សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់

ក្រុមហ៊ុន​បរទេស​មួយ​ចំនួន​ដែល​ដាក់​ទុន​ទាញ​យក​ផល​ចំណេញ​ពី​ធនធាន​ធម្មជាតិ​ប្រទេស​កម្ពុជា កំពុង​ប្រើ​យុទ្ធសាស្ត្រ​ដែល​គេ​ហៅ​ថា ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ។ ឧទាហរណ៍​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ ឬ​អាជ្ញាប័ណ្ណ និង​ក្រុមហ៊ុន​ដែល​មិន​ទាន់​បាន​ច្បាប់​ក្នុង​ការ​រុក​រក​រ៉ែ​ផង នាំ​គ្នា​ធ្វើ​អាជីវកម្ម​កាប់​ឈើ​ល្អៗ បន្ថែម​ពី​លើ​អាជីវកម្ម​រ៉ែ។

0:00 / 0:00

អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ចុះ​ធ្វើ​ការ​សិក្សា​ស៊ើប​អង្កេត​រក​ឃើញ​ថា ករណី​បែប​នេះ​កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ​នៅ​ភាគ​ខាង​ត្បូង​នៃ​តំបន់​ព្រៃឡង់ និង​នៅ​តំបន់​ជុំវិញ​ភ្នំ​ជី នៃ​ខេត្ត​កំពង់ធំ។ សកម្មភាព​នោះ​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន សុខភាព​សត្វ និង​មនុស្ស​ដែល​រស់​នៅ​តំបន់​នោះ។

អ្នក​តំណាងរាស្ត្រ និង​មន្ត្រី​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ត្រួត​ពិនិត្យ​ឡើង​វិញ​ចំពោះ​សកម្មភាព​រុក​រក​រ៉ែ​នៅ​កម្ពុជា ដោយ​យក​ចិត្ត​ទុក​ដាក់ ពីព្រោះ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ធ្វើ​សកម្មភាព​មិន​ត្រឹមត្រូវ។

លោក​បណ្ឌិត ជាម យៀប អ្នកតំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​ដែល​មាន​ការ​សិក្សា​រុក​រក​រ៉ែ និង​រាជ​រដ្ឋាភិបាល គួរ​តែ​អង្កេត​មើល​ឲ្យ​បាន​ច្បាស់លាស់​ចំពោះ​ក្រុមហ៊ុន​ទាំង​ឡាយ​ណា​ដែល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​ក្នុង​ការ​សិក្សា​រុក​រក​រ៉ែ ហើយ​បាន​ឆ្លៀត​ឱកាស​នោះ​ទៅ​ប្រព្រឹត្ត​បទល្មើស​កាប់​ទន្ទ្រាន​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ និង​បំផ្លាញ​បរិស្ថាន។

លោក ជាម យៀប៖ «សភា​ធ្លាប់​បាន​ជម្រាប​ប្រាប់​រួច​ហើយ ធ្វើ​អី​អ្នក​ណា​មួយ​កុំ​ឲ្យ​ខូច​ប្រយោជន៍​ជាតិ។ មាន​កន្លែង​ខ្លះ​ចង់​បាន​ឈើ ដូច្នេះ​ហើយ​ទៅ​ដាក់​ពាក្យ​សុំ​ដើម្បី​រុក​រក​រ៉ែ ប៉ុន្តែ​វា​មិន​មែន​ទេ។ រ៉ែ​វា​គ្រាន់​តែ​ជាមួយ​ផ្នែក​ទេ ការ​សំខាន់ គឺ​កាប់​ឈើ​យក​យក​ទៅ​លក់ អ៊ីចឹង​ហើយ​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ជាតិ​ទាំង​មូល។ សូម​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ហើយ ធ្វើ​យ៉ាង​ណា​ដើម្បី​ការពារ​ព្រៃ ការពារ​សម្បត្តិ​ធម្មជាតិ​របស់​យើង​ឲ្យ​ទាន់​ពេល​វេលា​កុំ​ឲ្យ​បាត់​បង់»

អាជីវកម្ម​រ៉ែ ៣០៥
មេសា-២០១២៖ កន្លែង​ធ្វើ​អាជីវកម្ម​រុក​រក​រ៉ែ​នៅ​តំបន់​ព្រៃឡង់ ខាង​ត្បូង ជុំវិញ​តំបន់​ភ្នំ​ជី នា​ខេត្ត​កំពង់ធំ។ (CCHR Photo)

ប្រជា​សហគមន៍​ការពារ​តំបន់​ព្រៃឡង់ និង​ធ្លាប់​បាន​ចូល​ទៅ​ធ្វើ​ជា​កម្មករ​អណ្ដូង​រ៉ែ​មាស​នៅ​តំបន់​ព្រៃឡង់ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ធំៗ​ចំនួន​ពីរ គឺ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​វៀតណាម កំពុង​ធ្វើ​សកម្មភាព​ក្នុង​តំបន់​ព្រៃឡង់ ដូចជា​នៅ​ត្រង់​ចំណុច​ស្នង​អន ឃុំ​មានរិទ្ធ ស្រុក​សណ្តាន់ ប៉ុន្តែ​គេ​មិន​ស្គាល់​ឈ្មោះ​ពិត​ប្រាកដ​របស់​ក្រុមហ៊ុន​នោះ​ទេ។

លោក ជុំ យិន ពលរដ្ឋ​រស់​នៅ​ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​មេសា ថា ក្រុមហ៊ុន​ទាំង​នោះ​បាន​កាប់​ព្រៃ​ឈើ និង​ប្រើ​ជាតិ​គីមី មាន​ដូច​ជា​មេទឹក​អាស៊ីដ​ជាដើម ដើម្បី​ចម្រាញ់​ទាញ​យក​រ៉ែ​មាស ហើយ​ពួក​គេ​បាន​បង្ហូរ​ទឹក​កាកសំណល់​ដែល​មាន​គីមី​ចូល​ទៅ​ក្នុង​ស្ទឹង អូរ និង​ទី​ទំនាប​នៅ​តំបន់​នោះ។ សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន ទឹក មច្ឆា​ជាតិ មនុស្ស សត្វ​ពាហនៈ និង​រុក្ខជាតិ​ដែល​កំពុង​លូត​លាស់។

លោក ជុំ យិន៖ «តាម​ខ្ញុំ​ឃើញ​សត្វ​គោ ក្របី​ស្លាប់​ច្រើន​មែន​ទែន។ ផឹក​ទឹក​នោះ​ហើយ​បណ្ដាល​ឲ្យ​ប៉ះពាល់​សុខភាព បណ្ដាល​ឲ្យ​ស្លាប់ ខ្ញុំ​ឃើញ​ផ្ទាល់​ភ្នែក​នៅ​តំបន់​ស្នងអន និង​អូរប៉ាវ មួយ​ឆ្នាំ​វ៉ៃ​ឲ្យ​តិច ១០​ក្បាល ទៅ ២០​ក្បាល»

ប្រជា​សហគមន៍​ការពារ​តំបន់​ព្រៃឡង់ លោក កឹម សុំបូរ បាន​ឲ្យ​ដឹង​ថា អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​នោះ មាន​លក្ខណៈ​ជា​ក្រុមហ៊ុន និង​ខ្លះ​មាន​ជា​លក្ខណៈ​អាជីវកម្ម​តូច និង​មធ្យម ហើយ​មិន​ប្រាកដ​ថា អាជីវកម្ម​ទាំង​នោះ​មាន​ច្បាប់​អនុញ្ញាត​ពី​ថ្នាក់​ណា ឬ​ក៏​អត់​នោះ​ទេ ពីព្រោះ​គេ​មិន​ដែល​បង្ហាញ​នូវ​លិខិត​អនុញ្ញាត​នោះ​ឡើយ។ ប៉ុន្តែ​គេ​ឃើញ​អាជ្ញាធរ ជា​ពិសេស​សមត្ថកិច្ច​នគរបាល មន្ត្រី​បរិស្ថាន​បាន​គាំទ្រ​សកម្មភាព​ទាំង​នោះ​យ៉ាង​ពេញ​ទំហឹង។

លោក​បន្ត​ថា អាជីវកម្ម​នីមួយៗ​សុទ្ធ​តែ​ប្រើ​ជាតិ​គីមី ហើយ​ពុំ​មាន​ការ​គ្រប់គ្រង​កាក​សំណល់​ទាំង​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ៖ «ក្រុមហ៊ុន​វៀតណាម​នោះ វា​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ ជា​លក្ខណៈ​ម៉ាស៊ីន​ធំៗ ធ្វើ​របៀប​ប្រើ​ជាតិ​គីមី បង្ហូរ​ចាក់​ច្រោះ​មក​ហើយ​អា​ជាតិ​ទឹក​ហ្នឹង​វា​ហូរ​ចាក់​ចេញ​ទៅ​ជ្រាប​ដល់​អា​ដើម​ឈើ​ធំៗ វា​ងាប់​ដើម​ឈើ​ហ្នឹង ដូច​ជា​ដើម​ផ្ចឹក ដើម​ផ្លុង ត្បែង ឃើញ​ថា ងាប់​អ៊ីចឹង ក្នុង​តំបន់​រ៉ែ​ហ្នឹង​ឃើញ​ថា មាន​តែ​មែក​អត់​មាន​ស្លឹក​ទេ ហើយ​អា​សត្វ​ហ្នឹង​គឺ​ថា វា​ហូរ​ទៅ​ដល់​ត្រង់​ណា គឺ​វា​ងាប់​ដើម​ឈើ​ត្រង់​ហ្នឹង»

ទាក់ទង​បញ្ហា​នេះ​មន្ត្រី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចុះ​អង្កេត​ករណី​រុក​រក​រ៉ែ​នេះ​ផ្ទាល់ កាល​ពី​ចុង​ខែ​មេសា និង​បាន​ចងក្រង​របាយការណ៍​មួយ​ស្ដីពី​ផល​ប៉ះពាល់​នៅ​តំបន់​នោះ។

របាយការណ៍​បាន​បង្ហាញ​ថា ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ដោយ​សកម្មភាព​រុក​រក​រ៉ែ​មាស​នៅ​តំបន់​នោះ បាន​បង្ក​ឡើង​ដោយ ​ក្រុមហ៊ុន​ចិន ឃុបឃិត​ជាមួយ​កម្លាំង​ប្រដាប់​អាវុធ និង​អាជ្ញាធរ​នៅ​មូលដ្ឋាន​នោះ​ផ្ទាល់។

​សកម្មភាព​អនាធិបតេយ្យ​នេះ​មាន​ទ្រង់ទ្រាយ​ធំ ដែល​អាច​និយាយ​បាន​ថា ជា​វិនាសកម្ម​ធនធាន​ធម្មជាតិ​យ៉ាង​ធំ ដោយ​ពុំ​មាន​ការ​ទប់​ស្កាត់។ សកម្មភាព​ទាំង​នេះ​កើត​មាន​នៅ​តំបន់​ព្រៃឡង់ ខាង​ត្បូង គឺ​ចំណុច​ប្រសព្វ​រវាង​ខេត្ត​ក្រចេះ និង​ខេត្ត​កំពង់ធំ គឺ​ស្ថិត​នៅ​ជុំវិញ​តំបន់​ភ្នំ​ជី ប្រមាណ ២០​គីឡូម៉ែត្រ។

លោក ឈឹម សាវុធ ជា​មន្ត្រី​សម្របសម្រួល​គម្រោង​ពង្រឹង​អំណាច​សហគមន៍​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា អាជីវកម្ម​រ៉ែ​មាស​នោះ​ពុំ​មាន​អ្នក​ជំនាញ​ណា​ទៅ​ពិនិត្យ​អំពី​ផល​ប៉ះពាល់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ មាន​តែ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​ចម្រុះ​បាន​នាំ​គ្នា​ទៅ​យក​តែ​លុយ​ពី​ម្ចាស់​អាជីវកម្ម​ទាំង​នោះ ហើយ​ត្រឡប់​មក​វិញ​ដោយ​ស្អប់​ស្ងាត់។

លោក ឈឹម សាវុធ៖ «ខ្ញុំ​ឃើញ​នៅ​ក្នុង​នោះ​ផ្ទាល់ ខ្ញុំ​ឃើញ​ស្ថានភាព​អនាធិបតេយ្យ​ហ្នឹង​ដែល​មាន​ទ្រង់ទ្រាយ​ធំ​មែន​ទែន ដែល​យើង​មិន​នឹក​ស្មាន​ដល់។ គ្រាន់​តែ​នៅ​តំបន់​ដែល​ខ្ញុំ​រៀប​រាប់​ខាង​លើ​ហ្នឹង ប្រហែល​ជា​មាន​ម៉ាស៊ីន​មិន​តិច​ជាង​បី​ពាន់​ទេ ដែល​កំពុង​ដំណើរ​ការ​អនាធិបតេយ្យ​នៅ​ផ្នែក​ខាង​ត្បូង​ហ្នឹង»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​រង​ខេត្ត​កំពង់ធំ លោក អ៊ុត សំអន មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​០១ ​ឧសភា ថា ក្រុមហ៊ុន​ដែល​រុក​រក​រ៉ែ​មាស​នៅ​ខេត្ត​របស់​លោក​មាន ៣ ហើយ​ក្រុមហ៊ុន​ទាំង​នោះ​សុទ្ធ​តែ​មាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​ត្រឹមត្រូវ តែ​លោក​មិន​ស្គាល់​ឈ្មោះ​ក្រុមហ៊ុន​ទាំង​នោះ​ឡើយ។ ប៉ុន្តែ​ចំពោះ​ព័ត៌មាន​ថា មាន​ការ​បំពុល​បរិស្ថាន​យ៉ាង​ណា​នោះ លោក​ពុំ​ទាន់​បាន​ដឹង​ឡើយ។

លោក អ៊ុត សំអន៖ «បាទ! សម្រាប់​ការ​ធ្វើ​អាជីវកម្ម​ជាមួយ​ក្នុង​ហ្នឹង​ដែរ គឺ​គាត់​ធ្វើ​លើ​ផ្ទៃ​ដី​ដែល​មាន​អាជ្ញាប័ណ្ណ គ្រាន់​តែ​គាត់​មាន​ការ​អនុញ្ញាត​ពី​អ្នក​ដែល​មាន​អាជ្ញាប័ណ្ណ ហើយ​ការ​ដែល​ថា មាន​ងាប់​សត្វ​ងាប់​អី​នោះ ខ្ញុំ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន ហើយ​មិន​ទាន់​មាន​ប្រតិកម្ម​ធ្វើ​ឲ្យ​ខេត្ត​ក្ដាប់​បាន ដើម្បី​ចុះ​ទៅ​ពិនិត្យ​នៅ​ឡើយ»

របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ឲ្យ​ដឹង​ដែរ​ថា កាក​សំណល់​ជាតិ​ពុល​ដែល​ចេញ​ពី​ការ​រុក​រក​រ៉ែ​នៅ​តំបន់​នោះ គេ​បាន​បង្ហូរ​ចូល​ស្ទឹង​ជីនិត ស្ទឹង​កំពង់ថ្ម ខេត្ត​កំពង់ធំ និង​ផ្នែក​ខ្លះ​ទៀត បាន​ហូរ​ចូល​អូរ ​ហើយ​បន្ត​ហូរ​ចូល​ក្នុង​ទន្លេ​មេគង្គ ត្រង់​ម្តុំ​ខេត្ត​ក្រចេះ។

មន្ត្រី​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា នឹង​ផ្ញើ​របាយការណ៍​ដែល​មាន​ទាំង​រូប​ថត និង​រូបភាព​វីដេអូ​ផង ទៅ​រដ្ឋ​សភា រដ្ឋាភិបាល ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ក្រសួង​បរិស្ថាន ក្រសួង​មហាផ្ទៃ អាជ្ញាធរ​ខេត្ត ព្រម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត​នៅ​សប្ដាហ៍​ក្រោយ​នេះ ដើម្បី​ឲ្យ​ពួក​គាត់​បាន​​យល់​ដឹង​ពី​បញ្ហា​នេះ​ និង​ចូល​រួម​ទប់​ស្ងាត់ ព្រម​ទាំង​ដោះស្រាយ​ជា​បន្ទាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។