សហគមន៍ជនជាតិភាគតិចគួយនៅស្រុករវៀង ខេត្តព្រះវិហារ បានអះអាងថា សកម្មភាពអ្នកជីករែងរ៉ែមាសដោយប្រើអាស៊ីដគីមីពុលចាក់លើដីនិងតាមទឹក កំពុងកើនឡើងនៅតំបន់របស់គេ គួរឲ្យព្រួយបារម្ភនៅពេលដែលការបង្រ្កាបរបស់អាជ្ញាធរមូលដ្ឋានគ្មានប្រសិទ្ធភាព ។
តំណាងសហគមន៍នៅឃុំរមទម្យ លោក ឃា សុខ ជាបានមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី១២ ខែឧសភា ថា ក្រុមអ្នករែងរ៉ែមាសខុសច្បាប់ជាច្រើនកំពុងសម្រុកចូលទៅជីកដីនៅចំណុចព្រៃទទឹង តំបន់ភ្នំដែក ហើយប្រើប្រាស់អាស៊ីដគីមីពុលចំរាញ់យកមាស ដោយចាក់ចោលនៅលើដីនិងតាមទឹកធ្វើឲ្យអ្នកភូមិនិងសត្វចិញ្ចឹមប្រឈមមុខនឹងគ្រោះថ្នាក់ ។
លោក ឃា សុខ មានប្រសាសន៍ដូច្នេះ ថា ៖ «ចេះតែមានហើយមិនបាត់សោះ នៅតែដំណើរការរហូត មិនបាត់សោះ មិនដឹងរកវិធានការយ៉ាងណា» ។
ក្រុមអ្នកភូមិនិយាយថា ថ្មីៗនេះ សកម្មភាពអ្នកជីកដីរែងយករ៉ែមាសបានធ្វើឡើងជាចំហដោយដឹកជញ្ជូនអាចម៌ដីតាមរថយន្ត ។
អ្នកភូមិបានចោទប្រកាន់មន្រ្តីយោធាផ្នែកស៊ើបការណ៍ម្នាក់ ឈ្មោះ ប៉ែន សោង ប្រចាំនៅតំបន់នោះថា មានជាប់ពាក់ព័ន្ធនិងជាខ្នងបង្អែកអ្នករែងរ៉ែមាសខុសច្បាប់ទាំងនោះ ។ ប៉ុន្តែ មិនអាចស្វែងរកការជួបបំភ្លឺពីមន្រ្តីយោធា ឈ្មោះ ប៉ែន សោង បានទេ ។
អធិការនគរបាលស្រុករវៀង លោក គាំ សៀម បានមានប្រសាសន៍ថា អ្នករែងរ៉ែមាសខុសច្បាប់ទាំងនោះ ខ្លះជាអ្នកភូមិនិងខ្លះទៀតជាអ្នកមកពីតំបន់ផ្សេងៗ ។
ចំណែកប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល ខេត្តព្រះវិហារ លោក សំ លាងនី បានមានប្រសាសន៍ទទួលស្គាល់ថា សកម្មភាពរែងរ៉ែមាសខុសច្បាប់នោះបានកើតមានជាច្រើនកន្លែង ហើយអ្នកធ្វើភាគច្រើនជាទាហាន ។
មន្ត្រីដដែលបានមានប្រសាសន៍ថា កាបង្រ្កាបសកម្មភាពនោះ ជាការពិបាកដោយសារភូមិសាស្រ្តព្រៃធំនិងរូបភាពរែងរ៉ែមាសធ្វើនៅតាមកន្លែងតូចៗ ហើយអាជ្ញាធរគ្មានមធ្យោបាយគ្រប់គ្រាន់ក្នុងការបង្រ្កាបជាប្រចាំថ្ងៃទេ ៖ «មានជាពិសេសច្រើនជាពួកទាហាន ហើយយើងបង្រ្កាបនោះសឹងថាមិនឈ្នះឥឡូវហ្នឹង ព្រោះក្នុងភូមិសាស្រ្តហ្នឹងវាធំ ដី ៤-១០គីឡូម៉ែត្រ វាសុទ្ធតែព្រៃ អ៊ីចឹងទៅកន្លែងខ្លះវាទៅធ្វើអាងហ្នឹង ១ម៉ែត្រកន្លះអី ៤ជ្រុងអាចម៍ដីប្រហែល២គូបអីអ៊ីចឹង មួយថ្ងៃពីរថ្ងៃ វារើទៅផ្សេងទៅ» ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ឋិមនុស្ស អាដហុក ខេត្តព្រះវិហារ លោក ហោ នាថ បានបន្ទោសអាជ្ញាធរខេត្តស្រុកថា ពុំមានឆន្ទៈក្នុងការបង្រ្កាបអំពើនោះទេ ៖ «សហគមន៍បានផ្ដល់ព័ត៌មានមកថា ចាប់ផ្ដើមមុននេះឯងឃើញដឹកទាំងឡានៗយកដី ។ អាជ្ញាធរខេត្តស្រុកហាក់បីដូចជាមិនអើពើចំពោះបញ្ហាផលប៉ះជាតិគីមីហ្នឹង» ។
ក្រុមសហគមន៍បានឲ្យដឹងថា នៅដើមរដូវវស្សានេះ គេមានម្រោងប្រមូលផ្តុំអ្នកភូមិម្តងទៀតដើម្បីចុះកម្ទេចចោលកន្លែងរែងរ៉ែមាសខុសច្បាប់ទាំងនោះ ។
តំណាងសហគមន៍ជនជាតិភាគតិចមួយរូបឲ្យដឹងថា ដោយសារឥទ្ធិពលជាតិអាស៊ីដគីមីដែលអ្នករែងរ៉ែមាសបានចាក់ចោលនៅលើដីនិងតាមទឹក បណ្តាលឲ្យអ្នកភូមិជាច្រើនកំពុងទទួលរងជំងឺផ្តាសាយ ។
តាមអ្នកភូមិអះអាងថា ចាប់ពីអំឡុងខែធ្នូ ឆ្នាំ២០០៧ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០០៨ មានសត្វគោនិងក្របីជាង ២០ក្បាលមកហើយ បានងាប់ដោយសារជាតិអាស៊ីដគីមីពុល ដែលក្រុមអ្នករែងរ៉ែមាសចាកចោលនៅលើដីនិងតាមទឹកនោះ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
សកម្មភាពកាប់ព្រៃឈើខុសច្បាប់បន្តកើតមាននៅស្រុកបរកែវ ខែត្ររតនគិរី
ទាហាននៅស្រុកកោះសូទិន ខែត្រកំពង់ចាម ចោទថាមេកាត់ប្រាក់ខែ
មន្រ្តីក្រសួងកសិកម្មជាង១០០នាក់តវ៉ាពីការលក់ដីនៅសង្កាត់ស្ទឹងមានជ័យ
នៅក្រចេះ កម្មករប្រមាណ៣០នាក់នាំគ្នាតវ៉ាទាមទារឲ្យក្រុមហ៊ុនចិនសងប្រាក់ឈ្នួលការងារ
អង្គការមួយគ្រោងចែកសៀវភៅច្បាប់ចរាចរណ៍ដល់អ្នកបើកបរក្នុងក្រុងភ្នំពេញ
កម្ពុជាគ្រោងនឹងផ្លាស់ប្ដូរឯកអគ្គរាជទូតចំនួន៧រូប
លទ្ធផលជំរឿនបង្ហាញថា កម្ពុជាមានបច្ចុប្បន្នមានប្រជាជន ជាង១៣លាននាក់
មតិពលរដ្ឋជុំវិញការផាកពិន័យរបស់ប៉ូលិសចរាចរណ៍
ខ្មែរអ៊ិស្លាមស្វាគមន៍និងរីករាយចំពោះខែបួស
អធិករណ៍នៅវត្តវារិន្ទ ក្នុងសង្កាត់ព្រែកលៀប នៅមិនទាន់ដោះស្រាយចេញនៅឡើយ