ការរកឃើញបទល្មើសអនាធិបតេយ្យ កាប់ឈើប្រណិតធ្វើអាជីវកម្មនេះ ធ្វើឡើងតាំងពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១១ រហូតមកទល់នឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១១ នេះ។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី គឺលោក វង សុកសិរី បានបញ្ជាក់ថា ឈើប្រណិតដែលក្រុមសមត្ថកិច្ចរកឃើញនៅក្នុងព្រៃឋិតនៅរាយប៉ាយជាច្រើនកន្លែងក្នុងព្រៃក្បែរតំបន់ព្រំដែន ដែលក្រុមជនប្រព្រឹត្តល្មើសបានអាររំលំហើយច្រៀកជាឈើជ្រុងបំណងនាំចេញទៅលក់នៅទីផ្សារ ក៏ប៉ុន្តែក្រុមសមត្ថកិច្ចមិនបានរកឃើញ ឬចាប់បានជនពាក់ព័ន្ធកាប់ឈើណាម្នាក់ឡើយ។
លោកបន្តថា មានឈើសេសសល់ច្រើនកន្លែងទៀតដែលក្រុមសមត្ថកិច្ចមិនទាន់មានលទ្ធភាពរឹបអូសពីទីលាក់ទុកក្នុងព្រៃនោះនៅឡើយ៖ «យើងចុះធ្វើ ៥-៦ថ្ងៃហើយ ប្រមូលណា!សុទ្ធតែធ្នង់។ វាធ្វើកាលខែវស្សាដល់ខែប្រាំងវាប្រុងចេញ។ យើងបានស្រាវជ្រាវហើយ តែមិនទាន់ផ្លូវការ ខ្ញុំមិនទាន់អាចជម្រាបបាន។ ដល់ពេលយើងចុះធ្វើការជាយុទ្ធនាការទ្រង់ទ្រាយធំ វាគេចខ្លួនអស់ទៅ»។
ប្រជាសហគមន៍រស់នៅភូមិតាំងសេ ក្នុងឃុំញ៉ាង កាលពីសប្ដាហ៍មុននេះ បានរាយការណ៍ថា ឈើប្រណិត និងឈើមានតំលៃនៅចំងាយប្រមាណ ៣គីឡូម៉ែត្រពីព្រំដែនវៀតណាម ចំណុចប៉ុស្តិ៍ការពារព្រំដែនផាសាវ មានប្រជាពលរដ្ឋជនជាតិវៀតណាម ជាក្រុមៗ និងពលរដ្ឋខ្មែរ រួមជាមួយបុគ្គលជាសមត្ថកិច្ចនៅតំបន់នោះ បានចូលព្រៃអាររំលំច្រៀកឈើនាំចេញដោយម៉ូតូឆ្នៃ ឆ្លងកាត់ប៉ុស្តិ៍ការពារព្រំដែនតំបន់នោះទៅប្រទេសវៀតណាម ដោយត្រូវបង់ប្រាក់ទៅឲ្យក្រុមសមត្ថកិច្ចពាក់ព័ន្ធនៅតំបន់នោះ។
យ៉ាងនេះក្ដីមន្ត្រីព្រៃឈើដដែលឲ្យដឹងថា ក្រុមសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតទៅលើប្រភពអ្នកកាប់ឈើ និងមន្ត្រីពាក់ព័ន្ធនៅតំបន់នោះហើយ៕
