មន្ត្រី​ទូតអាមេរិក​និង​សិទ្ធិមនុស្ស​បារម្ភ​អំពី​ការប៉ុនប៉ង​ដក​អភ័យ​ឯកសិទ្ធិ​សម​រង្ស៊ី

សហរដ្ឋ​អាមេរិក​និង​មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ១៨ មិថុនា ថា ការប៉ុនប៉ង​ដក​អភ័យ​ឯកសិទ្ធិ​សភា​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី គឺ​ជា​ការគំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​ការបោះឆ្នោត​នាពេល​ខាងមុខ​នេះ ។

0:00 / 0:00

លោក ចេហ្វ ដៃហ្គល (Jeff Daigle) ទទួល​បន្ទុក​ផ្នែក​កិច្ចការ​សធារណៈ​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោក សម រង្ស៊ី នឹង​គេច​មិន​ផុត​ពី​ការចាប់​ខ្លួន ប្រសិន​បើ​គេ​ធ្វើ​មែន​នោះ ហើយ​ការចាប់​ខ្លួន​នេះ​នឹង​នាំ​ឲ្យ​មាន​បរិយាកាស​អាក្រក់​ណាស់​សម្រាប់​ការបោះឆ្នោត ។

លោក ចេហ្វ ដៃហ្គល មាន​ប្រសាសន៍​បន្ត​យ៉ាង​ដូច្នេះ ៖ «នៅ​មាន​អំណរ​សាទរ​ចំពោះ​ការដោះលែង​លោក ដាំ សិទ្ធិ និពន្ធនាយក​កាសែត​មនសិការ​ខ្មែរ ។ យើង​គិត​ថា ការបន្ត​ឃុំ​ខ្លួន​របស់​គាត់ នឹង​ធ្វើ​ឲ្យ​ខូច​ដល់​មុខមាត់​របស់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ ។ ក៏​ប៉ុន្តែ យើង​មាន​ការសោកស្ដាយ​ចំពោះ​ករណី​ប្ដឹងផ្ដល់​ដ៏​ចម្រូងចម្រាស​ដែល​ធ្វើ​ទៅលើ​លោក សម រង្ស៊ី នៅ​មុន​ថ្ងៃ​បោះឆ្នោត ហើយ​ប្រកាស​នេះ​នឹង​អាច​ធ្វើ​ឲ្យ​មាន​បរិយាកាស​អាក្រក់​ណាស់​ដល់​ការចាប់ផ្ដើម​ដ៏​ចាំបាច់​នៃ​ការបោះឆ្នោត​ប្រកប​ដោយ​លទ្ធិ​ប្រជាធិបតេយ្យ»

ប្រតិកម្ម​នេះ​បាន​ធ្វើឡើង នៅ​បន្ទាប់​ពី​តុលាការក្រុង​ភ្នំពេញ បាន​ស្នើ​ជា​បន្ទាន់​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ កន្លង​ទៅ សុំ​ឲ្យ​រដ្ឋសភា​ព្យួរ​អភ័យ​ឯកសិទ្ធិ​របស់​លោក សម រង្ស៊ី ជា​បណ្ដោះ​អាសន្ន​ក្នុង​ការសង្ស័យ​ពី​បទបរិហារកេរ្តិ៍​លោក ហោ ណាំហុង ដែល​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថា ជា​មេគុក​បឹងត្របែក ក្នុង​សម័យ​ខ្មែរក្រហម ។

គណៈកម្មាធិការប្រព្រឹត្តិកម្ម និង​មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កំពុង​មាន​ការព្រួយ​បារម្ភ​ថា លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ចាប់​ខ្លួន បន្ទាប់​អំពី​ការទាមទារ​ព្យួរ​អភ័យ​ឯកសិទ្ធិ​នេះ ។

អ្នកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា ៖ «ជាពិសេស យើង​ព្រួយ​បារម្ភ​ថា នៅ​ពេល​មុន​បោះឆ្នោត​អ៊ីចឹង មាន​ការចាប់​ចង​គណបក្ស​ជំទាស់​អ៊ីចឹង ខ្ញុំ​ខ្លាច​ថា វា​ចោលសារ​មួយ​អវិជ្ជមាន​ទៅ​ដល់​អ្នកបោះឆ្នោត​ទាំងអស់​គ្នា ធ្វើ​ឲ្យ​អ្នកបោះឆ្នោត​មាន​ការភិតភ័យ មិន​សូវ​ហ៊ាន​បញ្ចេញ​មតិ មិន​សូវ​ហ៊ាន​ចេញ​មក​ធ្វើ​ឃោសនា»

មកទល់ពេលនេះ រដ្ឋសភា​មិន​ទាន់​មាន​ចំណាត់ការ​អ្វី​ទេ​ទៅ​លើ​រឿង​នេះ ។

ប្រភព​ពី​មន្ត្រី​បក្ស​ប្រឆាំង​បាន​និយាយ​ថា លោក សម រង្ស៊ី នឹង​មិន​គេច​ខ្លួន​ទៅ​ណា​ឡើយ ចំពោះ​ស្ថានភាព​បែប​នេះ ។

មន្ត្រី​ស្ថានទូត​អាមេរិក​ដដែល បាន​ទាមទារ​សុំ​ឲ្យ​អ្នកនយោបាយ​ខ្មែរ​បញ្ឈប់​ការយក​បទ​បរិហារកេរ្តិ៍​មក​ធ្វើ​ជា​រឿង​សំខាន់ ក្នុង​នាម​ខ្លួន​ជា​បុគ្គល​សាធារណៈ ដែល​ជៀស​មិន​ផុត​ពីការរិះគន់​នោះ​ឡើយ ៕