើយទំលាក់ឈើចេញពីរថយន្តបើកគេចចេញពីទីកើតហេតុទៅ។ ក្រុមសមត្ថកិច្ចបានប្រមូលកំណាត់ឈើ និងឃាត់ខ្លួនជនសង្ស័យមួយរូបជាអ្នករួមដំណើរក្នុងរថយន្តនោះមករក្សាទុកនៅការិយាល័យប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារព្រំដែនជាបណ្ដោះអាសន្ន ដើម្បីប្រគល់ជូនសមត្ថកិច្ចព្រៃឈើចាត់វិធានការរកជនប្រព្រឹត្តល្មើសច្បាប់នេះ។
លោកបន្តថា ដោយសារស្ថានភាពទីតាំងបង្ក្រាបមានសភាពងងឹត និងមានភ្លៀងធ្លាក់ ទើបរថយន្តនោះបើកចេញទៅកាន់ច្រករបៀងនោះបាត់ទៅ៖ «ឃាត់ទៅគាត់មិនព្រមស្ដាប់យើង គាត់រុញឈើទម្លាក់អស់ទៅ គាត់បើកឡានទៅមុខបាត់ទៅណា! ពីរនាក់ តែយើងឃាត់បានតែព្រូឡានម្នាក់ទេណា! ជេរបញ្ចោរខាងកម្លាំងខ្ញុំ អូ! ដល់ហើយ គំរាមកំហែង។ ស្ថានភាពវាយប់ហើយវារលឹម វាភ្លៀងផង ដល់អ៊ីចឹងយើងពិបាកធ្វើការ។ ម្នាក់ៗឮសូរតែកម្លាំងប្រដាប់អាវុធដែរ ម៉េចហ៊ាន ខ្លាចគាត់មានអាវុធគាត់បាញ់មកខ្លាចគ្រោះថ្នាក់ដល់កម្លាំងយើង ដល់អ៊ីចឹងយើងគ្រាន់តែទប់ៗយកតែសម្ភារៈមក»។
ព័ត៌មានជំហានដំបូងដែលក្រុមសមត្ថកិច្ចស្រាវជ្រាវរកឃើញ គឺអ្នកបើកបររថយន្តដឹកឈើនេះឈ្មោះ ពេជ្រ ទំនងមានតួនាទីជាមន្ត្រីយោធាវរការពារព្រំដែន ១០១ មានបញ្ជាការដ្ឋាននៅតំបន់នោះដែរ និងអ្នករួមដំណើរឈ្មោះ រម៉ាស់ បូរាន់ ពួកគេមានទីលំនៅក្នុងឃុំលំជ័រ ស្រុកអូរយ៉ាដាវ។ ចំណែករថយន្តដឹកមានឈើជាប្រភេទរថយន្តទំនើបម៉ាកឡិចស៊ីស ៤៥០ (Lexus 450) ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2D-0924។
នាយសង្កាត់ព្រៃឈើអូរយ៉ាដាវ នៃខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី លោក ជា កុលណារ៉ា មានប្រសាសន៍បញ្ជាក់ថា ប្រភពព័ត៌មានដែលលោកទទួលបាន គឺការដឹកជញ្ជូនឈើនេះមានពាក់ព័ន្ធមន្ត្រីមានអំណាចជាយោធា។ ក៏ប៉ុន្តែយ៉ាងណាក្ដី លោកអះអាងថា នឹងធ្វើការស៊ើបអង្កេតប្រមូលវត្ថុតាងជាក់លាក់សិន ដើម្បីរកឲ្យឃើញជនប្រព្រឹត្តល្មើសច្បាប់នេះ។
លោកបន្តថា សមត្ថកិច្ចលោកនឹងទៅប្រមូលវត្ថុតាង និងសាកសួរជនសង្ស័យមុននឹងកសាងសំណុំរឿងនេះទៅខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់វិធានការតាមច្បាប់៖ «យប់មិញដល់ម៉ោង៣ ហើយដល់យប់ហើយក៏ខ្លាចសុវត្ថិភាពដល់មន្ត្រីយើងឥឡូវនេះយើងដកថយសំខាន់យើងយកតែវត្ថុតាងមកសិនចាំយើងដាក់កម្លាំងយើងចុះទៀត ព្រោះច្រកហ្នឹងវាទៅណាវា ព្រោះយើងបានបិទកម្លាំងយើងយាមនៅក្រៅណា!»។
រហូតមកទល់នឹងម៉ោង ៣រសៀល ថ្ងៃច័ន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១២ មិនមានប្រភពព័ត៌មានណាបញ្ជាក់ថា តើរថយន្តដឹកជញ្ជូនឈើនោះត្រូវបានរកឃើញ ឬយ៉ាងណាទេ។ ក៏ប៉ុន្តែមន្ត្រីមួយរូបសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា ផ្លូវដែលរថយន្តដឹកឈើបើករត់គេច គឺជាច្រកផ្លូវចេញចូលរបស់កងកម្លាំងប៉ុស្តិ៍ការពារព្រំដែននៃនគរបាល និងយោធានៅតំបន់នោះ ដូច្នេះរថយន្ត និងជនល្មើសមិនអាចគេចចេញទៅណាបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។