IMF៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា ​កើន​ចន្លោះ​ពី ៤,៥%​ទៅ​៥% ក្នុង​ឆ្នាំ​២០១០

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា IMF មាន​ទីស្នាក់ការ​នៅ​ទីក្រុង​វ៉ា​ស៊ីន​តោន សហ​រដ្ឋ​អាមេរិក បាន​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​​កម្ពុជា ឬ​ហៅ​ថា​ផលិតផល​ក្នុង​ស្រុក​សរុប GDP នា​ឆ្នាំ​​​២០១០ មាន​កំណើន​ចន្លោះ​ពី ៤,៥%​ទៅ​៥%។

ថ្លែង​ក្នុង​សន្និសីទ​កាសែត រសៀល​ថ្ងៃ​ទី​១០ ខែ​កញ្ញា លោក Olaf Unteroberdoerster អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់ ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក របស់​មូលនិធិ​រូបិយវត្ថុ​អន្តរ​ជាតិ​ឲ្យ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ​២០១០ មាន​ចន្លោះ​ពី ៤,៥%​ទៅ​៥%។ កំណើន​នេះ គឺ​ដោយ​សារ​តែ​ការ​នាំ​ចេញ​សំលៀក​បំពាក់​កាត់​ដេរ និង​ចំនួន​ភ្ញៀវ​ទេសចរ​​អន្តរ​ជាតិ ចូល​ទស្សនា​ប្រទេស​​កម្ពុជា​​ជា​ធម្មតា​ឡើង​វិញ។ ក្នុង​នោះ​ការ​នាំ​ចេញ​វិស័យ​កាត់​ដេរ និង​ចំនួន​ភ្ញៀវ​ទេសចរ បាន​កើន​ឡើង​ចន្លោះ​ពី ១០%​ទៅ​២០% នៅ​ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០១០៕