មូរ សុខហួរ សម្ដែង​ការខក​ចិត្ត​ចំពោះ​ការដក​អភ័យ​ឯកសិទ្ធិ

អ្នក​តំណាង​រាស្រ្ត​ស្រ្តី​ពី​ខែត្រ​កំពត​ដែល​ត្រូវ​រដ្ឋសភា​កម្ពុជា​ទើប​នឹង​ដក​អភ័យ​ឯកសិទ្ធិ​ជា​អ្នក​តំណាង​រាស្រ្ត​កាលពី​សប្តាហ៍​មុន​បាន​ឲ្យ​ដឹង​ថា ស្រ្តី​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ក៏​ដូច​ជា​អ្នក​មុខ​អ្នក​ការ​ស្រ្តី ព្រម​ទាំង​ក្រុម​នីតិ​បញ្ញត្តិ​ស្រ្តី​នៃ​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ដល់​កម្ពុជា បាន​សម្តែង​ក្តី​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ដំណឹង​ស្តីពី​ការដក​អភ័យ​ឯកសិទ្ធិ​នេះ។

លោកស្រី មូរ សុខហួរ ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ម៉ុងរ៉េអាល់​នៃ​ប្រទេស​កាណាដា, បូរី​ញូវយ៉ក​និង​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ក្នុង​សប្តាហ៍​កន្លង​ទៅ​នេះ បាន​មាន​ប្រសាសន៍​ថា សហគមន៍​ស្រ្តី​ខ្មែរ​ដែល​លោក​ស្រី​បាន​ជួប​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ស្វះស្វែង​រក​អន្តរាគមន៍​ពី​ក្រុម​អ្នក​តំណាង​រាស្រ្ត​ក្នុង​ប្រទេស​ដែល​គេ​កំពុង​រស់នៅ​ឲ្យ​ពិនិត្យ​មើល​សកម្មភាព​រដ្ឋ​សភា​ប្រទេស​កម្ពុជា និង​ចាត់​វិធានការ​សមស្រប​ដើម្បី​ឲ្យ​ការអនុវត្ត​របប​ប្រជាធិបតេយ្យ​មាន​ដំណើរ​ស្រប​ទៅ​នឹង​សេចក្តី​ប្តេជ្ញា​របស់​សហគមន៍​អន្តរជាតិ​ដែល​បាន​ចែង​យ៉ាង​ច្បាស់​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា។

លោកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​បាន​ជួប​ជាមួយ​នឹង​តំណាង​រាស្ត្រ ព្រម​ទាំង​ព្រឹទ្ធ​សភា​នៃ​សហរដ្ឋ​អាមេរិក​ទាំងអស់​មាន​៨​រូប ដែល​គេ​ជា​គណៈកម្មការ​ជួយ​បង្កើត​ឲ្យ​មាន​ក្រុម​មួយ​គេ​ហៅ​ថា Women Caucus នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ។ ខ្ញុំ​បាន​ជួប​ជាមួយ​នឹង​ព្រឹទ្ធ​សភា​៤​រូប គឺ​សុទ្ធតែ​ជា​ព្រឹទ្ធ​សភា​ដែល​មាន​ឈ្មោះ​ល្បីល្បាញ ដូច​ជា​ព្រឹទ្ធ​សភា​ក្នុង​រដ្ឋ​ញូវយ៉ក នៅ​ក្នុង​រដ្ឋ​មីនីសូតា ដែល​មាន​ពលរដ្ឋ​ខ្មែរ​យើង​ច្រើន ហើយ​លោក​ជំទាវ​ទាំងអស់​នោះ​មាន​ការភ្ញាក់ផ្អើល​ក្នុង​ការដក​អភ័យ​ឯកសិទ្ធិ​របស់​ខ្ញុំ ហើយ​គេ​សុំ​ឲ្យ​គណៈកម្មការ​របស់​គេ​ដែល​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​រឿង​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ​និង​សិទ្ធិ​ស្ត្រី​នេះ គេ​នឹង​មក​មើល​ក្នុង​ករណី​របស់​ខ្ញុំ ក៏​ដូច​ជា​ការវិវត្តន៍​នៃ​រឿង​សិទ្ធិ​ស្ត្រី​នៅ​ប្រទេស​កម្ពុជា​ដែរ»

អ្នក​តំណាង​រាស្រ្ត​ស្រ្តី​នៃ​គណបក្ស​សមរង្ស៊ី​មក​ពី​ខែត្រ​កំពត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា លោក​ស្រី​មិន​បាន​អំពាវនាវ​ឲ្យ​មាន​ការផ្តាច់​ជំនួយ​ចំពោះ​រដ្ឋាភិបាល​ភ្នំពេញ​នោះ​ទេ ប៉ុន្តែ​លោក​ស្រី​បាន​សុំ​ឲ្យ​ប្រទេស​ផ្តល់​ជំនួយ​ទាំងឡាយ​ចុះ​ពិនិត្យ​ការអនុវត្ត​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​និង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ជា​ពិសេស​ចំពោះ​ស្រ្តី​ភេទ។

លោកស្រី មូរ សុខហួរ ដែល​ត្រូវ​ហោះ​ទៅ​កាន់​ទីក្រុង ASPEN នៃ​រដ្ឋ​កាឡូរ៉ាដូ នៅ​ពេល​បន្តិច​ទៀត​នេះ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​អន្តរជាតិ​ពី​បញ្ហា​ស្រ្តី​ដែល​លោក​ស្រី​ជា​សកម្មជន​នៃ​ក្រុម​ស្រ្តី​អន្តរជាតិ​ប្រមាណ​២០​ឆ្នាំ​មក​ហើយ​នោះ​បាន​ពណ៌នា​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​ថា​នៅតែ​មាន​ការរើសអើង​ចំពោះ​ស្ត្រី​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ឡើយ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ លោកស្រី​បាន​អំពាវនាវ​ជា​ពិសេស​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ដែរ​នោះ​ឲ្យ​គោរព​ហត្ថលេខា​របស់​ខ្លួន ដោយ​លោក​ស្រី​បាន​ប្រដូច​ថា ភាព​ល្មើស​នឹង​ហត្ថលេខា​របស់​ខ្លួន​នោះ​គឺ​ជា​ការយក​ជើង​ទៅ​លុប​ស្មារតី​ខ្លួន​ឯង​ដែល​យល់ព្រម​រួច​ហើយ​ក្នុង​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​នោះ។

លោកស្រី មូរ សុខហួរ បាន​បញ្ជាក់​ថា ៖ «យើង​មាន​មោទនភាព​ណាស់​ជា​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ដែល​ឯករាជ្យ ហើយ​យើង​មាន​មោទនភាព​ដែល​រដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខា​នូវ​អនុសញ្ញា​ដ៏​សំខាន់ៗ តែ​នៅ​ក្នុង​ពេល​ណា​យើង​ចុះ​ហត្ថលេខា​ហើយ យើង​ជា​ប្រជាពលរដ្ឋ​ក្ដី​ហើយ​រដ្ឋាភិបាល​ក្ដី​គឺ​យើង​ត្រូវតែ​មាន​ការទទួល​ខុស​ត្រូវ។ យើង​ចុះ​ហត្ថលេខា​នៅ​នឹង​ដៃ ហើយ​ក៏​យើង​ត្រូវតែ​គោរព​ទៅ​តាម​ស្មារតី​ហ្នឹង​ដោយ​យើង​មិន​យក​ជើង​យើង​លុប​នូវ​ហត្ថលេខា​ស្មារតី​យើង​ក្នុង​ការទទួល​ខុស​ត្រូវ​នូវ​អនុសញ្ញា​នានា​ដែល​យើង​បាន​ចុះ​ហត្ថលេខា​ទៅ​ហើយ​ទេ»