ពលរដ្ឋ​ខេត្ត​កណ្ដាល​ចោទ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស​ថា​បោកប្រាស់

ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​កណ្ដាល ប្រមាណ ២០នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាខា​ក្រុមហ៊ុន​ស៊ី.ធី (CT) មាន​ទីតាំង​ក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​កិច្ច​សន្យា និង​សង​ប្រាក់​កក់​ជូន​ពួក​គេ​វិញ។

0:00 / 0:00

បុរស​ឈ្មោះ មួក សេង តំណាង​ពលរដ្ឋ​ស្រុក​លើក​ដែក ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៣ ខែ​តុលា ថា ក្រុមហ៊ុន​ស៊ី.ធី បាន​បោក​យក​ប្រាក់​ពី​ពួក​គាត់​ក្នុង​ម្នាក់​ចំនួន ១៤០​ដុល្លារ ដោយ​សន្យា​នាំ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ប៉ុន្តែ​លោក​ថា បាន​អូស​បន្លាយ​ពេល ៩ខែ​ហើយ ដែល​តំណាង​ក្រុមហ៊ុន​មិន​អនុវត្ត​តាម​កិច្ច​សន្យា​របស់​ខ្លួន​ទេ។

តំណាង​ពលរដ្ឋ​រូប​នេះ បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ស៊ី.ធី ផ្តល់​ប្រាក់​កក់ ឬ​ប្រាក់​ចំណាយ​ផ្សេងៗ ជូន​ពួក​គាត់​វិញ។

អ្នកស្រី សេង សារ៉ន មាន​កូន​ចំនួន ៦នាក់ បាន​ដាក់​ពាក្យ​រក​ការងារ​ធ្វើ​នៅ​ក្រុមហ៊ុន​ស៊ី.ធី ដែរ ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​រក​យុត្តិធម៌ និង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​បង្វិល​លុយ​ចំនួន ១៤០​ដុល្លារ ក្នុង​ម្នាក់ៗ​ជូន​ពួក​គាត់​វិញ។

ស្ត្រី​វ័យ​ក្មេង​ច្រើន​នាក់​ទៀត ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រុមហ៊ុន​ស៊ី.ធី ព្រឹក​ថ្ងៃ​ទី៣ ខែ​តុលា ក៏​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌។

ពលរដ្ឋ​បញ្ជាក់​ថា ពួក​គាត់​បាន​ដាក់​ពាក្យ​រក​ការងារ​ធ្វើ​នៅ​ក្រុមហ៊ុន​ស៊ី.ធី នា​ដើម​ខែ​មករា ឆ្នាំ​២០១២ ដោយ​ក្រុមហ៊ុន​សន្យា​ថា​នឹង​នាំ​ទៅ​ធ្វើ​ការ​តាម​រោងចក្រ​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ​មក​ដល់​ខែ​តុលា នេះ ក្រុមហ៊ុន​មិន​បាន​គោរព​សន្យា​ទេ។

ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន​ស៊ី.ធី លោក ឡាច ចិត្រា បាន​គេច​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ទេ។ ប៉ុន្តែ បុគ្គលិក​មិន​បង្ហាញ​អត្តសញ្ញាណ​ម្នាក់ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ស៊ី.ធី ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ការងារ​ស្រប​ច្បាប់​នៅ​ក្រៅ​ប្រទេស។ លោក​ទទួល​ស្គាល់​ភាព​យឺតយ៉ាវ​ក្នុង​ការ​នាំ​ពលករ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​បោកប្រាស់​ពលរដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ដើម្បី​បំភ្លឺ​ជុំវិញ​កង្វល់​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ស៊ី.ធី បាន​ទេ នៅ​ថ្ងៃ​ទី៣ ខែ​តុលា។ ប៉ុន្តែ​កន្លង​មក លោក​មាន​ប្រសាសន៍​ថា បើ​មាន​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​មក​ក្រសួង​តាម​រយៈ​ប៉ូលិស​មូលដ្ឋាន ក្រសួង​មហាផ្ទៃ​នឹង​បើក​ការ​ស៊ើប​អង្កេត។

ទាក់​ទិន​បញ្ហា​នេះ លោក យ៉ាណាវុធ នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម​កម្ពុជា (CARAM) បាន​ថ្លែង​ថា បើ​មាន​បណ្ដឹង​ពី​ពលរដ្ឋ អង្គការ​នេះ​នឹង​ជួយ​ផ្នែក​ច្បាប់​ជូន​ប្រជាពលរដ្ឋ បើ​ពិត​ជា​ក្រុមហ៊ុន​ស៊ី.ធី មាន​បំណង​បោក​ពលរដ្ឋ​ដូច​ការ​ចោទ​មែន​នោះ។

លោក​បាន​ឲ្យ​ដឹង​ថា ពលករ​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស ទោះ​តាម​ក្រុមហ៊ុន​ស្រប​ច្បាប់ ឬ​ខុស​ច្បាប់​ក្តី នៅ​បន្ត​ជួប​បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​ផ្លូវ​កាយ និង​ចិត្ត ពី​សំណាក់​ក្រុមហ៊ុន ឬ​ម្ចាស់​ផ្ទះ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។