កម្មករខ្មែរដែលថៃចាប់បញ្ជូនមកវិញបានថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះនាព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ថា ប៉ូលិសអន្តោប្រវេសន៍ខ្មែរនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានយកលុយចំនួន២០០បាតពីរូបលោកនិងអ្នកផ្សេងទៀត ខណៈដែលពួកគេត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនមកដីខ្មែរវិញ។
កម្មករដដែលបានឲ្យដឹងថា ៖ «ខ្ញុំចេះតែឆ្ងល់ដែរ ថៃគេអត់យកលុយ ហើយខ្មែរយើងយកលុយម្នាក់២០០បាត»។
ចំណែកឯពលរដ្ឋនៅក្រុងប៉ោយប៉ែតបានអះអាងបន្ថែមថា ៖ «ពួកបាងកកហ្នឹងយក មក២០០បាតតាមតម្លៃវា។ ឥឡូវតាមតិចតាមច្រើន យើងអត់ទៅ ឲ្យសាមសិប សែសិប ហាសិបបាត តាមការជម្រេញរបស់វា»។
ទាក់ទិនករណីខាងលើនេះ លោក ហ៊ុន ហ៊ាន ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា នគរបាលខេត្តមិនពាក់ព័ន្ធក្នុងករណីខាងលើនេះទេ គឺជាសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍មកពីក្រសួងមហាផ្ទៃ។
លោក ហ៊ុន ហ៊ាន បានបញ្ជាក់ថា ៖ «យើងគ្រាន់តែបានទៅទទួល យើងគ្រាន់តែសុំពេលគេទៅសម្ភាសប្រជាពលរដ្ឋ ពលករដែលថៃបញ្ជូនមកឲ្យហ្នឹង។ យើងបានត្រឹមតែទៅសម្ភាសទេ»។
លោក សៅ ប៊ុនរិទ្ធ ប្រធាននគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតមិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីខាងលើនេះទេ។
លោក គាត ថារិទ្ធិ មន្ត្រីនាំពាក្យអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងរយៈពេលកន្លងមកនេះក្រសួងមហាផ្ទៃបានធ្វើការអប់រំណែនាំមិនឲ្យមានការយកលុយពីប្រជាពលរដ្ឋ។
លោក គាត ថារិទ្ធិ បានមានប្រសាសន៍ថា ៖ «មិនដែលអគ្គឬក៏ក្រសួងកំណត់ឲ្យយកលុយខុសច្បាប់ទេ កុំថាតែរឿងហ្នឹង រឿងស្អីក៏ដោយ! មានតែអប់រំ មានតែត្រួតពិនិត្យ ជាគោលការណ៍គឺយើងអត់មានធ្វើអ៊ីចឹងទេ ច្បាប់ទម្លាប់ វិន័យ សីលធម៌»។
លោក ស៊ុម ចាន់គា មន្ត្រីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានហៅការយកលុយពីកម្មករខ្មែរដែលថៃចាប់បញ្ជូនមកវិញក្នុងម្នាក់ៗចំនួន២០០បាតនេះ ថាជាទង្វើអាក្រក់បំផុត។
លោក ស៊ុម ចាន់គា បានថ្លែងថា ៖ «អ៊ីចឹងហើយខាងក្រសួងខាងអីគួរតែពិនិត្យទៅលើច្រកហ្នឹង ហើយនិងទៅលើមន្ត្រីហ្នឹង ថាតើមន្ត្រីហ្នឹងយកហ្នឹង គាត់យកទៅណា? យកទៅដាក់ហោប៉ៅខ្លួនឬយកទៅឲ្យអស់លោកណាមួយ? ឬក៏ដើម្បីជាចំណូលថវិការដ្ឋ?»។
កាលពីថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា មជ្ឈមណ្ឌលសំចតប៉ោយប៉ែតបានបង្ហាញតួលេខថា ចំនួនប្រជាពលរដ្ឋខ្មែរដែលថៃចាប់បញ្ជូនមកវិញនៅឆមាសទី១ដើមឆ្នាំ២០០៩នេះ មានពលករខ្មែរសរុប ៥៥.០៥៤នាក់។
អតីតប្រធាននគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក ពេជ្រ សារ៉ន ត្រូវបានផ្លាស់ចេញពីតំណែង ដោយសារលោករងការចោទពីសំណាក់ប្រជាពលរដ្ឋនិងកម្មករជាបន្តបន្ទាប់ទាក់ទិននឹងករណីដូចគ្នានេះ ហើយក្រសួងមហាផ្ទៃបានសម្រេចដាក់ លោក សៅ ប៊ុនរិទ្ធិ ប្រធានច្រកថ្មីជំនួសមកវិញ ប៉ុន្តែរឿងអាស្រូវជុំវិញការយកលុយកាក់ពីកម្មករខ្មែរនៅតែកើតមានជាបន្ត៕
