ស្រីលក្ខណ៍ ក៏ដូចជាស្ត្រីកម្ពុជាវ័យក្មេងជាច្រើនទៀតដែរ បានចាកចេញពីស្រុកកំណើតរបស់ខ្លួនមកទីក្រុងភ្នំពេញ ដើម្បីស្វែងរកការងារនៅតាមរោងចក្រកាត់ដេរ។ ប៉ុន្តែវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០០៨ បានបង្ខំឲ្យស្រីលក្ខណ៍ និងកម្មការិនីជាច្រើននាក់ទៀត បង្ខំចិត្តទៅបម្រើការងារក្នុងវិស័យសេវាកម្សាន្ត ហើយជម្រើសចុងក្រោយបានក្លាយទៅជាស្ត្រីបម្រើផ្លូវភេទ។
ស្រីលក្ខណ៍ បច្ចុប្បន្នមានអាយុ ២៥ឆ្នាំ បានចាកចេញពីខេត្តកំពង់ចាម មកធ្វើការងាររោងចក្រនៅភ្នំពេញ មិនបានប៉ុន្មានឆ្នាំផងរោងចក្របានបិទទ្វារ។ នាងគ្មានជម្រើសអ្វីក្រៅពីទៅបម្រើការងារនៅតាមហាងខារ៉ាអូខេ ហើយបានធ្លាក់ខ្លួនជាស្រីបម្រើផ្លូវភេទ។
អង្គការពលកម្មអន្តរជាតិ (ILO) ក្នុងរបាយការណ៍សិក្សាពីការជះឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចកម្ពុជាទៅលើវិស័យកាត់ដេរ ចេញផ្សាយកាលពីដើមខែកក្កដា បានរកឃើញថា កម្មការិនីដែលបាត់បង់ការងាររោងចក្របានងាកទៅប្រកបការងារតាមវិស័យកម្សាន្តវិញ។
របាយការណ៍បង្ហាញថា ស្ត្រីធ្វើការងារក្នុងវិស័យកម្សាន្តបានសម្រេចចិត្តប្រកបរបរផ្លូវភេទដោយមិនផ្ទាល់ ដោយសារតម្រូវការផ្នែកសេដ្ឋកិច្ចសម្រាប់ការជួលផ្ទះ ម្ហូបអាហារ និងលុយសម្រាប់ផ្ញើទៅផ្ទះ។ របាយការណ៍បន្ថែមថា ស្ត្រីធ្វើការងារតាមវិស័យកម្សាន្តបានទទួលរងការរំលោភបំពានផ្នែករាងកាយ និងផ្លូវភេទ។ ការគាបសង្កត់មិនឲ្យប្រើប្រាស់ស្រោមអនាម័យក្នុងការរួមភេទ និងការបង្ខំឲ្យផឹកជាតិស្រវឹង។

វិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០០៨ និង ២០០៩ មានរោងចក្រច្រើនជាង ១០០រោងចក្របានបិទ ហើយកម្មករប្រមាណ ៥ម៉ឺននាក់បានបាត់បង់ការងារ។ បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រប្រមាណជាង ៣០០រោងចក្រ និងមានកម្មករប្រមាណជាង ៣០ម៉ឺននាក់។
ក្រសួងកិច្ចការនារី ក្នុងកិច្ចខំប្រឹងប្រែងទប់ស្កាត់ស្ត្រីបាត់បង់ការងាររោងចក្រ ដែលបានក្លាយជាអ្នកប្រកបរបរនៅតាមវិស័យកម្សាន្ត ក្រសួងបានបង្កើតមណ្ឌលបង្រៀនវិជ្ជាជីវៈនៅតាមខេត្ត ដើម្បីបង្រៀនស្ត្រីទាំងនោះ ចៀសវាងកុំឲ្យពួកគេមកប្រកបរបរនៅទីក្រុង។ រដ្ឋាភិបាលបានក៏បានចំណាយថវិកាជាតិចំនួន ៦លានដុល្លារ ដើម្បីបង្កើនការបណ្ដុះបណ្ដាលទៅឲ្យកម្មករ ដែលបាត់បង់ការងារក្នុងរយៈពេលនៃវិបត្តិការងារ។
ទោះបីជាយ៉ាងណាក៏ដោយ គណបក្សជំទាស់ស្នើឲ្យរដ្ឋាភិបាលបង្កើតមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់បង្រៀនប្រជាពលរដ្ឋ ដែលចង់ទៅបម្រើការងារនៅបរទេស ជាជាងឲ្យក្រុមហ៊ុនឯកជនបង្រៀនពួកគេ ហើយក្រុមហ៊ុនទាំងនោះរកផលចំណេញពីកម្មករ។
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃព្រហស្បតិ៍ ទី២៩ កក្កដា ថា ក្រសួងជំរុញការបណ្ដុះបណ្ដាលស្ត្រីដែលបាត់បង់ការងារនៅតាមមូលដ្ឋានរបស់ពួកគេ ជាផ្នែកមួយជួយបញ្ចៀសគ្រោះថ្នាក់របស់ស្ត្រីទាំងនោះក្នុងការស្វែងរកការងារនៅភ្នំពេញ។
លោកស្រីបន្ថែមថា លោកស្រីទទួលស្គាល់ថា ស្ត្រីបម្រើការងារនៅតាមវិស័យកម្សាន្តងាយស្រួល និងរងគ្រោះការរំលោភបំពារបំពានផ្សេងៗ។ បច្ចុប្បន្នក្រសួងកំពុងធ្វើការងារជាមួយអង្គការផ្សេង ដើម្បីពន្យល់ស្ត្រីបម្រើការងារកម្សាន្តអំពីសិទ្ធិរបស់ពួកគេ។
អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងតំណាងរាស្ត្របក្សជំទាស់ លោកស្រី មូរ សុខហួរ មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា រដ្ឋសភាបានអនុម័តថវិកាពិសេស ដើម្បីឲ្យរដ្ឋាភិបាលជួយដល់កម្មករដែលបាត់បង់ការងារក្នុងវិស័យកាត់ដេរ។ ប៉ុន្តែក្រសួងការងារបានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជន បណ្ដុះបណ្ដាលពលករកម្ពុជាទៅវិញ ដូច្នោះក្រុមហ៊ុនទាំងនោះយកផលចំណេញពីពលរដ្ឋទាំងនោះ។ ក្រសួងការងារត្រូវបង្រៀនប្រជាពលរដ្ឋនូវចំណេះដឹងផ្សេងទៀត ក្រៅពីការងារដេរតែមួយមុខ។
មន្ត្រីជាន់ខ្ពស់របស់សមាគមកាត់ដេរកម្ពុជា លោក ជាតិ ខេមរា បានឯកភាពថា វិបត្តិសេដ្ឋកិច្ចនៅកម្ពុជាបានជំរុញឲ្យរោងចក្របិទទ្វារនៅកម្ពុជា។ រោងចក្រប្រមាណ ១០០រោងចក្របានបិទទ្វារ ហើយកម្មករប្រមាណ ៥ម៉ឺននាក់បាត់បង់ការងារ។ បច្ចុប្បន្នទោះបីវិស័យកាត់ដេរបាននិងកំពុងងើបឡើងវិញក៏ដោយ ក៏វានៅមិនទាន់ប្រសើរមុនវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ដែរ។
កញ្ញា សុភ័ណ ជាអតីតកម្មកររោងចក្រប្រាប់វិទ្យុអាស៊ីសេរីថា កញ្ញាកំពុងបម្រើការងារនៅក្លឹបកម្សាន្ត ហើយកំពុងធ្លាក់ខ្លួនបម្រើការងារផ្លូវភេទ បន្ទាប់ពីវិបត្តិសេដ្ឋកិច្ច។ សុភ័ណ ធ្លាប់ជួបការរំលោភបំពានពីសំណាក់ភ្ញៀវ ប្រសិនបើកញ្ញាមិនផឹកជាតិស្រវឹង។
អង្គការពលកម្មអន្តរជាតិស្នើឲ្យមានយុទ្ធនាការមួយ ប្រឆាំងនឹងការរំលោភបំពានក្នុងវិស័យកម្សាន្តនេះ ហើយត្រូវឲ្យម្ចាស់កន្លែងកម្សាន្តទាំងនោះទទួលខុសត្រូវចំពោះការរំលោភទាំងនោះ៕
