សង្គម​ស៊ីវិល​មួយ​ចំនួន​បារម្ភ​ពី​ផល​ប៉ះពាល់​លើ​ជនជាតិ​ដើម​ភាគ​តិច

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​កំពុង​ព្រួយ​បារម្ភ​ចំពោះ​ផល​ប៉ះពាល់​ទៅ​លើ​ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​ការ​រុក​រក​រ៉ែ ការ​កាប់​ដើម​ឈើ និង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ច្រើន ជាដើម។

0:00 / 0:00

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១០​នេះ លោក ឈិត សំអាត នាយក​ប្រតិបត្តិ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា មាន​ប្រសាសន៍​ថា ៖ «បញ្ហា​ជនជាតិ​ដើម​ភាគ​តិច​នេះ​កំពុង​តែ​ជា​បញ្ហា​មួយ​ដែល​ក្ដៅ​គគុក ហើយ​ដី​របស់​ពួក​គាត់​កំពុង​តែ​មាន​ការ​ចាប់​យក​ពី​សំណាក់​ក្រុមហ៊ុន អ្នក​មាន​អំណាច​មួយ​ចំនួន ហើយ​ប៉ះពាល់​ទៅ​ដល់​ប្រពៃណី​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគ​តិច។ ជា​សង្ខេប​គឺ​ថា មាន​ការ​រំលោភ​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគ​តិច​ជា​ទម្ងន់ ហើយ​បើសិន​ជា​យើង​មិន​ជួយ​ការពារ​គ្នា​ទេ វា​នឹង​អាច​បាត់បង់​នៅ​ក្នុង​ពេល​ខាង​មុខ​ឆាប់ៗ​នេះ។ បញ្ហា​ដី​ធ្លី​នេះ​គឺ​ជា​បញ្ហា​ធំ គាត់​រស់​ដោយសារ​ដី កាល​ណា​តែ​អស់​ដី គេ​យក​ដី​អស់​ហើយ មិន​ដឹង​គាត់​រស់​នៅ​ឯ​ណា​ទេ! តែ​ដី​អស់ ដើម​ឈើ​ក៏​អស់​ដែរ!»

តំណាង​ជនជាតិ​ដើម​ភាគ​តិច​ម្នាក់ លោក អ៊ំ មិច ជា​ជនជាតិ​កួយ​នៅ​ខែត្រ​កំពង់ធំ មាន​ប្រសាសន៍​ឲ្យ​ដឹង​ពី​ផល​ប៉ះពាល់​ដែល​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា​កំពុង​ទទួល​រង​នោះ​ដូច្នេះ ៖ «បញ្ហា​ព្រៃ​ឈើ ទី​២ បញ្ហា​ទំនប់​វារីអគ្គិសនី ទី​៣ បញ្ហា​ជីក​រក​រ៉ែ ទី​៤ បញ្ហា​សុខភាព ទី​៥ បញ្ហា​អប់រំ ទី​៦ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ ទី​៧ បញ្ហា​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ជនជាតិ​ដើម​ភាគ​តិច ឬ​ក៏​ក្រៅ​ពី​ជនជាតិ​ដើម​ភាគ​តិច»

តំណាង​ជនជាតិ​ដើម​ភាគ​តិច​ម្នាក់​ទៀត អ្នក​ស្រី វ៉ែន សាមីន ជនជាតិ​សួយ​នៅ​ខែត្រ​កំពង់ស្ពឺ មាន​ប្រសាសន៍​បន្ថែម​ថា ក្រៅ​ពី​មាន​ផល​ប៉ះពាល់​ដូច​ខាង​លើ​នោះ ពួក​គាត់​ក៏​ទទួល​រង​នូវ​ការ​រំលោភ​លើ​សិទ្ធិ​របស់​ពួក​គាត់​ផងដែរ។

អ្នក​ស្រី វ៉ែន សាមីន បាន​បញ្ជាក់​ថា ៖ «ដូច​តំបន់​ទាំង​អស់ ២៤​ខេត្ត​ក្រុង ប៉ះពាល់​សហគមន៍​ទាំង​អស់។ ប្រសិន​បើ​ខ្ញុំ​អត់​តវ៉ា​គឺ​អស់​រលីង គ្មាន​សល់​ទេ ហើយ​ពេល​នោះ​មិន​ឲ្យ​ខ្ញុំ​តវ៉ា​ទៀត។ ខ្ញុំ​និយាយ​ជា​ពាក្យ​ពិត មិន​បាច់​ទៅ​តវ៉ា​ទេ សូម្បី​តែ​ពួក​ខ្ញុំ​យំ ក៏​អត់​ឲ្យ​យំ​ដែរ។ អ៊ីចឹង​ហើយ​ខ្ញុំ​សូម​សំណូមពរ​ដល់​រាជ​រដ្ឋាភិបាល​សូម​ឲ្យ​ផ្អាក​ការ​សម្បទាន​ប៉ះពាល់​ទៅ​លើ​ជនជាតិ​ដើម​ភាគ​តិច...»

តំណាង​បង​ប្អូន​ជនជាតិ​ដើម​ភាគ​តិច​បាន​សំណូមពរ​ទៅ​ដល់​រដ្ឋាភិបាល​ថា មុន​នឹង​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​អភិវឌ្ឍ​នោះ សូម​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​ដល់​តំណាង​ជនជាតិ​ដើម​ភាគ​តិច​ចូលរួម​ពិគ្រោះ​យោបល់ ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព។

នាយក​ប្រតិបត្តិ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក ឈិត សំអាត បាន​ឲ្យ​ដឹង​ថា កន្លង​មក​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍ​នោះ​មាន​ទំហំ​ជិត ១​លាន​ហិកតា​រួច​ហើយ៕